អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ប្រកាស​ជោគជ័យ​លើ​ការ​បង្ហោះ​យានអវកាស ដើម្បី​ឈានទៅ​ធ្វើ​ប្រតិបត្តិការ​ស្ថានីយ៍​ទី​លំហ
06, May 2020 , 1:51 pm        
រូបភាព
រ៉ុក្កែតផ្ទុកយានអវកាស Long March 5B របស់ចិន-AFP
រ៉ុក្កែតផ្ទុកយានអវកាស Long March 5B របស់ចិន-AFP
ដោយ:
​ចិន​នៅ​ថ្ងៃទី​៥ ខែឧសភា បាន​បង្ហោះ​រ៉ុក្កែត​អវកាស និង យានអវកាស​គំរូ​សាកល្បង​បាន​យ៉ាង​ជោគជ័យ​។ ការបាញ់​បង្ហោះ​នេះ ត្រូវបាន​ចាត់ទុកជា​កា​រ​ធ្វើតេស្ត​ដ៏​សំខាន់ ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​ចិន ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ស្ថានីយ​អវកាស​អចិន្ត្រៃយ៍ និង​ការបញ្ជូន​អវកាសយានិក​ទៅ​ព្រះ​ចន្ទ​។

 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua រ៉ុក្កែត Long March-5B បាន​ហោះ​ចេញពី​មូលដ្ឋាន​បង្ហោះ​យានអវកាស​ខាងត្បូង​កោះ​ហៃ​ណាន ហើយ​៨​នាទី​បន្ទាប់មក យានអវកាស​គំរូ​សាកល្បង​បាន​ផ្តាច់​ចេញពី​រ៉ុក្កែត​យ៉ាង​ជោគជ័យ ដោយបាន​ហោះចូល​គន្លង​ដែល​បាន​ត្រៀម​ទុក​។ មិនតែប៉ុណ្ណោះ ផ្នែក​ផ្ទុក​សម្ភារ​សាកល្បង ក៏បាន​ផ្តាច់​ចេញពី​យានអវកាស​ដោយ​ជោគជ័យ​ផងដែរ​។​
 
​នេះ​ជាការ​សាកល្បង​ដ៏​ធំ​មួយ​របស់​ចិន ដើម្បី​សម្លឹង​ឃើញ​លទ្ធភាព ​នៃ​ថ្ងៃ​ខាងមុខ​ដែល​យានអវកាស​របស់​ចិន នឹង​ដឹកជញ្ជូន​អវកាសយានិក​ទៅកាន់​ទី​លំហ ក្រោយ​ពេលដែល​ស្ថានីយ​អវកាស​របស់​ចិន​​​រួចរាល់​នៅ​ឆ្នាំ​២០២២ ខណៈ​ឋាន​ព្រះ​ចន្ទ ជាទី​គោលដៅ​បន្ទាប់​របស់​ចិន​។  យានអវកាស​របស់​ចិន​នេះ នឹងមាន​សមត្ថភាព​ផ្ទុក​អវកាសយានិក​ចំនួន​៦​រូប​។​
 
​ដកស្រង់​ស​ម្តី្ដ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន  Xinhua កាលពី​ខែមីនា លោក Yang Qing ដែលជា​អ្នក​រចនា​យានអវកាស​នៅ​សភា​បច្ចេកវិទ្យា​អវកាស​ចិន និយាយថា បេសកកម្ម​បង្ហោះ​យាន គឺជា​ការ​ធ្វើតេស្ត​បច្ចេកវិទ្យា​សំខាន់ រួមមាន​ការចូល​បរិ​យា​កាស​ផែនដី​វិញ ការការពារ​កម្តៅ និង​បច្ចេកវិទ្យា​ស្វែងរក​។​
 
​គិត​មកដល់ពេលនេះ អាមេរិក​ជា​ប្រទេស​តែមួយគត់ ​ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​ព្រះ​ចន្ទ ប៉ុន្តែ​ចិន​ក៏មាន​មហិច្ឆតា​ចង់​តាម​ឲ្យ​ទាន់​អាមេរិក​ដែរ​។ ​ជាក់ស្តែង តាំងតែ​ពី​ឆ្នាំ​១៩៩៩ មក​ចិន​បាន​បង្ហោះ​យាន​អាវ​កាស​ជាច្រើន​ដង បញ្ជូន​អាវ​កាស​យានិក​ទៅក្នុង​លំហ បង្ហោះ​ផ្កាយរណប និង​ជា​ប្រទេស​ដំបូងបង្អស់​ដែល​បញ្ជូន​យាន​រុករក ​ទៅ​ជ្រុង​ងងឹត​របស់​ព្រះ​ចន្ទ ក្នុង​ឆ្នាំ​២០១៩ ។ ចិន​ក៏មាន​គម្រោង​បញ្ជូន​អវកាសយានិក​ ទៅ​ព្រះ​ចន្ទ​នៅ​១០ ឆ្នាំ​ខាងមុខ និង​បង្កើត​មូលដ្ឋាន​នៅ​ទីនោះ​។​
 
​បន្ថែម​ពីនេះ ចិន​ចាប់ផ្តើម​ផ្គុំ​ស្ថានីយ​អវកាស Tiangong ដែល​មានន័យថា​វិមាន​ឋានសួគ៌ នៅ​ឆ្នាំ​២០២០ នេះ និង​បញ្ចប់​នៅ​ឆ្នាំ​២០២២​។ ស្ថានីយ​អវកាស​នេះ នឹងមាន​៣​ផ្នែក ដែល​១​ផ្នែក​សម្រាប់​ការ​ស្នាក់នៅ និង​ធ្វើការ រីឯ​២​ផ្នែក​ទៀត​សម្រាប់​ពិសោធន៍​វិទ្យាសាស្ត្រ​។​
 
​ផែនការ​ធំ​បន្ទាប់​របស់​ចិន គឺ​ការបញ្ជូន​យាន​ទៅ​ភព​អង្គារ ដែល​រំពឹងថា នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ផងដែរ​។​​ លោក​Chen Lan អ្នកវិភាគ​ឯករាជ្យ​ជំនាញ​ លើ​កម្មវិធី​អវកាស​ចិន ​និយាយថា ចិន​នឹងមាន​សមត្ថភាព​នាំមុខ​ជប៉ុន និង​អឺរ៉ុប​ក្នុងការ​ដឹកជញ្ជូន​មនុស្ស​ទៅ​អវកាស​។ លោក​បន្ថែមថា ចិន បាន​តាម​ទាន់​អាមេរិក​ក្នុង​វិស័យ​អវកាស​ខ្លះ ដូចជា​ការសង្កេត​ភពផែនដី និង​ការកំណត់​ទីតាំង​បង្ហោះ​យាន ប៉ុន្តែ​គម្លាត​រវាង​ចិន និង​អាមេរិក​នៅ​ឆ្ងាយ​ណាស់ ​ក្នុង​រុករក​អវកាស និង​ការដឹកជញ្ជូណ​មនុស្ស​ទៅ​អវកាស​៕

© រក្សាសិទ្ធិដោយ thmeythmey.com