COVID-19៖ អូស្ត្រាលី បាត់​បង់លុយ​២,៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ពេល​បិទ​ប្រទេស​
COVID-19
អន្តរជាតិ
COVID-19៖ អូស្ត្រាលី បាត់​បង់លុយ​២,៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ពេល​បិទ​ប្រទេស​
05, May 2020 , 11:29 pm        
រូបភាព
​សេដ្ឋកិច្ច​អូស្ត្រាលី បាត់​បង់លុយ​២,៥​ពាន់​លាន​ដុល្លារ​នៅ​រៀងរាល់​មួយ​សប្ដាហ៍​អំឡុងពេល​បិទ​ប្រទេស​ដោយសារ​ជំងឺ COVID-19 ។ នេះ​បើតាម​របាយការណ៍​រប​ស់​រតនាគារជាតិ​អូស្ត្រាលី​ចេញ​នៅ​ថ្ងៃទី​៥ ខែឧសភា​។ បន្ថែម​ពីលើ​ការបាត់បង់​ទឹកប្រាក់​ដែល​បណ្ដាល​ពី​ការ​គ្មាន​សកម្មភាព​សេដ្ឋកិច្ច ចំនួន​អត្រា​អ្នក​គ្មាន​ការធ្វើ​នៅ​ប្រទេស​ក៏​កើនឡើង​ផងដែរ​។

 
​អូស្ត្រាលី រង​ផលប៉ះពាល់​ខ្លាំង​លើ​សេដ្ឋកិច្ច​របស់ខ្លួន​ដោយសារ​ជំងឺ COVID-19 ។ វិធានការ​រឹតត្បិត​សកម្មភាព​សេដ្ឋកិច្ច​ក្នុងប្រទេស ធ្វើ​ឲ្យ​ប្រទេសមួយ​បាត់បង់​លុយកាក់​ច្រើនសន្ធឹក​សន្ធាប់​។ បើ​ទោះ​វិធានការ​រឹតបន្តឹង​ខ្លះ ត្រូវបាន​លើកលែង​ក្ដី ការបន្ត​អនុវត្ត​ដែល​នៅសល់ នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​ខាតបង់​ច្រើន​ដែរ​។​
 
​ប្រធាន​រតនាគារ​អូស្ត្រាលី លោក Josh Frydenberg និយាយ​ចំៗ​ថា វិធាន​ការបិទ​ប្រទេស បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច ហើយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នឹង​ធ្លាក់​១០​ភាគរយ​ក្នុង​ខែមិថុនា​ខាងមុខ​។ លោក​បញ្ជាក់ថា​៖ «​រាល់​សប្ដាហ៍​ដែល​ស្ថានភាព​បច្ចុប្បន្ន​បន្តទៅ​មុខ រតនាគារ​ប៉ាន់​ស្មានថា លុយ​ជិត​៤​ពាន់​លាន​ដុល្លារ​អូស្ត្រាលី (២,៥​ពាន់​លាន​ដុល្លារ​អាមេរិក​) នឹងត្រូវ​កាត់បន្ថយ​ពី​សកម្មភាព​សេដ្ឋកិច្ច ដោយ​បណ្ដាលមកពី​ការបាត់បង់​ការចូលរួម​កម្លាំង​ការងារ ការកាត់បន្ថយ​ផលិតកម្ម និង​ការធ្លាក់ចុះ​ការប្រើប្រាស់​។​»
 
​ទន្ទឹមនឹង​ការប៉ាន់ស្មាន​ពី​ការបាត់បង់​ទឹកប្រាក់​ក្នុង​វិស័យសេដ្ឋកិច្ច អូស្ត្រាលី​ក៏​បាត់បង់​កម្លាំង​ពលកម្ម​ដែរ​។ បើតាម​ការិយាល័យ​ស្ថិតិ​ជាតិ អូស្ត្រាលី បាត់​ការងារ​៧,៥​ភាគរយ​ដែល​ស្មើនឹង​ប្រហែល​៧​សែន​នាក់​ក្នុងចំណោម​កម្លាំង​ពលកម្ម​សកម្ម​របស់​ប្រទេស​ចំនួន​ជាង​១៣​លាន​នាក់​។ តួលេខ​នេះ គិត​ក្នុងពេល​៥​សប្ដាហ៍​មុន​ថ្ងៃទី​១៨ ខែមេសា​។ ពោល គឺ​អំឡុង​ពេលដែល​រដ្ឋាភិបាល​អនុវត្ត​វិធាន​ការបិទ​ប្រទេស​តឹងរ៉ឹង​ក្រោយ COVID-19 ផ្ដើម​រាតត្បាត​ខ្លាំង​។​
 
​លោក Frydenberg បាន​ហៅ​តួលេខ​នេះ​ថា ជាការ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ដើម្បី​ប្រជាជន​ឲ្យ​ប្រជាជនមាន​ការងារ និង​អាច​ត្រឡប់​ទៅធ្វើ​ការ​វិញ​បាន​។ យ៉ាងណាមិញ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP លោក​ក៏​ទទួលស្គាល់​ដែរ​ថា អូស្ត្រាលី​មិនទាន់​ឈានដល់​លក្ខខណ្ឌ​ដែល​អាច​បើក​ប្រទេស​ទាំងស្រុង​នៅឡើយ​ទេ​។​
 
​តាមពិតទៅ រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា បាន​បន្ធូរ​ការ​រឹតត្បិត​បណ្ដើរ​ផងដែរ​ដើម្បី​អនុញ្ញាត​ឲ្យ​អាជីវកម្ម និង​សកម្មភាព​មួយចំនួន​ដែលមាន​ហានិភ័យ​ទាប ឬ​ងាយស្រួល​អនុវត្ត​វិធានការ​គ្រប់គ្រង ដំណើរការ​ឡើងវិញ​។ នាយករដ្ឋមន្ត្រី ស្កុ​ត ម៉ូ​រី​សុន ក៏​រំពឹងថា នឹង​ប្រកាស​ផែនការ​មួយ​នៅក្នុង​សប្ដាហ៍​នេះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នានា​បើកទ្វារ​ផងដែរ​៕ 

Tag:
 អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com