COVID-19
អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ សារភាពថា បើកសេដ្ឋកិច្ចអាមេរិកឡើងវិញនឹងធ្វើឲ្យមានមនុស្សស្លាប់បន្ថែម លោក ដូណាល់ ត្រាំ អំឡុងទស្សនកិច្ចក្នុងរោងចក្រផលិតម៉ាស់ ថ្ងៃទី៥ ខែឧសភា (AFP)
× ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយដោយឥតលាក់លៀមថា ប្រជាជនអាមេរិកច្រើនថែមទៀត នឹងបាត់បង់ជីវិត ក្រោយសហរដ្ឋអាមេរិកសម្រេចបើកសេដ្ឋកិច្ចឡើងវិញ។ ប៉ុន្តែមេដឹកនាំរូបនេះ ចចេសមើលស្រាលគំរាមកំហែងនៃជំងឺ COVID-19 ដោយបដិសេធពាក់ម៉ាស់ការពារ ទោះបីជាលោកបានធ្វើទស្សនកិច្ច នៅរោងចក្រផលិតម៉ាស់ក៏ដោយក្តី។
ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន នៅថ្ងៃទី៥ ខែឧសភា លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា ការដកហូតចំណាត់ការគម្លាតសុវត្ថិភាព និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នឹងបង្កឲ្យមានករណីស្លាប់ដោយសារCOVID-19កើនឡើងខ្ពស់។ លោកនិយាយដូច្នេះថា៖«វាអាចទៅរួច។ វានឹងមានខ្លះ ព្រោះតែអ្នកនឹងលែងត្រូវបានចាក់សោទុកក្នុងផ្ទះ ឬអាផាតមិន បន្តទៀត»។
លោក ត្រាំ លើកឡើងបែបនេះ អំឡុងទស្សនកិច្ចលើកដំបូងនៅរោងចក្រផលិតម៉ាស់មួយកន្លែង ក្នុងរដ្ឋ Arizona ចាប់តាំងពីការបិទប្រទេស COVID-19 បានចាប់ផ្ដើម។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកទទួលស្គាល់ថា ប្រជាជនអាមេរិកខ្លះ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ក៏ប៉ុន្តែការបើកប្រទេសឡើងវិញ គឺជារឿងចាំបាច់។
បុគ្គលិកនៃរោងចក្រនេះម្នាក់ៗ សុទ្ធតែពាក់ម៉ាស់ការពារ ដោយអនុវត្តតាមអនុសាសន៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងវិន័យក្រុមហ៊ុនពួកគេ ដែលបានដាក់ស្លាកបិទលើបង្ហាញយ៉ាងច្បាស់ថា «សូមពាក់ម៉ាស់គ្រប់ពេល»។ យ៉ាងណាមិញ ប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីហែហម ពុំត្រូវមើលឃើញពាក់ម៉ាស់ការពារឡើយ អំឡុងទស្សនកិច្ចក្នុងរោងចក្រផលិតម៉ាស់នេះ។
ទង្វើលោក ត្រាំ នៅរដ្ឋ Arizona នេះ កើតឡើងក្រោយពីអនុប្រធានាធិបតីលោក គឺលោក ម៉ៃ ផេន រងការរិះគន់កាលពីសប្តាហ៍មុន ដោយលោកពុំបានពាក់ម៉ាស់ អំឡុងទស្សនកិច្ចក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋ Minnesota ។ ក្រោយមក លោក ផេន បានចេញមុខសារភាពកំហុសជាសាធារណៈ។
គិតត្រឹមថ្ងៃទី៦ ខែឧសភា សហរដ្ឋអាមេរិក មានករណីឆ្លងសរុប១,២៣លានករណី ខណៈអ្នកស្លាប់មាន៧២ ២៧១នាក់។ បើតាមវេបសាយ worldometers អ្នកជំងឺដែលជាសះស្បើយមានសរុប២០ម៉ឺននាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន១៦ ១៧៩នាក់៕
Tag:
សហរដ្ឋអាមេរិក
ដូណាល់ត្រាំ
COVID-19
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com