ទស្សនៈ​៖ តួនាទី​វត្ត​អារាម​ក្នុង​ការកសាង​សង្គម​ខ្មែរ​
ជាតិ
ទស្សនៈ​៖ តួនាទី​វត្ត​អារាម​ក្នុង​ការកសាង​សង្គម​ខ្មែរ​
06, May 2020 , 2:59 pm        
រូបភាព
រូបថត៖ គឹម បញ្ញារតន៍
រូបថត៖ គឹម បញ្ញារតន៍
(​ភ្នំពេញ​)៖ តាំងតែ​ពី​ដើម​រហូតដល់​បច្ចុប្បន្ន វត្ត​អារាម​ព្រះពុទ្ធសាសនា បាន​ចូលរួម​អភិវឌ្ឍ​សង្គម​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ​រួមមាន​៖ អប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌​ជាដើម​។



ថ្នាក់ដឹកនាំ​ជាច្រើនរូប រួមទាំង​ស​មេ្ត​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សុទ្ធ​តែមាន​ប្រវត្តិ​ជា​ក្មេង​វត្ត និង ទទួល​ការអប់រំ បណ្តុះបណ្តាល​ពី​វត្ត​អារាម​ដែលមាន​ព្រះសង្ឃ​ជា​គ្រូ​។​
 
​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​៩០​ភាគរយ ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះពុទ្ធសាសនា ហើយ​វត្ត​អារាម​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​ខ្មែរ ក្នុងនោះ​រួមមាន​៖
 
​ទី​១៖ ក្រៅពី​ជា​កន្លែង​ប្រារព្ធ​ពិធី​បែប​សាសនា វត្ត​អារាម ត្រូវបាន​ចាត់ទុក​ជាទី​ថែរក្សា​នូវ​អត្តសញ្ញាណ និង​វប្បធម៌​ខ្មែរ​។​
 
​ទី​២៖ វត្ត​អារាម​ជាទី​ជម្រក​ស្នាក់អាស្រ័យ​របស់​សិស្ស​-​និស្សិត​ក្រីក្រ មកពី​ខេត្ត​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការជួល​ផ្ទះ​បន្ត​ការសិក្សា​នៅ​ទីក្រុង​។ វត្ត​ជាទី​ពំនាក់​អាស្រ័យ កុមារកំព្រា ចាស់ជរា សិស្សានុសិស្ស និង​កូនចៅ​របស់​ប្រជារាស្ត្រ​ក្រីក្រ ។​
 
​ទី​៣៖ វត្ត​អារាម​ក៏​អាច​ដើរតួនាទី​ជាម​ន្ទី​ពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​ចិត្ត និង​ជា​កន្លែង​សម្រាប់​ប្រជុំ​របស់​ប្រជាជន​គ្រប់រូប​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​វ័យ​ដោយ​គ្មាន​រើសអើង​ពណ៌​សម្បុរ សញ្ជាតិ ឋាន​:​សង្គម ដោយ​ឥត​ប្រកាន់​មាន ក្រ ឬ​មាន​ជំនឿ​ផ្សេងៗ ដើម្បី​ជួយ​កសាង​សង្គម ដូចជា​ស្ពាន ថ្នល់ សាលារៀន មន្ទី​ពេទ្យ ស្រះ​ទឹក អណ្តូងទឹក និង​ដាំ​ដើមឈើ​មានតម្លៃ ឈើ​ហូប​ផ្លែ ឈើ​សម្រាប់​ធ្វើជា​ឧស​ថ​ជាដើម​។​
 
​ទី​៤៖ វត្ត​ជាឃ្លាំង​ចំណេះដឹង ជា​បណ្ណាល័យ ជា​សារមន្ទីរ​នៃ​វប្បធម៌ និង​អរិយធម៌​ដោយ​ឥត​ប្រកាន់​និន្នាការ​នយោបាយ​។ នៅ​គ្រប់​សម័យកាល វត្ត​អារាម​ផ្តល់នូវ​ការអប់រំ​ផ្នែក​អក្សរសាស្ត្រ លេខ​ន​ពន្ធ និង​ចំណេះដឹង​ផ្សេងៗ​ចាំបាច់​សម្រាប់​ប្រើ​ក្នុង​ជីវិត​។ ជា​ឧទាហរណ៍ អ្នកនិពន្ធ​ជនជាតិខ្មែរ​យើង​ឆ្នើមៗ និង​សិល្បករ​ល្បីៗ​ពី​ជំនាន់​បុរាណ សុទ្ធតែ​បានទទួល​ការបណ្តុះបណ្តាល​នៅក្នុង​វត្ត​។​
 
​ទី​៥៖ វត្ត​អារាម​ជា​កន្លែង​បង្រៀន​អប់រំ​កាយ វាចា ចិត្ត និង​បណ្តុះបណ្តាល​មហាជន​ទូទៅ​ឲ្យ​កើតមាន​មេត្តា ករុណា ប្រាសចាក​លោភៈ ទោសៈ មោហៈ ដើម្បី​ឲ្យ​រួច​ចាក​ផុតពី​សេចក្តី​ទុក្ខ​។ ការបង្រៀន​របស់​ព្រះអង្គ និង​ព្រះសង្ឃ​បាន​ផ្តោត​សំខាន់​ទៅលើ​សង្គហធម៌ តួនាទី​រវាង​មាតាបិតា និង​បុត្រ​ធីតា រវាង​គ្រូ និង​សិស្ស រវាង​ស្វាមី និង​ភរិយា រវាង​មិត្ត​និង​មិត្ត រវាង​និយោជក និង​និ​យោ​ជិ​ក រវាង​អ្នកដឹកនាំ និង​ប្រជារាស្ត្រ រវាង​ភិក្ខុសង្ឃ និង​ឧបាសក ឧបាសិកា ។​
 
​ទោះជា​យ៉ាងណា វត្ត​អារាម​បច្ចុប្បន្ន​គួរ​ពង្រឹង និង ពង្រីក​សមត្ថភាព​ក្នុងការ​រួមចំណែក​កសាង​សង្គម​កម្ពុជា​។ ព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​បាន​មានប្រសាសន៍ថា​៖ «​តាម​វត្ត​អារាម​គួរតែ​កុំ​កសាង​ដុំថ្ម​ដែល​មិនសូវមាន​ការចាំបាច់​ច្រើនពេក​។ គួរ​នាំគ្នា​ងាក​មក​កសាង​មនុស្ស​សិលា គឺ​មនុស្ស​ដែលមាន​ចំណេះដឹង មនសិការ និង​ចិត្ត​រឹងប៉ឹង​ដូចជា​សិលា​ឱ្យ​ច្រើន​ទើប​ប្រសើរ​»​។ នេះ​បើ​យោងតាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ធម្ម​វិន័យ​។​
 
​លោក​ព្រឹទ្ធាចារ្យ​ដ៏​ឆ្នើម​ក្នុងការ​អប់រំ លើកតម្កើង​សិល្បៈ​វប្បធម៌ បាន​ណែនាំ​ឱ្យ​គ្រប់​វត្ត​ត្រូវតែមាន គឺ​សាលា​ទ្រឹស្តី (​សាលា​បាលី​) សាលា​ពិសោធន៍​ទ្រឹស្តី (​សាលា​វិបស្សនា​) បណ្ណាល័យ (​ឃ្លាំង​ផ្ទុក​ឯកសារ​) ការបង្រៀន​អក្សរសាស្ត្រ របៀប​សរសេរ​កំណាព្យ និង របៀប​សូត្រ​កំណាព្យ​ឱ្យបាន​ត្រឹមត្រូវ និង ការបង្ហាត់​ភ្លេង​មាន​ជាច្រើន​ទម្រង់ ដើម្បីឱ្យ​សាក​សម​នឹង​កិត្តិនាម​ថា «​វត្ត​ជា​ជង្រុក​នៃ​វប្បធម៌​»​។​
 
​ព្រឹទ្ធាចារ្យ ឆេង ផុន ក៏​ធ្លាប់បាន​ក្រើន​រំលឹកថា អ្នកបួស​មុននឹង​ឆាន់ចង្ហាន់​គប្បី​ពិចារណា​ថា «​ដុំ​បាយ​ទាំងនេះ​មិនមែន​បានមកពី​មនុស្ស​ខ្ជិល​ទេ គឺ​បានមកពី​មនុស្ស​ឧស្សាហ៍​ខ្នះខ្នែង ប្រឹងប្រែង​ប្រាកដ​ណាស់​។ ដូច្នេះ​អាត្មាអញ​បរិ​ភាគ​ហើយ​ត្រូវ​ធ្វើជា​ប្រយោជន៍​ដល់​ជន​ទាំងឡាយ​នោះ​វិញ​»​។​
 
​វត្ត​អារាម​ពុទ្ធសាសនា មាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​សម្រាល​ប​ន្ទុ​ក​សេដ្ឋកិច្ច​រដ្ឋ​មួយកម្រិត និង​ជួយ​ដោះស្រាយ​បញ្ហា​នានា​ក្នុងសង្គម​។ សង្គម​ខ្មែរ​នឹង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​ប្រសិនបើ​មាន​វត្ត​អារាម​កាន់តែច្រើន​អនុវត្តតាម​អនុសាសន៍​របស់​ព្រឹទ្ធាចារ្យ ឆេង ផុន​។​
 
​ដោយ​៖ វរ្ម័ន​

រូបថត៖ គឹម បញ្ញារតន៍





© រក្សាសិទ្ធិដោយ thmeythmey.com