ជាតិ
លោក វេ​ង សាខុន ប្រាប់​មន្ត្រី ឲ្យ​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ ដល់​កសិករ
06, May 2020 , 8:29 pm        
រូបភាព
រូបភាពពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
រូបភាពពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
​ភ្នំពេញ​៖ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​កសិក​ម្ម អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ រដ្ឋបាល​ជលផល និង​មន្ទី​កសិកម្ម​រាជធានី​-​ខេត្ត ឲ្យ​ចាប់ផ្តើម​អនុវត្ត​ចំណុច​សំខាន់​បី រួមមាន ជួយ​សម្របសម្រួល​កសិក​រ ជំរុញ​ការផ្សព្វផ្សាយ​ពី​បច្ចេកទេស​ថ្មីៗ និង លើកទឹកចិត្ត​ឲ្យ​ម្ចាស់​កសិដ្ឋាន​នានា ចុះបញ្ជី​នៅតាម​អគ្គនាយកដ្ឋាន​ជំនាញ​។ 


 
​ក្រោយ​ធ្វើ​ទស្សនកិច្ច​ពី​សក្ដានុពល​កសិកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក វេ​ង សាខុន បាន​វាយតម្លៃ​ជារួម​លើ​ចំណុច​ចំនួន​៤ គឺ ការងារ​បច្ចេកទេស ផលិតកម្ម សេដ្ឋកិច្ច និង បញ្ហា​ប្រឈម​។ ទាក់ទង​នឹង​ចំណុច​ខាងលើ រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ អះអាងថា ក្រសួង មាន​ផែនការ​ជា​បន្តបន្ទាប់ ដែល​ត្រូវអនុវត្ត​ឲ្យ​បាន​ទាន់ពេលវេលា​។​
 
​ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​កសិកម្ម​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព លោក វេ​ង សាខុន បាន​ណែនាំ និង​ជំរុញ​ដល់​មន្ត្រី​កសិកម្ម ឲ្យ​ជួយ​សម្របសម្រួល​កសិក​រ សហគមន៍ និង ក្រុមហ៊ុន ដែល​មានបំណង​ខ្ចីប្រាក់​ពី​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម ជាមួយ​ការប្រាក់​ទាប ដើម្បី​យកទៅ​ពង្រីក​ផលិតកម្ម​កសិកម្ម​។​
 
​បើតាម​លោក វេ​ង សាខុន មន្ត្រី​កសិកម្ម ត្រូវ​ជំរុញ និង​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ​ឲ្យ​បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​ដល់​អ្នក​ផលិត ដើម្បី​បង្កើន​ផលិតកម្ម​កសិកម្ម​។ ជាមួយគ្នានេះ មន្ត្រី ត្រូវ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​កសិដ្ឋាន​ដំណាំ កសិដ្ឋាន​ចិញ្ចឹមសត្វ និង​កសិដ្ឋាន​ចិញ្ចឹម​ត្រី ឲ្យ​ចុះបញ្ជី​នៅតាម​អគ្គនាយកដ្ឋាន​ជំនាញ ងាយស្រួល​រៀបចំ​ផែនការ​ផលិត និង​ផែនការ​ផ្គត់ផ្គង់​ឲ្យ​បានច្បាស់លាស់​។​
 
​លើសពីនេះ លោក វេ​ង សាខុន តម្រូវ​ឲ្យ​មន្ត្រី​កសិកម្ម ធ្វើ​បច្ចុប្បន្នភាព​ពី​កសិដ្ឋាន​ដំណាំ កសិដ្ឋាន​ចិញ្ចឹមសត្វ និង កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ទូទាំងប្រទេស ដើម្បី​ងាយស្រួល​រៀបចំ​ផែនការ​ផលិតកម្ម ស្របតាម​តម្រូវការ​ទីផ្សារ​ទាំង​បរិមាណ គុណភាព និង​សុវត្ថិភាព និង​សម្រាប់​នាំចេញ​នាពេលខាងមុខ​។ សូមបញ្ជាក់ថា នៅក្នុង​បរិបទ​កូ​វីដ​១៩​នេះ រដ្ឋាភិបាល​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​ពង្រឹង​វិស័យ​កសិកម្ម ដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា​ផងដែរ​៕

Tag:
 កសិកម្ម​
  វេ​ង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com