COVID-19
ជាតិ
ថវិកា៩លានដុល្លារ ពីរដ្ឋមន្ត្រី និងមន្ត្រីរាជការគ្រប់ថ្នាក់ ត្រូវបានយកមកដោះស្រាយវិបត្តិកូវីដ១៩
× ភ្នំពេញ៖ ក្រសួងសុខាភិបាល បានទទួលប្រាក់ជាង៩លានដុល្លារ ពីរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាល តាមរយៈការកាត់ប្រាក់បៀវត្សរ៍តាមសទ្ធា ដល់រដ្ឋាភិបាល សម្រាប់យកទប់ស្កាត់ និងដោះស្រាយបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ថវិកាជាង៩,៣លានដុល្លារនេះ បានប្រមូលពីរដ្ឋមន្ត្រី និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៅតាមក្រសួង និងស្ថាប័ន ចំនួន៤១ ។ ថវិកាទាំងនេះ កាត់ចេញពីប្រាក់បៀវត្សរ៍ របស់សាម៉ីជន ដោយរយៈពេលឧបត្ថម្ភខុសគ្នា ចន្លោះពី១ខែ ដល់៧ខែឡើងទៅ។
ក្រសួងសុខាភិបាល ក៏ទទួលបានថវិកាពីសប្បុរសជន ជាង១៤លានដុល្លារ (ប្រើប្រាស់អស់ជាង៧លានដុល្លារ) ខណៈដៃគូអភិវឌ្ឍន៍ ក្នុងនោះមានធនាគារពិភពលោក ផ្ដល់ថវិកា២០លានដុល្លារដល់រដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ ថវិការបស់ដៃគូអភិវឌ្ឍន៍ ត្រូវបានក្រសួងសុខាភិបាល ប្រើប្រាស់អស់ជាង៨លានដុល្លារហើយ ក្នុងការទិញសម្ភារពេទ្យ។
រដ្ឋាភិបាល ក៏បានត្រៀមកញ្ចប់ថវិកា៣០លានដុល្លារ សម្រាប់ប្រើប្រាស់រយៈពេល៦ខែ និងថវិកា៦០លានដុល្លារ សម្រាប់រយៈពេល១ឆ្នាំ បើសិនជាជំងឺកូវីដ-១៩ អូសបន្លាយរយៈពេលវែង។ គិតត្រឹមថ្ងៃទី៤ ឧសភា ក្រសួងសុខាភិបាល បានទទួលថវិកា៨,៥លានដុល្លារ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់។ ក្រសួងសេដ្ឋកិច្ច ក៏បានទម្លាក់ប្រាក់ជិត៣លានដុល្លារ សម្រាប់ឧបត្ថម្ភ ដល់លោកគ្រូ-អ្នកគ្រូពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះដែរ។ គ្រូពេទ្យទាំងនោះ ទទួលបានប្រាក់ឧបត្ថម្ភ ៥០ដុល្លារក្នងមួយថ្ងៃ លើប្រាក់បៀវត្សរ៍មូលដ្ឋាន។
«មកដល់ពេលនេះ យើងបានធ្វើបុរេប្បទាន ជូនដល់មន្ទីរសុខាភិបាលខេត្តក្រុងទាំងអស់ ក៏ដូចជានាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ក៏ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យផ្សេងៗទៀត ដែលមានមន្ត្រីយើងជួរមុខ ប្រយុទ្ធប្រឆាំងកូវីដ»។ នេះជាការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
គិតត្រឹមថ្ងៃទី៥ មេសានេះ កម្ពុជានៅសល់តែអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ប៉ុណ្ណោះ ខណៈអ្នកជាសះស្បើយ១១៩នាក់។ ដ្បិតកម្ពុជា គ្មានករណីឆ្លងថ្មីជាង២០ថ្ងៃក្តី ប៉ុន្តែពលរដ្ឋកម្ពុជា ត្រូវស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្នជានិច្ច។ នេះជាការដាស់តឿន របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕
Tag:
COVID-19
មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com