COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
COVID-19៖ ជិត​៣០០​ករណី​ត្រឹម​១​សប្តាហ៍ ធ្វើ​ឲ្យ​រដ្ឋមន្ត្រីសុខាភិបាល​តា​ហ្ស៊ី​គី​ស្ថាន​ធ្លាក់​ពី​តំណែង​
06, May 2020 , 9:37 am        
រូបភាព
រដ្ឋមន្ត្រី​សុខាភិបាលតាហ្ស៊ីគីស្ថាន លោក Nasim Olimzoda បាន​ធ្លាក់ចេញពីតំណែងក្រោយមាន​ករណីឆ្លងកូវីដ១៩ជិត៣០០ករណីក្នុង១សប្តាហ៍។ រូបថត asiaplustj
រដ្ឋមន្ត្រី​សុខាភិបាលតាហ្ស៊ីគីស្ថាន លោក Nasim Olimzoda បាន​ធ្លាក់ចេញពីតំណែងក្រោយមាន​ករណីឆ្លងកូវីដ១៩ជិត៣០០ករណីក្នុង១សប្តាហ៍។ រូបថត asiaplustj
រដ្ឋមន្ត្រី​សុខាភិបាល​តា​ហ្ស៊ី​គី​ស្ថាន​លោក Nasim Olimzoda ត្រូវបាន​បញ្ចប់​ពី​តំណែង​របស់ខ្លួន​ នៅ​ថ្ងៃទី​៥ ខែឧសភា បន្ទាប់ពី​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ប្រទេស​តំបន់​អាស៊ី​កណ្ដាល​មួយ​នេះ ឡើង​ជិត​ដល់​៣០០​ករណី​ ក្នុង​រយៈពេល​ត្រឹម​មួយ​សប្ដាហ៍​ ក្រោយ​ការប្រកាស​ករណី​ឆ្លង​ដំបូង​។ មុន​ការ​ផ្ទុះឡើង​ករណី​ឆ្លង​នេះ អាជ្ញាធរ​តា​ហ្ស៊ី​គី​ស្ថាន តែង​ទាត់ចោល​ក្ដីបារម្ភ​ ពី​ការ​រាលដាល និង​មិនសូវ​អើពើ​ ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់​ខ្លាំងក្លា​ឡើយ​។​



​តា​ហ្ស៊ី​គី​ស្ថាន បានប្រកាស​ពី​ករណី​ឆ្លង COVID-19 ដំបូង​នៅ​ថ្ងៃទី​៣០ ខែមេសា ដោយមាន​១៥​ករណី​តែម្ដង បន្ទាប់ពី​អះអាងថា ខ្លួន​មិនមាន​ករណី​ឆ្លង COVID-19 ពីមុន​ឡើយ​។ មួយ​សប្ដាហ៍​បន្ទាប់ ករណី​ឆ្លង​ក៏បាន​កើន​ឥតឈប់ឈរ​។ នៅ​ថ្ងៃទី​៥ ខែឧសភា ករណី​ឆ្លង COVID-19 ក្នុងប្រទេស​នេះ បាន​ហក់​ឡើងដល់​២៩៣​នាក់ និង​ស្លាប់​៥​នាក់​។​

​ជាមួយនឹង​ការកើនឡើង​លឿន​បែបនេះ ប្រធានាធិបតី​តា​ហ្ស៊ី​គី​ស្ថាន Emomali Rakhmon ក៏​ប្ដូរ​រដ្ឋមន្ត្រី​សុខាភិបាល​តែម្ដង​។ ការិយាល័យ​លោក Rakhmon បញ្ជាក់ថា លោក Nasim Olimzoda ត្រូវបាន​ដាក់ជំនួស​ដោ​យ​វេជ្ជបណ្ឌិត​ម្នាក់ទៀត​ ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

​ការិយាល័យ​ប្រធានាធិបតី​តា​ហ្ស៊ី​គី​ស្ថាន មិនបាន​បញ្ជាក់​ហេតុផល ​នៃ​ការផ្លាស់ប្ដូរ​នេះ​ទេ ដោយបាន​ត្រឹម​បញ្ជាក់ថា លោក Olimzoda ត្រូវ​កាន់តំណែង​ថ្មី​។ យ៉ាងណាមិញ លោក Olimzoda អស់តំណែង​បែបនេះ ​ដោយ​ទទួលខុសត្រូវ​ចំពោះ​ការឆ្លង​រាលដាល​យ៉ាង​រហ័ស ​របស់​ជំងឺ COVID-19 ក្នុងប្រទេស​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា ក្នុងចំណោម​អ្នក​ឆ្លង​មាន​អ្នកជំនួញ មន្ត្រី​យោធា អ្នកនយោបាយ​ជាន់ខ្ពស់ ប៉ុន្តែ​ទិន្នន័យ​នេះ មិន​ត្រូវបាន​រាយការណ៍​ជា​ផ្លូវការ​ឡើយ​។​

​តា​ហ្ស៊ី​គី​ស្ថាន ដែល​ត្រូវ​ចាត់ទុកជា​ប្រទេស​ផ្ដាច់ការ ​ដែលមាន​ព្រំដែន​ជាប់​ចិន បាន​ចាត់វិធានការ​តាំងពីដើម​ខែកុម្ ភៈ​ដើម្បី​ទប់ទល់ COVID-19 ។ ទាំង​ជនជាតិ​តា​ហ្ស៊ី​គី​ស្ថាន ទាំង​ជនបរទេស ត្រូវ​នៅ​ដោយឡែក​ពេល​ចូល​ប្រទេស​នេះ​។

​នៅ​អាស៊ី​កណ្ដាល​ ដែលជា​ទឹកដី​អតីត​សហភាពសូវៀត នៅសល់តែ​តួ​កមេ​នី​ស្ថាន​មួយប៉ុណ្ណោះ ​ដែល​មិនទាន់​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ។ តួ​កមេ​នី​ស្ថាន ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​តិចតួច​បំផុត​ដែរ ដែល​មិនទាន់មាន​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​៕








© រក្សាសិទ្ធិដោយ thmeythmey.com