ជាតិ
តំបន់​ខ្លះ​នៅ​កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់ ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១២ ខែឧសភា​
06, May 2020 , 7:19 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានភាព​អាកាសធាតុ ជ្រលង​សម្ពាធ​ទាប​ខ្សោយ​គ្រប​ដណ្ដប់​លើ​កម្ពុជា នៅតាម​តំបន់​មួយ​ដូចជា តាម​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល តាម​បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន និង​តាម​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​។​




​ការ​ព្យាករ​អាកាសធាតុ ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា នៅតាម​បណ្ដា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្ដាល សីតុណ្ហភាព​ជា​អប្បបរមា មាន​ពី​២៥-២៧​អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៥-៤១​អង្សា​។ ក្នុងនោះ​តំបន់​មួយចំនួន​នៃ​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ នៅក្នុង​កម្រិត​តិច​ទៅ​បង្គួរ ហើយ​ខេត្ត​ដទៃទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្សោយ​នៅ​តំបន់​ខ្លះ​។​
 
​ចំណែក បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹងមាន​សីតុណ្ហភាព​អប្បបរមា ពី​២៤-២៦​អង្សា ហើយ​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤-៣៧​អង្សា និង​បណ្ដា​ខេត្ត​ខ្លះទៀត​អាចមាន​ភ្លៀង​ធ្លាក់​ខ្សោយ​។ សម្រាប់​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី​២៥-២៧​អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៤-៣៦​អង្សា ហើយ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ​ទៀតផង​។ 
 
​ក្រសួង ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ការកើនឡើង​នូវ​សីតុណ្ហភាព​អប្បបរមា និង​អតិបរមា នៅ​បណ្ដា​ខេត្ត​ភាគ​ពាយព្យ​រហូត​ទៅដល់​៤០-៤១​អង្សា នា​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០៕    

© រក្សាសិទ្ធិដោយ thmeythmey.com