ជាតិ
សង្គមជាតិ
លោក សម រង្ស៊ី ក៏ចូលរួមរំលែកទុក្ខដែរ ដោយរម្លឹកថា «ខ្ញុំ មិនភ្លេចពីកាយវិការដ៏ប្រពៃរបស់សម្តេច ចំពោះគ្រួសារខ្ញុំទេ»
05, May 2020 , 9:37 pm        
រូបភាព
រូបពី AFP
រូបពី AFP
ពីទីក្រុងប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី បានផ្ញើសាររំលែកទុក្ខជូនមកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ចំពោះមរណភាពរបស់ឧបាសិកា ប៊ុន ស៊ាងលី។ លោក បានបង្ហោះសាររំលែកទុក្ខ លើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៥ ខែឧសភានេះ។



ក្នុងសាររំលែកនោះ លោក សម រង្ស៊ី បានរម្លឹកថា៖«ខ្ញុំ មិនភ្លេចទេ កាលពីម្តាយក្មេកខ្ញុំ គឺលោកជំទាវ ញឹក ជូឡុង មាសកេត សមភ័ត្រ បានទទួលអនិច្ចកម្ម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេច បានហៅទូរស័ព្ទមកភរិយាខ្ញុំ នៅទីក្រុងភ្នំពេញ ដើម្បីចូលរួមរំលែកទុក្ខ ហើយសម្តេច ក៏បានឲ្យឯកឧត្តម ហ៊ុន ម៉ានី មកចូលរួមពិធីបុណ្យសពអ្នកម្តាយក្មេកខ្ញុំផងដែរ»។

លោក សម រង្ស៊ី សរសេរបន្តថា៖«ទោះជាកាលៈទេសៈនយោបាយពេលនោះ មិនបានអនុញ្ញាតឲ្យខ្ញុំ ចូលរួមក្នុងពិធីបុណ្យសពអ្នកម្តាយក្មេកខ្ញុំ ដែលខ្ញុំចាត់ទុកដូចជាម្តាយបង្កើតរបស់ខ្ញុំ យ៉ាងណាក៏ដោយ ក៏ខ្ញុំ មិនភ្លេចពីកាយវិការដ៏ប្រពៃរបស់សម្តេចនិងក្រុមគ្រួសារ ចំពោះខ្ញុំនិងក្រុមគ្រួសារខ្ញុំឡើយ»។

ចំណែកលោក កឹម សុខា ដែលជាសម្ព័ន្ធមិត្តរបស់លោក សម រង្ស៊ី បានដឹកនាំប្រតិភូ ទៅគោរពវិញ្ញាណក្ខន្ធឧបាសិកា ប៊ុន ស៊ាងលី ដោយផ្ទាល់ នៅភូមិគ្រឹះរបស់សម្តេចនាយករដ្ឋមន្រ្តី នាល្ងាចថ្ងៃទី៥ ខែឧសភានេះ។

ឧបាសិកា ប៊ុន ស៊ាងលី ដែលជាម្តាយបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាម្តាយក្មេករបស់សម្តេច ហ៊ុន សែន បានទទួលមរណភាព ក្នុងព្រះជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅម៉ោង២និង១២នាទី ទៀបភ្លឺ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។ នៅព្រឹកថ្ងៃទី៦ ខែឧសភា សព​ នឹងត្រូវដង្ហែយកទៅបញ្ចុះនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

Tag:
 សម រង្ស៊ី
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com