ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ទម្លាប់​ប្រចាំថ្ងៃ​ណាខ្លះ​អាចធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​?
06, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​របប​អាហារ ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​ផ្សេងទៀត​ក៏​អាច​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​ផងដែរ​។ ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អាច​បង្កើន​សម្ពាធ​ឈាម ៖
 
១. ការជក់បារី​
 
​មិន​ត្រឹមតែ​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បង្ក​ផលប៉ះពាល់​លើ​សុខភាព​បេះដូង​ដោយ​បង្កើន​សម្ពាធ​ឈាម​ផងដែរ​។ ការជក់បារី​អាច​បង្កើន​អាត្រា​នៃ​ចង្វាក់បេះដូង​បណ្ដាលឱ្យ​សរសៃឈាម​ខូចខាត​និង​រួម​តូច ហើយ​ឈាម​ងាយ​នឹង​កក​។​
 
២. ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​
 
​អ្នក​មិនគួរ​ទទួលទាន​គ្រឿង​ស្រវឹង​លើសពី ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​និង​ច្រើនជាង ១ កែវ​ក្នុង​មួយថ្ងៃ​ចំពោះ​នារី​ឡើយ​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​លើ​សរសៃឈាម​បេះដូង​ដោយ​វា​បង្កើន​សម្ពាធ​ឈាម​។​
 
៣. ការ​ទទួលទាន​កាហ្វេ​ច្រើនពេក​
 
​កាហ្វេ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អាច​បង្កបញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ប្រសិនបើ​ទទួលទាន​ច្រើនពេក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​មិនគួរ​ទទួលទាន​លើសពី ៣ ពែង​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៤. មិន​ធ្វើ​លំ​ហាត់ប្រាណ​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជាប្រចាំ គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​រាងកាយ​ទាំងមូល​ល្អប្រសើរ ក៏ដូចជា​ទប់ស្កាត់បាន​នូវ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ហើយ​ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះនឹង​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​របស់​បេះដូង​ក្នុងការ​ច្របាច់​ឈាម​ទៅ​សព្វ​រាងកាយ​ដែលនាំឱ្យ​កើតមាន​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺលើសឈាម​។ នេះ​មិនមែន​មានន័យថា​អ្នក​ចាំបាច់​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ឡើយ ត្រឹមតែ​ការដើរ ឬ​ឡើងជណ្ដើរ​ក៏​ជា​លំ​ហាត់ប្រាណ​ល្អប្រសើរ​ដើម្បី​ទប់ស្កាត់​ជំងឺលើសឈាម​ដែរ​។​
 
៥. ការទទួល​ទាន​អាហារ​គ្មាន​សុខភាព​ល្អ​

​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​របប​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​អាច​បង្កើន​សម្ពាធ​ឈាម​។ ដូច្នេះហើយ​ទើប​អ្នកមាន​បញ្ហា​លើស​សម្ពាធ​ឈាម ឬ​ជំងឺ​បេះដូង​មិនត្រូវ​បាន​លើកទឹកចិត្ត​ឱ្យទទួល​ទាន​អាហារ​ប្រៃ ឬ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​។ ទោះជា​យ៉ាងណា​ការទទួល​ទាន​អាហារ​ផ្អែម​ច្រើនពេក ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ក៏​អាច​បង្កបញ្ហា​លើស​សម្ពាធ​ឈាម​ផងដែរ​។ ស្ករ​បង្កើន​ការ​រលាក​ក្នុង​រាងកាយ​និង​កើន​ទម្ងន់​លើស​កម្រិត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com