COVID-19
ជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ មិនទាន់ដល់ពេលឱ្យKTV បើកវិញឡើយ
× ភ្នំពេញ៖ រដ្ឋាភិបាលមិនទាន់អាចអនុញ្ញាតឱ្យកន្លែងកម្សាន្ត ខារ៉ាអូខេ (KTV) បើកដំណើរការវិញនោះទេ។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៤ ឧសភានេះ។
ឆ្លើយតបនឹងសំនួរអ្នកកាសែតជុំវិញដំណើរការអាជីវកម្មKTVនៅកម្ពុជានោះ លោក ម៉ម ប៊ុនហេង បញ្ជាក់ថា កាលៈទេសៈនេះ ជាពេលវេលាត្រូវទប់ស្កាត់ជំងឺកូវីដ១៩ មិនមែនជាពេលដែលត្រូវការសប្បាយនោះទេ។ រដ្ឋមន្ត្រីសុខាភិបាលរូបនេះ លើកទឹកចិត្តឱ្យពលរដ្ឋដែលចូលចិត្តច្រៀងកម្សាន្តសប្បាយនោះ រៀបចំកម្មវិធីច្រៀងនៅតាមផ្ទះជាលក្ខណៈគ្រួសារ ប្រសើរជាងទៅខារ៉ាអូខេ។ បើតាមលោក ម៉ម ប៊ុនហេង ទីកន្លែងកម្សាន្ត ខារ៉ាអូខេនេះ ជាកន្លែងងាយឆ្លងជំងឺកូវីដ១៩ខ្លាំងបំផុត។
«ខារ៉ាអូខេ អត់អាហ្នឹង ក៏អត់ងាប់ដែរ» ។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង ដែលស្នើឱ្យពលរដ្ឋយោគយល់ពីស្ថានការណ៍ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា។
ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី Li Ailan បានបន្ថែមថា ក្នុងកាលៈទេសៈនេះ វាជាពេលវេលាដ៏លំបាក សម្រាប់កម្ពុជាក្នុងការអនុញ្ញាតបើកអាជីវកម្មវិញ ព្រោះមេរោគនៃជំងឺកូវីដ១៩នេះ វាអាចទំលើវត្ថុ និងទីតាំងដែលគ្មានខ្យល់ចេញចូល ជាពិសេសកន្លែងប្រមូលផ្តុំ ដូចជាKTV ជាដើម។
តែយ៉ាងណាលោកស្រី Li Ailan បានសង្កត់ធ្ងន់ថា ក្នុងករណីរដ្ឋាភិបាលចង់ឱ្យអាជីវកម្មមួយចំនួនដំណើរការវិញនោះ គឺត្រូវធ្វើឡើងមួយជំហានម្ដងៗ ដោយមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។
© រក្សាសិទ្ធិដោយ thmeythmey.com