COVID-19
អន្តរជាតិ
ខុសពី​លោក ត្រាំ​, ប្រមុខ​កងទ័ព​អាមេរិក​ថា មិនដឹង COVID-19 ចេញពី​ណា​ឡើយ
06, May 2020 , 11:59 pm        
រូបភាព
នាយសេនាធិការកងទ័ពអាមេរិក Mark Milley ។ រូបភាព Xinhua
នាយសេនាធិការកងទ័ពអាមេរិក Mark Milley ។ រូបភាព Xinhua
​មន្ត្រី​យោធា​កំពូល​របស់​អាមេរិក ឧ​ត្ត​ម​សេនីយ៍ Mark Milley អះអាង​នៅ​ថ្ងៃទី​៥ ខែឧសភា ថា មិនដឹង​ពី​ប្រភព​ជំងឺ COVID-19 ឡើយ​។ ការអះអាង​បែបនេះ គឺ​ផ្ទុយ​ពី​ការលើកឡើង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​ចោទថា មាន​ភ័ស្តុតាង​បង្ហាញ​ពី​ប្រភព COVID-19 ចេញពី​មន្ទីរពិសោធន៍​នៅ​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​ករណី​ឆ្លង​មុនគេ​នៅ​ខែធ្នូ ឆ្នាំ​២០១៩ ។ លោក Milley មិនមែនជា​មន្ត្រី​ទីមួយ​ដែល​អះអាង​ផ្ទុយ​ពី​ប្រធានាធិបតី​អាមេរិក​ឡើយ​។​

 
​បន្ថែម​ពីលើ​មន្ត្រី​ចារកម្ម និង​អ្នកជំនាញ​ជំងឺឆ្លង ពេលនេះ​សូម្បី​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កងទ័ព​អាមេរិក ក៏​និយាយ​ផ្ទុយ​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែរ​ពី​ប្រភព​ជំងឺ COVID-19 ។ នាយសេនាធិការ​កងទ័ព​អាមេរិក នាយ​ឧ​ត្ត​ម​សេនីយ៍ Mark Milley បាន​និយាយថា យើង​មិនដឹង​ពី​ប្រភព​ជំងឺ COVID-19 ឡើយ​។ 
 
«​តើ​វា​ចេញពី​មន្ទីរពិសោធន៍​វីរុស​នៅ​វូ​ហាន​, តើ​វា​ចេញពី​ផ្សារ​សើម​នៅ​វូ​ហាន ឬក៏​កើត​នៅ​កន្លែង​ផ្សេង​? ចម្លើយ​គឺថា យើង​មិនដឹង​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់​ឧ​ត្ត​ម​សេនីយ៍ Milley ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៥ ខែឧសភា នៅ​មន្ទីរ​បញ្ច​កោណ​។ លោក​ត្រូវបាន​សួរ​ពាក់ព័ន្ធ​ប្រភព​ជំងឺ​មួយ​នេះ​។​
 
​មន្ត្រី​យោធា​រូបនេះ​បន្ថែមថា ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល និង​អង្គភាព​ជំនាញ កំពុង​ស៊ើបអង្កេត​ករណីនេះ​។ យ៉ាងណា លោក Milley លើកឡើងថា តាម​ទម្ងន់​ភ័ស្តុតាង​ដែលមាន គឺ​ចង្អុល​ទៅរក​ប្រភព​ធម្មជាតិ ឬក៏​វីរុស​មិនមែន​បង្កើត​ដោយ​មនុស្ស​ឡើយ ហើយក៏​ប្រហែលជា​មិនមែនជា​រឿង​ចេតនា​ទៅទៀត​។ លោក Milley មិនបាន​បញ្ជាក់​ឲ្យ​លម្អិត​ពី​ការលើកឡើង​បែបនេះ​ឡើយ​។​
 
​កន្លងទៅ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អះអាងថា លោក​មាន​របាយការណ៍​ដែល​បញ្ជាក់ថា ជំងឺ COVID-19 នេះ មាន​ប្រភពពី​ចិន តែ​លោក​មិនបាន​បញ្ចេញ​របាយការណ៍ ឬ​ភ័ស្តុតាង​នៅឡើយ​។ មន្ត្រីរដ្ឋបាល​លោក​ដទៃទៀត ពិសេស​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ក៏បាន​អះអាងថា មាន​ភ័ស្តុតាង​ច្រើន​បញ្ជាក់​ពី​ប្រភព​ជំងឺ​មួយ​នេះដែរ តែ​ក៏​មិន​ផ្ដល់ព័ត៌មាន​លម្អិត​ដែរ​។ លោក ត្រាំ ថែមទាំង​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ចំពោះ​ការគ្រប់គ្រង​ជំងឺ​នេះ​មិន​បានល្អ ដែល​ធ្វើ​ឲ្យ​សាយភាយ​ពេញ​ពិភពលោក​។​
 
​តាមពិតទៅ លោក Milley មិនមែនជា​មន្ត្រី​ថ្នាក់ខ្ពស់​ដែល​និយាយ​មិន​ស្របគ្នា​នឹង​លោក ត្រាំ ឬ​លោក ប៉ុ​ម​ប៉េ​អូ ឡើយ​។ លោក Anthony Fauci អ្នកជំនាញ​ជំងឺឆ្លង​ដែល​កំពុង​ល្បីឈ្មោះ​នៅ​អាមេរិក ក៏​តែង​និយាយ​ជារឿយ​ពី​ប្រភព​ជំងឺ​នេះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ National Geographic នៅ​ដើម​សប្ដាហ៍​នេះ លោក Fauci អះអាង​ជាថ្មី​ថា វីរុស SARS-CoV-2 ដែល​បង្ក​ជា​ជំងឺ COVID-19 មិនអាច​ផលិត​បានទេ​៕

Tag:
 អាមេរិក​
  COVID-19
  Mark Milley
© រក្សាសិទ្ធិដោយ thmeythmey.com