ក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយ មានឱកាសប្រជែងគ្នាយកការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីឈ្នះការបោះឆ្នោត ហើយសម្រេចគោលដៅដែលចង់បាន គឺក្លាយជាអ្នកកាន់អំណាច។ តែអ្នកនយោបាយ មិនត្រូវឲ្យការប្រជែងនយោបាយ ក្លាយជាជម្លោះបុគ្គលនិងចងគំនុំគ្នាឡើយ។
កាលណាបើអ្នកនយោបាយ ចងគំនុំគ្នាហើយ ផលលំបាក នឹងកើតមានដល់ប្រទេសជាតិ។ គំនុំធ្វើឲ្យអ្នកនយោបាយ ទុកផលប្រយោជន៍ជាតិនិងសុខទុក្ខប្រជាជន លែងសូវសំខាន់ ហើយគិតតែពីសងសឹកគ្នា និងចង់ឈ្នះចង់ចាញ់គ្នា។
ពេលមានគំនុំក្នុងចិត្ត ទោះប្រទេសជាតិ ជួបការលំបាកយ៉ាងណាក្តី ក៏អ្នកនយោបាយ មិនអាចរួមគ្នាដោះស្រាយដែរ។ តែផ្ទុយទៅវិញ ពួកគេអាចនឹងបន្តវាយប្រហារគ្នាថែមទៀត។ អ្វីដែលគួរឲ្យបារម្ភ គឺការចងគំនុំរបស់អ្នកនយោបាយ អាចនាំឲ្យប្រជាពលរដ្ឋ បែកបាក់សាមគ្គីផងដែរ។
ដើម្បីអាចជៀសផុតពីការចងគំនុំគ្នា គឺមិនមែនគ្រាន់តែនិយាយត្រឹមពាក្យថា «កុំចងគំនុំគ្នា» នោះទេ តែអាស្រ័យលើការប្រព្រឹត្តរបស់អ្នកនយោបាយផ្ទាល់។ ក្នុងឆាកនយោបាយ អ្នកនយោបាយអាចរិះគន់គ្នា នៅពេលភាគីណាមួយ ធ្វើរឿងមិនត្រឹមត្រូវ ឬយល់ថាគោលនយោបាយរបស់ភាគីនោះ មិនសមស្របសម្រាប់ប្រទេសជាតិ។
ប៉ុន្តែ អ្នកនយោបាយ មិនត្រូវយករឿងបុគ្គល ឬគ្រួសារទៅលាយឡំក្នុងរឿងនយោបាយឡើយ។ ការប្រើពាក្យប្រមាថកាតទានគ្នា ឬឈានដល់ការវាយប្រហារគ្រួសារ គឺអ្នកនយោបាយ មិនត្រូវធ្វើជាដាច់ខាត។ អ្នកណាក៏ដោយ តែងមានកំហឹងនិងពិបាកអត់ឱនឲ្យណាស់ នៅពេលគ្រួសារខ្លួន រងការមាក់ងាយពីអ្នកដទៃ។
ក្រៅពីគោរពគោលការណ៍សីលធម៌ខាងលើហើយ អ្នកនយោបាយ ក៏គួរមានការអធ្យាស្រ័យឲ្យគ្នា និងរៀនបំភ្លេចគំនុំផងដែរ។ លើសពីនេះ អ្នកនយោបាយ គប្បីមានសមានចិត្តជាមួយគ្នាទៅវិញមក នៅពេលភាគីណាមួយ ជួបការលំបាកឬជួបទុក្ខសោក ដូចជា បាត់បង់សមាជិកគ្រួសារជាដើម។
បើអ្នកនយោបាយ មានឥរិយាបថមិនសមទំនង ឬ គិតតែពីទាស់គ្នា មិនមើលកាលៈទេសៈ ដូចជាប្រទេសជាតិ កំពុងជួបការលំបាកអ្វីមួយ ប្រជាជនប្រាកដជាទើសចិត្តនិងលែងគាំទ្រ។ តែបើចេះយល់ពីស្ថានការណ៍ថា ពេលណាត្រូវរិះគន់ ហើយពេលណារួមសាមគ្គីគ្នា នោះអ្នកនយោបាយ នឹងទទួលបានការពេញចិត្តពីប្រជាជន ឬក៏អាចក្លាយជាគំរូសម្រាប់សង្គមនិងមនុស្សទូទៅថែមទៀត។
ជាក់ស្តែង ប្រជាជនកំពុងសាទរចំពោះថ្នាក់ដឹកនាំកំពូលនិងមន្ត្រីផ្សេងទៀតនៃអតីតគណបក្សប្រឆាំង ដែលបានសម្តែងសមានចិត្តចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងប្រទេស បាននាំសហការីទៅគោរពវិញ្ញាណក្ខន្ធឧបាសិកា ប៊ុន ស៊ាងលី ជាម្តាយបង្កើតរបស់សម្តេច ប៊ុន រ៉ានី និងត្រូវជាម្តាយក្មេករបស់សម្តេច ហ៊ុន សែន។ នាឱកាសនោះ គេ ឃើញ លោក កឹម សុខា និង សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងភាពគួរសមនិងភាពរាក់ទាក់ដាក់គ្នា។ អ្នកទាំងពីរ ចំណាយពេលពិភាក្សាគ្នាជិត៥០នាទី។
ចំណែកលោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេសឯណោះវិញ ក៏បានផ្ញើសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសម្តេចនាយករដ្ឋមន្ត្រីផងដែរ។
គេក៏នឹកឃើញដែរ ពីទឹកចិត្តរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលធ្លាប់មានចំពោះក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំប្រឆាំង។ កាលពីម្តាយក្មេករបស់លោក សម រង្ស៊ី គឺឧបាសិកា ញឹក ជូឡុង មាសកេត សមភ័ត្រ ទទួលមរណភាព កាលពីឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រី មិនត្រឹមតែចូលរួមរំលែកទុក្ខនោះទេ តែថែមទាំងបញ្ជូនលោក ហ៊ុន ម៉ានី ជាកូនប្រុសពៅ ឲ្យទៅចូលរួមពិធីបុណ្យសពថែមទៀត។
គេ ក៏ប្រហែលជានៅចងចាំដូចគ្នា ថា លោក សម រង្ស៊ី និងសម្តេចនាយករដ្ឋមន្ត្រី កំពុងស្ថិតក្នុងការវាយហារគ្នាខ្លាំងតាមរយៈវោហារសាស្ត្រ កាលពីឆ្នាំ២០១៣ តែលោក សម រង្ស៊ី នៅតែចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់សម្តេច ពេលទទួលដំណឹងថា ឧបាសក ហ៊ុន នាង ដែលជាឪពុកបង្កើតរបស់សម្តេច ទទួលមរណភាព។
ក្រោយទទួលបានសារចូលរួមរំលែកទុក្ខពីលោក សម រង្ស៊ី សម្តេចនាយករដ្ឋមន្ត្រី ក៏ស្នើសុំព្រះមហាក្សត្រ លើកលែងទោសឲ្យលោក សម រង្ស៊ី ហើយលោក ក៏បានចូលមកប្រទេសកម្ពុជា នៅមុនការបោះឆ្នោតតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
គួររម្លឹកខ្លួនឯងជាប់ជានិច្ចថា ធ្វើជាអ្នកនយោបាយ រាល់សកម្មភាព គឺប្រជាជនតែងកត់សម្គាល់ ហើយពេលខ្លះ អាចត្រូវបានអ្នកប្រវត្តិសាស្ត្រ ចារទុកទៀតផង៕