COVID-19
ជាតិ
«​អនាម័យ​ដៃ គឺ​សង្គ្រោះ​ជីវិត​» ជា​ប្រធានបទ​នៃ​ទិវា​អនាម័យ​ដៃ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩
05, May 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ទិវា​អនាម័យ​ដៃ​លើក​ទី​១០ ក្រោម​ប្រធានបទ «​អនាម័យ​ដៃ គឺ​សង្គ្រោះ​ជីវិត​» នៅ​ថ្ងៃទី​៥ ខែឧសភា​នេះ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩​។


​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល កម្ពុជា​តែង​ប្រារព្វ​ទិវា​អនាម័យ​ដៃ នៅ​ថ្ងៃទី​៥ ខែឧសភា ប៉ុន្តែ​ឆ្នាំនេះ​មិនបាន​ប្រារព្វ​ទិវា​នេះ​ទេ ដោយសារ​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​។ 
 
«​អនាម័យ​ដៃ គឺ​សង្គ្រោះ​ជីវិត​» ជា​វិធានការ​មួយ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​សម្រាប់​ពិភពលោក និង​កម្ពុជា​ក្នុងការ​ទប់ស្កាត់ និង​ការការពារ​នៃ​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ និង​មេរោគ​នានា​។ ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ ត្រូវ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ ជែ​ល​លាងដៃ ដើម្បី​ការពារ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៥ ខែឧសភា​នេះ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ក្នុងចំណោម​នោះ មាន​អ្នកជា​សះស្បើយ​ចំនួន​១២០​នាក់​ហើយ​។  មកដល់​បច្ចុប្បន្ន អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំង​ពិភពលោក​កើន​ជាង​៣​លាន​នាក់ ក្នុងនោះ មាន​អ្នកជា​សះស្បើយ​ជាង ១​លាន​នាក់ និង​ស្លាប់​ជាង ២​សែន​នាក់​៕ 

Tag:
 ទិវា​អនាម័យ​
  ក្រសួងសុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com