ពីនេះ ពីនោះ
សុវត្តិភាព ចរាចរណ៍
ប្រាក់ពិន័យប្រហែលច្រើនជ្រុល ប៉ុន្តែហេតុអ្វីប្រជាជនមិនចង់គោរពច្បាប់ចរាចរណ៍?
× កិច្ចសន្ទនារបស់សុធីរ និងសំណាង ដើរតាមហេតុការណ៍របស់ប្រទេសរហូត។ ម្តងនេះ រឿងអនុវត្តការពិន័យតឹងរឹងលើបទល្មើសចរាចរណ៍។ សុធីរ និងសំណាងយល់ខុសគ្នា ហើយជជែកគ្នាតឹងសរសៃកដែរ។
សំណាង៖ រឿងយុទ្ធនាការពិន័យបទល្មើសចរាចរណ៍តាំងពីថ្ងៃ១ មកដូចនៅក្តៅរាល់ថ្ងៃ។ អញថា ពិន័យលើកនេះ ដូចធ្ងន់ធ្ងរខ្លាំងពេកហើយអ្ហា ហើយដូចប៉ះពាល់ដល់ជីវភាពអ្នកក្រីក្រច្រើនណាស់។ ឃើញប្រជាជនប្រតិកម្ម ពេញហ្វេសប៊ុក។
សុធីរ៖ អ្ហែងកុំមើលឃើញតែមួយជ្រុង ហើយយកមកនិយាយថា ជារឿងទាំងមូល។ អញមិនកាន់ជើងរឿងមន្ត្រីប៉ូលិសដែលមានអកប្បកិរិយាច្រង៉េងច្រង៉ាងនោះទេ។ ប៉ុន្តែបើ អ្ហែងមើលហ្វេសប៊ុក និងតាមដានព័ត៌មានដែរ តើអ្ហែងឃើញឡានរាប់រយគ្រឿងតម្រង់ជួរចូលឆៀកទេ? ម្ចាស់ឡានរាប់រយនាក់ទៅបន្តសុពលភាពបណ្ណបើកបររាល់ថ្ងៃ។ គ្រាន់តែថ្ងៃដំបូង ដែលប៉ូលិសចរាចរណ៍ចាប់ផ្តើមពិន័យបទល្មើសចរាចរណ៍ អ្នកបើកបរម៉ូតូរាប់ពាន់គ្រឿង ត្រូវប៉ូលិសចាប់ពិន័យ។ បើមិនបន្តឹងពេលនេះ តើបន្តឹងពេលណា?
សំណាង៖ តែខាងប៉ូលិសផ្សព្វផ្សាយពីការវិធានការនេះមិនទូលំទូលាយទេ? ពលរដ្ឋ គេថា គេមិនដឹង។
សុធីរ៖ ពិសោធន៍ច្រើនលើកហើយ គឺមួយថ្ងៃមុន ថ្ងៃអនុវត្តពិន័យ ទើបម្ចាស់យានយន្ត ម្ចាស់ម៉ូតូ ទៅធ្វើឯកសារ។ អ្ហែងក៏ធ្លាប់រអ៊ូឱ្យស្តាប់ដែរ ថាពលរដ្ឋមួយចំនួនមើលងាយជីវិតខ្លួនឯង មិនគោរពច្បាប់ចរាចរណ៍ ខ្លាចតែប៉ូលិស។ អ្ហែងថា ភ្លើងក៏ទៅ! ចំណតឡានក្រុងសាធារណៈ ក៏មានមនុស្សយកឡានទៅឈប់ពីលើ! គេមិនបត់បកក្រោយ ក៏អ្នកបើកបរយើង បកក្រោយ! គេហាមបើកបរ ហួសល្បឿន ប៉ុន្តែរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ហាញថា ការបើកបរហួសល្បឿននេះ ជាមូលហេតុចំបងមួយដែលបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ គោរពច្បាប់ចរាចរណ៍ ជាកាត្វកិច្ចរបស់ប្រជាជន ដូចត្រូវគោរពច្បាប់ទូទៅទាំងអស់ដែរ។
សំណាង៖ តែយ៉ាងណាក៏ចាំយើងស្ងប់ស្ងាត់ពីកូវីដ ខ្លះដែរ។ មកធ្វើអីពេលហ្នឹង?
សុធីរ៖ តើអ្ហែងឃើញ ពលរដ្ឋយើងឈប់ធ្វើដំណើរដែរឬទេ? នៅតាមកន្លែងកម្សាន្ត មានមនុស្សជួបជុំគ្នាច្រើនដដែល។ អ្នកស្រវឹងស្រា នៅបន្តបើកបរ បុកទ្រូងផ្លូវរាល់យប់។ បើកុំតែ ប៉ូលិសចាប់ផ្តើមអនុវត្តពិន័យ យើងមិនដឹងថា មានម្ចាស់ឡានរាប់រយគ្រឿង មានបណ្ណបើកបរហួសសុពលភាព ហើយឡានជាច្រើនគ្រឿងហួសកំណត់ពិនិត្យបច្ចេកទេសឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com