COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
សង្គមជាតិ
លោក គង់ រតនៈ ៖ វិធានការ​ចរាចរណ៍​ល្អ ប៉ុន្តែ​មិនគួរ​អនុវត្ត​ក្នុងស្ថានភាព​កូ​វីដ​-១៩ ឡើយ​
06, May 2020 , 11:30 am        
រូបភាព
​ភ្នំពេញ​៖  ក្នុង​សា្ថ​ន​ភាព​ដែល​ពលរដ្ឋ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ដោយមាន​អ្នកខ្លះ​បាត់បង់​ចំណូល​, ខ្លះទៀត​បាត់បង់​ការងា​រ ដោយសារតែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) រដ្ឋាភិបាល​មិនគួរ​អនុវត្ត​ការផាកពិន័យ​អន្តរការណ៍ (​ពិន័យ​ប្រាក់​ពី​តិច​ទៅ​ច្រើន​លើសពី​ទ្វេដង​) ចំពោះ​ការ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ ដោយ​បន្តថា ការអនុវត្ត​នៃ​ការផាកពិន័យ​ថ្មី​នេះ អាច​រង់ចាំ​ដល់​កម្ពុជា និង​ពិភពលោក ស្ងប់ស្ងាត់​ពី​កូ​វីដ​-១៩ ល្អប្រសើរ​សិន ចាំ​អនុវត្ត​ក៏​មិន​ហួសពេល​ដែរ​។​

 
​លោក រតនៈ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ថា លោក ពេញ​ចិត្តនឹង​ការកែតម្រូវ​នៃ​ការផាកពិន័យ​ថ្មី​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ជា​អតិប្បរិមា​។ ជាពិសេស​គឺ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ តែម្តង​។ បើតាម​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​រូបនេះ  ថ្វី​ដ្បិត​ពេញ​នឹង​ការផាកពិន័យ​អន្ត​ការណ៍​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​សព្វថ្ងៃនេះ​ក៏ពិតមែន ប៉ុន្តែ​លោក​មិន​ពេញ​ចិត្តនឹង​រដ្ឋាភិបាល យក​ការពិន័យ​ថ្មី​នៃ​ច្បាប់​ចរាចរណ៍​នេះ មក​អនុវត្ត​ក្នុងស្ថានភាព​ដែល​ពលរដ្ឋ​កំពុង​ព្រួយបារម្ភ និង​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ឡើយ​។ 
 
​សូម​ស្តាប់​កិច្ច​សម្ភាស​រវាង លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ ជាមួយ កញ្ញា  អ៊ូ សុខ​មាន នៃ​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) តាម​ទូរ​សព្ទ​ដូចតទៅ​៖



 
​លោក​បាន​បន្តថា ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​កូ​វីដ​-១៩ រដ្ឋាភិបាល​គួរតែ​ឱកាស​នេះ​ផ្សព្វផ្សាយ​ការផាកពិន័យ​ថ្មី​នៃ​ច្បាប់​ចរាចរណ៍​ឱ្យបាន​ទូលំទូលាយ ដើម្បីឱ្យ​ពលរដ្ឋ​ដឹង និង​យល់​ពី​វិធីសាស្ត្រ ថា​តើ​ធ្វើយ៉ាងណា​ឱ្យមាន​សុវត្ថិភាព​នៅពេល​ពួកគាត់​ធ្វើដំណើរ ត្រូវមាន​ឯកសារ​និង​សម្ភារ​អ្វីខ្លះ ក្នុងការ​ត្រៀមខ្លួន​ជាស​ម្រេច​នៃ​ការពង្រឹង​ច្បាប់​ចរាចរណ៍ ពី​សំណាក់​អាជ្ញា​រធរ​។  
 
«​ខ្ញុំ​ក៏​បុគ្គល​ម្នាក់​បាន​លើកដៃ​សំណូមពរ​(​រដ្ឋាភិបាល​)​សុំ​ពន្យារពេល​ឱ្យបាន​ធូរស្រាល​នឹង​ជំងឺ​កូ​វីដ​-១៩ សិន​ចាប់​អនុវត្ត​ក៏​មិន​យឹត​ពេល​ដែរ​»​។ បើតាម​លោក គង់ រតនៈ ការសុំ​ពន្យារពេល​ការអនុវត្ត​ពិន័យ​អន្ត​ការណ៍​ចំពោះ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ព្រោះតែ​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​កូ​វីដ​-១៩ ដោយមាន​អ្នកខ្លះ​បាត់បង់​ប្រាក់ចំណូល ហើយ​ខ្លះទៀត​ឈានដល់​បាត់បង់​ការងារ​ទៅទៀត​។ ដូច្នេះ​ប្រសិនបើ​ពលរដ្ឋ​ធ្វើ​ខុស​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​ប្រការ​ណាមួយ ទឹកប្រាក់​នៃ​ការពិន័យ​ថ្មី​នេះ គឺ​ច្រើន​សម្រាប់​ពួកគាត់​។ 


 លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍។ ប្រភពរូប៖ រាជបណ្ឌិតសភាកម្ពុជា។
 
​លោក គង់ រតនៈ បាន​និយាយ​ដូច្នេះ​៖ «​យើង​ចង់បាន​ប្រទេស​យើង​មាន​សុវត្ថិភាព ប៉ុន្តែ​ទន្ទឹមនឹង​សុវត្ថិភាព​នោះ ប្រសិនបើ​គាត់​(​ពលរដ្ឋ​)​អត់បាយ​ច្រក​ឆ្នាំង ប្រសិនបើ​គាត់​ប្រឈមមុខ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ ថា​តើ យក​សុវត្ថិភាព​ហ្នឹង​មក​បាន​អី​។ កន្លែង​ហ្នឹង​គឺជា​រឿង​ដែល​សំខាន់​»​។   លោក​បាន​បន្តថា​៖«​សម្រាប់​ខ្ញុំ ពេលនេះ​គឺ​អត់​សាក​សម​[​នឹង​អនុវត្ត​ការផាកពិន័យ​ថ្មី​]​ទេ វា​គួរតែមាន​ការពន្យារពេល​»​។​
 
​ចាប់តាំងពី​ថ្ងៃទី​១​ឧសភា ឆ្នាំ​២០២០​មក កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស បាន​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​របស់​ប្រជាពលរដ្ឋ ដោយ​អនុវត្តតាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក​(​ថ្មី​)​ដែល​ចុះ​ថ្ងៃទី​១៧ ខែមីនា ដែលមាន​ការផាកពិន័យ​ជា​ប្រាក់​ច្រើនជាង​មុន​ពី​៣​ទៅ​៥ ដង​៕ 





Tag:
 ចរាចរណ៍​
  លោក គង់ រតនៈ
© រក្សាសិទ្ធិដោយ thmeythmey.com