ជាតិ
សង្គមជាតិ
ជំនួយការ៖ សម្តេច ហ៊ុន សែន និង លោក កឹម សុខា សំណេះសំណាលគ្នាជិត៥០នាទី ពីសុខទុក្ខពលរដ្ឋ រូបពីទំព័រហ្វេសប៊ុក Chantha Muth
× លោក មុត ចន្ថា ជំនួយការនិងជាមនុស្សស្និទ្ធរបស់លោក កឹម សុខា បង្ហោះសារលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក កឹម សុខា បានសំណេះសំណាលគ្នាអស់រយៈពេលជិត៥០នាទី អំពីសុខទុក្ខ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។ លោក កឹម សុខា និង សម្តេចនាយករដ្ឋមន្រ្តី មានឱកាសជួបគ្នា នៅពេលលោក កឹម សុខា ទៅគោរពវិញ្ញាណក្ខន្ធម្តាយក្មេករបស់សម្តេច កាលពីល្ងាចថ្ងៃទី៥ ខែឧសភា។
លោក មុត ចន្ថា ដែលបានរួមដំណើរជាមួយលោក កឹម សុខា សរសេរថា លោក កឹម សុខា បានសម្តែងការសោកស្តាយជាមួយសម្តេច ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ចំពោះការបាត់បង់ឧបាសិកា ប៊ុន ស៊ាងលី។ ឧបាសិកា ប៊ុន ស៊ាងលី ដែលជាម្តាយបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាម្តាយក្មេករបស់សម្តេច ហ៊ុន សែន បានទទួលមរណភាព ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ កាលពីម៉ោងជាង២ ទៀបភ្លឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
លោក មុត ចន្ថា សរសេរដូច្នេះថា៖«ឯកឧត្តម កឹម សុខា តែងតែប្រកាន់ខ្ជាប់នូវមនោសញ្ចេតនាប្រកបដោយភាតរភាព ព្រហ្មវិហារធម៌ និងស្មារតីខ្មែរតែមួយ ជាពិសេស ក្នុងកាលៈទេសៈដែលមានទុក្ខលំបាក»។
អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ដែលបានទៅគោរពវិញ្ញាណក្ខន្ធឧបាសិកា ប៊ុន ស៊ាងលី ដែរនោះ បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ជុំវិញការពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តីនិងលោក កឹម សុខា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ អ្នកស្រី មានប្រសាសន៍ថា៖«ខ្ញុំ អង្គុយឆ្ងាយពីពួកគាត់ ខ្ញុំ មិនឮពួកគាត់និយាយគ្នាពីអ្វីខ្លះទេ»។
យ៉ាណា គេ អាចវាយតម្លៃថា ជំនួបរបស់មេដឹកនាំកាន់អំណាចនិងមេដឹកនាំអតីតគណបក្សប្រឆាំង ដោយបានសម្តែងភាពជិតស្និទ្ធជាមួយគ្នានាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលនាំឲ្យមានភាពត្រូវរ៉ូវគ្នាឡើងវិញរវាងអ្នកនយោបាយខ្មែរ បន្ទាប់ពីទាស់គ្នាស្ទើរពេញមួយអាណត្តិមក។
លោក កឹម សុខា មិនបានប្រាប់សាធារណជនថា លោក និង សម្តេចនាយករដ្ឋមន្រ្តី បានជជែកគ្នាពីបញ្ហាអ្វីខ្លះឡើយ។ តាមរយៈទំព័រហ្វេសប៊ុក លោក គ្រាន់តែយកវីដេអូរបស់ទូរទស្សន៍បាយន្ត ទៅបង្ហោះ ដោយសរសេរថា លោក បានទៅគោរពវិញ្ញាណក្ខន្ធម្តាយក្មេករបស់សម្តេចនាយករដ្ឋមន្រ្តី។
ចំណែក លោក សម រង្ស៊ី ឯណោះវិញ ដែលកំពុងរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ក៏បានផ្ញើសាររំលែកទុក្ខជូនមកសម្តេចនាយករដ្ឋមន្រ្តីនិងភរិយាផងដែរ។
បច្ចុប្បន្ន លោក កឹម សុខា កំពុងមានឈ្មោះជាជនជាប់ចោទ ក្នុងបទសន្ទិដ្ឋិភាពជាមួយបរទេស។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា បានប៉ុន្មានសប្តាហ៍រួចមកហើយ តែក្រោយមក លោក ស្នើឲ្យផ្អាក ដោយរង់ចាំជំងឺកូវីដ-១៩ ធូរស្បើយសិន៕ Tag:
ហ៊ុន សែន
កឹម សុខា
មុត ចត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com