ជាតិ
អ្នករើសផ្លែសំរង អាចរកបានចំណូលពី២ទៅ៨លានរៀលក្នុងមួយរដូវ
× ភ្នំពេញ៖ ចន្លោះខែកុម្ភៈ និងខែមេសាជារដូវប្រមូលផ្លែសំរង ដែលដុះនៅព្រៃជ្រៅនៅភាគឦសាន ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមួយផ្នែកនៃខេត្តកោះកុង។ អ្នកដែលចូលទៅរើសផ្លែសំរងទុំ ភាគច្រើនជាងបងប្អូនជនជាតិដើមភាគតិច។ ក្នុងមួយរដូវៗ គ្រួសារជនជាតិដើមភាគតិចទាំងនោះអាចរកចំណូលបានពី២ ទៅ៨លានរៀល។ លោក ឡៃ សាម៉ៃ ជនជាតិដើមភាគតិចកាវ៉ែត និងជាអ្នករើសផ្លែសំរងនេះជាង១៥ឆ្នាំហើយ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
លោក សាម៉ៃ ដែលជាអ្នកស្រុកវើនសៃ ខេត្តរនតគិរី បានអះអាងបន្តថានៅឆ្នាំនេះ គ្រួសារលោក ដែលមានបងប្អូនឪពុកម្ដាយសរុប៥នាក់ រើសបានផ្លែសំរង ៥៤៦គីឡូក្រាម និងលក់ឲ្យឈ្មួញកណ្ដាលក្នុងតម្លៃ ១៦,០០០ ទៅ១៨០០០រៀល។ លោក ឡៃ សាម៉ៃ រៀបរាប់បន្ត៖«ពេលទៅព្រៃរើសសំរង ពួកខ្ញុំទៅជាគ្រួសារ ជួនទៅ២ ឬ៣គ្រួសារ ដែលមានផ្ទះជិតៗគ្នា។ ចូលព្រៃម្ដង១ ទៅ២អាទិត្យអី ហើយដាក់ម្ហូបអាហារទៅហូបនៅហ្នឹង។ ពេលទៅជិះម៉ូតូទៅមួយថ្ងៃ បានដល់ព្រៃសំរង កន្លែងខ្លះ ត្រូវដើរបន្តបន្ថែមមួយថ្ងៃទៀតបានដល់។ តំបន់ដើមសំរងក្នុងឃុំខ្ញុំ មានការយាមល្បាតពីមន្រី្តភូមិឃុំ មិនឱ្យមាននរណាកាប់ដើមឡើយ ទើបសល់ដើមសំរងច្រើន»។
ដើមសំរង មានរាងស្រលូន មិនសូវមានមែកបែក និងកម្ពស់ពី១០ ទៅ២៥ម៉ែត្រ។ ប្រភេទឈើហូបផ្លែនេះ ហុចផលចាប់ពីអាយុ១០ ឆ្នាំឡើងទៅ។ សំរងមួយដើម អាចផ្តល់ផលបានពី១០ ទៅ៥០គីឡូក្រាម អាស្រ័យដើមតូចឬធំ។ នេះជាការបញ្ជាក់របស់ លោក ឡៃ សាម៉ៃ។
ផ្លែសំរងទុំ អាចយកមកធ្វើជាភេសជ្ជៈ បង្អែម ដែលអាចជួយដល់សុខភាព(ត្រជាក់ក្នុង)។ បើតាម លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដើមឡើយផ្លែនេះ មានតម្រូវការតែក្នុងសហគមន៍ប៉ុណ្ណោះ តែដោយសារវាមានអត្ថប្រយោជន៍ច្រើនដល់សុខភាព ប្រជាជនតាមសហគមន៍ ក៏ផ្តើមប្រមូលផល និងចែកចាយសំរង ទៅតំបន់ផ្សេងៗនៅទូទាំងប្រទេស និងទៅប្រទេសជិតខាងទៀតផង។ ទីផ្សារសំរង មានតម្លៃពី៣០,០០០ ទៅ៣៥,០០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃខ្ពស់ និងតម្រូវការច្រើននេះហើយបានធ្វើពលរដ្ឋខ្លះ រលំដើមសំរង ដើម្បីប្រមូលផលឱ្យបានច្រើន ដោយភ្លេចគិតពីនិរន្តរភាព។ នេះជាការមើលឃើញរបស់ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មុននឹងបន្តដូច្នេះ៖«ប្រសិនជាប្រជាពលរដ្ឋ នៅតែបន្តវិធីសាស្ត្រប្រមូលផលគ្រាប់សំរង តាមរយៈការផ្ដួលរលំដើម នោះមាននឹងប្រឈមមុខនឹងការអន្តរាយ និងការបាត់បង់ពូជ ដោយសារតែការកាប់បំផ្លាញ រើសយកតែម្ដង ដើម្បីផលប្រយោជន៍តែមួយថ្ងៃ ប៉ុន្តែយើងសម្លាប់ដើមទាំងមូល ដែលត្រូវការចំណាយពេលរាប់ឆ្នាំ ដើម្បីដុះរីកធំធាត់។ នេះហើយជាបញ្ហាប្រឈម ជាមួយនឹងហានិភ័យនៃការថយចុះចំនួនដើម ឬការបាត់បង់នូវប្រភពចំណូល»។
ដ្បិតមិនទាន់មានតួលេខដើមសំរងនៅកម្ពុជា តែអ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវឲ្យពលរដ្ឋ ចូលរួមការពារដើមសំរង និងប្រមូលផលតាមបែបធម្មជាតិដែលមាននិរន្តរភាព ដោយរើសផ្លែទុំជ្រុះ ឬអង្រួន។ ក្រៅពីសំរង ដែលអាចផ្ដល់ចំណូលមធ្យម៤លានរៀល ក្នុងមួយគ្រួសារ ក្នុងមួយរដូវកាលប្រមូលផល ក៏នៅមានរុក្ខជាតិ និងបន្លែ ផ្លែឈើផ្សេងទៀត ដែលតែងតែផ្តល់ផល និងចំណូលដល់ប្រជាសហគមន៍ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com