ជាតិ
COVID-19៖ ​កម្ពុជា​នៅតែ​គ្មាន​ករណី​ឆ្លង​ថ្មី ឯ​អ្នកជំងឺ​នៅសល់​២​នាក់​ដដែល​
06, May 2020 , 8:12 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
រូបភាពពីទំព័រហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
ដោយ: ថ្មីៗ
ភ្នំពេញ​៖ កម្ពុជានៅតែ​មិន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) ហើយ​អ្នកជំងឺ​នៅសល់តែ​២​នាក់​នោះ ក៏​មិនទាន់​សះស្បើយ​ដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៦ ឧសភា​នេះ​។​

 
​គិត​មកទល់ពេលនេះ កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៤​ថ្ងៃ​ជាប់​គ្នា​មកហើយ​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​កម្ពុជា គឺ​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ​។ នេះ​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជាក់​ដូច្នេះ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។ លោក ក៏បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត និង​បង្កើន​ការយកចិត្តទុកដាក់​ឲ្យ​ខ្ពស់ និង​អនុវត្ត​វិធាន​អនាម័យ​នានា និង​ការរក្សា​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត​ក្នុង​សហគមន៍​។ 
 
​សូមបញ្ជាក់ថា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ មាន​១២០​នាក់ ឬ​ស្មើនឹង​៩៩.៣៦​ភាគរយ ជាសះស្បើយ​។ អ្នក​សះស្បើយ​ទាំងនោះ ជនជាតិខ្មែរ ៤៩​នាក់​, បារាំង​៤០​នាក់​, ម៉ាឡេស៊ី​១៣​នាក់​,  អង់គ្លេស​៥​នាក់​, ចិន​៣​នាក់​,  អាមេរិកាំង​២​នាក់​, វៀតណាម​៣​នាក់​, ឥណ្ឌូណេស៊ី​២​នាក់​, កាណាដា​២​នាក់ និង​បែ​ល​ហ្សិ​ក​១​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com