ជាតិ
ស្ថាប័ន​ពាក់ព័ន្ធ រួមគ្នា​អភិវឌ្ឍ​ខេ​ត្ត​កែប ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​
05, May 2020 , 9:59 pm        
រូបភាព
ពីក្រសួងទេសចរណ៍
ពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នឹង​បង្កើន​គុណភាព​ផលិតផល​ក្នុងស្រុក និង​បង្កើត​ផលិតផល​ថ្មី ក្នុង​ខេត្ត​កែប ឲ្យ​កាន់​តែមាន​គុណភាព ហើយ​រៀបចំ​ផែនការ​មួយចំនួន ដើម្បី​អភិវឌ្ឍ​ខេត្ត​កែប​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​អាច​ប្រកួតប្រជែង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក​។

 
​ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​៤ ខែឧសភា លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​អភិបាលខេត្ត​កែប  បាន​អះអាង​រួមគ្នា​ថា ដើម្បី​ជំរុញ​ឲ្យ​ខេត្ត​កែប ប្រែជា​តំបន់​ទេសចរណ៍ធម្មជាតិ ក្រសួងទេសចរណ៍ នឹង​គិតគូរ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ដែលមាន​ក្រសួង​រៀបចំ​ដែនដី ក្រសួងបរិស្ថាន ក្រសួង​ប្រៃសណីយ៍ និង ក្រសួងកសិកម្ម ដោយមាន​ការចូលរួម​ពី​រដ្ឋបាលខេត្ត​ផងដែរ​។ 
 
​ផែនការ​នេះ ផ្តោតលើ​ការបង្កើន​គុណភាព​ផលិតផល​ទេសចរណ៍​ដែលមាន​ស្រាប់ និង​បង្កើត​ផលិតផល​ថ្មីៗ ដើម្បី​ទាក់ទាញ​ឲ្យ​ភ្ញៀវទេសចរ ឲ្យ​ពន្យារ​ការ​ស្នាក់នៅរបស់ទេសចរ​ ​ក្នុងប្រទេស​កម្ពុជា​កាន់តែ​យូរ​។ លើសពីនេះ ក្រសួងទេសចរណ៍ នឹង​រៀបចំ​ធនធានធម្មជាតិ និង​គ្រប់គ្រង​ហានិភ័យ​លើ​ផ្នែក​បរិស្ថាន ផ្លូវថ្នល់ ប្រព័ន្ធ​ទឹកស្អាត​ដើម្បី​ធានា​ដល់​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន និង​អាច​ឲ្យ​ភ្ញៀវទេសចរ ចងចាំ​តំបន់​ទេសចរណ៍​ខេត្ត​កែប​។ 


 ពីក្រសួងទេសចរណ៍
 
​ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ បានស្នើ​ឲ្យ​អភិបាលខេត្ត​កែប​ បង្កើត​ក្រុមការងារ​ជំនាញ គាំទ្រ និង​ចូលរួម​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ឲ្យ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​​នេះ សម្រេចបាន​សមភាព តម្លាភាព និង​ធានាបាន​និរន្តរភាព​។ 
 
​ក្រៅពី​អនុវត្ត​ផែនការ​នេះ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ក៏បាន​ស្នើ​ឲ្យ​ក្រសួងទេសចរណ៍ អភិ​វ​ឌ្ឍ​ឆ្នេរ​ខ្សាច់​ថ្មី (​ចាប់ពី​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ រហូតដល់​ព្រៃកោងកាង​) ឆ្នេរ​ខ្សាច់​អង្កោល ស្ថិតក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ បង្កើត​កំពង់ផែ​ទេសចរណ៍​ខ្នាតតូច​នៅ​កោះទន្សាយ និង​រៀបចំ​កន្ត្រក​ខ្សែ​រ៉​ត​សម្រាប់​ឲ្យ​ទេសចរ​ជិះ​កម្សាន្ត​លេង​ផងដែរ​។​
 
​បើតាម​ក្រសួងទេសចរណ៍  សេចក្តីព្រាង​ផែនការ​អភិវឌ្ឍ​ទេសចរ​ខេត្ត​កែប​នេះ ត្រូវបាន​ក្រុមការងារ​សិក្សា​រួចមកហើយ និង​កំពុង​ប្រមូល​ទិន្នន័យ ដើម្បី​បញ្ជូនទៅ​រាជរដ្ឋាភិបាល​ជា​អ្នកសម្រេច​។ ក្រោយ​ការសម្រេច​ពី​រាជរដ្ឋាភិបាល ក្រសួង​នឹង​ចាប់ផ្តើម​អភិវឌ្ឍ​ខេត្ត​កែប​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣៥​។​
 
​កន្លងមក​ក្រសួងទេសចរណ៍ ក៏បាន​កំណត់​ដាក់ឈ្មោះ​វិថី​ដូ​ហ្វី​ន​ដែល​ស្ថិតនៅក្នុង​កែប សម្រាប់​រៀបចំ​ដាក់លក់​ម្ហូបអាហារ (Food Street Standard) ផងដែរ​៕ 


 ពីក្រសួងទេសចរណ៍


Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com