ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតក្រុមការងារជំនាញចំនួន៣ ដើម្បីតាមដានការអនុវត្តការងារ និងការប្រើប្រាស់ថវិការបស់សហព័ន្ធកីឡាជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព។ ការជួយសម្រួលបន្ទុកការងាររបស់ថ្នាក់ដឹកនាំ ក៏ជាគោលបំណង នៃការបង្កើតក្រុមការងារនេះដែរ។
ក្រសួងអប់រំ បានបង្កើតក្រុមការងារជំនាញចំនួន៣ ដើម្បីពង្រឹងការអនុវត្តការងាររបស់សហព័ន្ធកីឡាជាតិ ដែលស្ថិតក្នុងផែនការមេការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការប្រើប្រាស់ថវិកាឲ្យមានប្រសិទ្ធភាពរបស់សហព័ន្ធដែលទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមការងារជំនាញទាំង៣ មានតួនាទីជួបសំណេះសំណាល ពិនិត្យ និងតាមដានការអនុវត្តការងារ ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយនានា ជូនសហព័ន្ធដែលស្ថិតក្រោមបន្ទុករបស់ខ្លួន។
ក្រុមការងារជំនាញនីមួយៗ មានសហព័ន្ធស្ថិតក្រោមបន្ទុកចំនួន១៥រៀងៗខ្លួន។ ក្រុមការងារនេះ មានសិទ្ធិកោះហៅសហព័ន្ធកីឡាជាតិនីមួយៗ ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងារ និងជជែកពីរឿងផ្សេងៗ ជាពិសេស ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកា ដែលក្រសួងបានផ្តល់ឲ្យ។
ក្រុមការងារទី១ ដឹកនាំដោយលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដែលមានសមាជិកលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា, លោក ទុយ វិច្ឆិកា ប្រធានការិយាកីឡាទំនើប, លោក ម៉ន រ៉ា ប្រធានការិយាល័យសហប្រតិបត្តិការកីឡា, លោក សារី វាសនា អនុប្រធានការិយាល័យកីឡាប្រពៃណី និងលោក លី សុទ្ធារ៉ា មន្ត្រីការិយាល័យកីឡាទំនើប។
ក្រុមការងារទី២ ដឹកនាំដោយលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងមានសមាជិកចំនួន៥រូប រួមមានលោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា, លោក សុខ វណ្ណៈ ប្រធានការិយាល័យកីឡាមហាជន, លោក សាំង សុភ័គ អនុប្រធានការិយាល័យកីឡាទំនើប, លោក ស វិបុល អនុប្រធានការិយាល័យរដ្ឋបាល និងលោក ហ៊ុន សំណាង អនុប្រធានការិយាល័យសហប្រតិបត្តិការកីឡា។
ក្រុមការងារទី៣ ដឹកនាំដោយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយនៃអគ្គនាយកដ្ឋានកីឡា, លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា, លោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា, លោក កៅ មករា ប្រធានការិយាល័យគ្រប់គ្រងពហុកីឡដ្ឋានជាតិ, លោក អ៊ុំ សូផាណារ៉ូ អនុប្រធានការិយាល័យកីឡាទំនើប, លោក ធិន វិចិត្រ អនុប្រធានការិយាសហប្រតិបត្តិការកីឡា និងលោក ចៀន ចាន់ណាត មន្ត្រីការិយាល័យកីឡាទំនើប៕