ONE Championship™ (ONE) ដែលគេស្គាល់ថាជាស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ីបានប្រកាសថា លោក Patrick Grove សហស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Catcha Group និងជាសហស្ថាបនិករបស់ iFlix នឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «The Apprentice: ONE Championship Edition»។ លោក Patrick Grove ក្លាយជានាយកប្រតិបត្តិម្នាក់ក្នុងចំណោមនាយកប្រតិបត្តិ ១២ រូបផ្សេងទៀតដែលត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីថ្មីសន្លាងនេះរបស់ ONE Championship។
លោក Grove នឹងចូលរួមកម្មវិធីខាងលើជាមួយនឹងលោក Chatri Sityodtong ដែលជាប្រធាន និង នាយកប្រតិបត្តិរបស់ ONE Championship ដើម្បីវាយតម្លៃដល់ជើងខ្លាំងលំដាប់ពិភពលោកចំនួន ១៦ នាក់ដែលគ្រោងឡើងមកប្រកួតប្រជែងទាំងភាពឈ្លាសវៃនៃជំនួញ និងកាយសម្បទា។
លោក Chatri Sityodtong បានថ្លែងបញ្ជាក់បែបនេះ៖«ខ្ញុំពិតជាមានសេចក្ដីរីករាយក្រៃលែងដើម្បីស្វាគមន៍មិត្តភ័ក្ដិល្អរបស់ខ្ញុំ Patrick Grove ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Catcha Group មកបង្ហាញខ្លួនក្នុងកម្មវិធី The Apprentice: ONE Championship Edition។ ដោយឥតសង្ស័យ Patrick ជាសហគ្រិនដ៏ពូកែម្នាក់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ហើយជើងខ្លាំង ១៦ រូបរបស់យើងនឹងរៀនសូត្រច្រើនពីចំណេះដឹងនិងបទពិសោធន៍របស់ Patrick»។
ក្រុមហ៊ុន Catcha Group ត្រូវបានគេស្គាល់តាមរយៈម៉ាកយីហោល្បីៗរួមមាន iProperty និង iCar Asia ជាដើមហើយនៅមានច្រើនទៀត។ លោក Grove ក៏ជាសហស្ថាបនិករបស់ក្រុមហ៊ុន iFlix និង Rev Asia ផងដែរ។ មុខជំនួញរបស់ Grove បានធ្វើឲ្យរូបគេក្លាយជាមនុស្សម្នាក់មានមុខមាត់ក្នុងលោក និង បង្កើតក្រុមហ៊ុន ៥ ដំបូងត្រូវបានទទួលស្គាល់ពីសំណាក់មហាជន។ ហើយក្រុមហ៊ុនរបស់លោក Grove មានតម្លៃរហូតដល់ ១០០០,០០០,០០០ ដុល្លារអាមេរិក។
ជាមួយគ្នានោះ លោក Patrickបានរៀបរាប់ថា៖«វាពិតជាអស្ចារ្យដែលបានធ្វើការជាមួយ Chatri ដើម្បីស្វែងរកតារាសហគ្រិនជំនាន់ក្រោយ។ តាំងពីដើមមក ONE Championship បានធ្វើការងារដ៏អស្ចារ្យដើម្បីស្វែងរកតារាជើងខ្លាំងផ្នែកក្បាច់គុន។ ហើយខ្ញុំជឿជាក់ថា ខ្ញុំនឹងអាចស្វែងរកបានតារាខាងសហគ្រិនវិញម្ដង»។
«The Apprentice: ONE Championship Edition» នឹងអញ្ជើញបេក្ខភាពជើងខ្លាំងទាំង ១៦ រូបឡើងមកប្រកួតប្រជែងយកឈ្នះចាញ់ទាំងផ្នែកជំនួញ និងផ្នែកកាយសម្បទា។ រីឯ អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ ២៥ ម៉ឺនដុល្លារអាមេរិករួមទាំងផ្ដល់ឱកាសការងាររយៈពេល ១ ឆ្នាំក្រោមការគ្រប់គ្រងរបស់ប្រធាន និង ជានាយកប្រតិបត្តិ របស់ ONE Championship លោក Chatri Sityodtong។ អ្នកឈ្នះនឹងធ្វើការនៅឯទីស្នាក់ការកណ្ដាលរបស់ ONE ដែលមានមូលដ្ឋានប្រទេសសិង្ហបុរី។
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕ អត្ថបទ៖ ស៊ីធី