កីឡាជាតិ
ជាតិ
ករណី​ព្យួរការងារ​មន្ត្រី​៤​រូប​៖ FFC ត្រូវតែ​ចិត្តដាច់​បោសសម្អាត​អំពើ​អវិជ្ជមាន ដើម្បី​កុំឱ្យ​ខូច​ទិសដៅ​យើង​
07, May 2020 , 3:06 pm        
រូបភាព
លោក កែវ សារ៉េត អគ្គលេខាធិការ FFC (ស្តាំ)ពេលចូលរួមបកស្រាយពាក់ព័ន្ធការពិន័យមន្ត្រី៤រូបពីវិស័យកីឡាមួយជីវិត
លោក កែវ សារ៉េត អគ្គលេខាធិការ FFC (ស្តាំ)ពេលចូលរួមបកស្រាយពាក់ព័ន្ធការពិន័យមន្ត្រី៤រូបពីវិស័យកីឡាមួយជីវិត
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចាត់ទុក​ការពិន័យ​មន្ត្រី​៤​រូប មិន​ឲ្យ​ពាក់ព័ន្ធ​កីឡា​អស់​មួយជីវិត ជា​រឿង​មួយ​ដ៏​លំបាក​សម្រាប់​ខ្លួន ខណៈ​ពួកគេ​សុទ្ធសឹង​ជាម​ន្ត្រី​មាន​សមត្ថភាព​។ ប៉ុន្តែ​សហព័ន្ធ ត្រូវតែ​ចិត្តដាច់ ​ក្នុងការ​បោសសម្អាត​មន្ត្រី​ពុករលួយ​នេះ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ ​ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។

 
​លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន ​ក្នុង​សន្និសីទកាសែត ​ស្តីពី​ការពិន័យ​មន្ត្រី​ទាំង​៤​នាក់​ខាងលើ ចាត់ទុក​ការ​បោសសម្អាត​មន្ត្រី​ខិលខូច គឺជា​ការផ្តល់​ឱកាស​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ ដែលមាន​សមត្ថភាព​ផងដែរ​។ បើតាម​លោក សារ៉េត បច្ចុប្បន្ន​កម្ពុជា​សម្បូរ​ធនធាន​ផ្នែក​វិស័យ​កីឡាបាល់ទាត់​ច្រើនណាស់​។  
 
«​ថ្នាក់ដឹកនាំ​និង​គណៈកម្មការ​ប្រតិបត្តិ​ទាំងអស់ ​គាត់​បាន​ពិចារណា​ថា ធនធាន​យើង​ឥឡូវ​ច្រើន ត្រូវតែ​ចិត្តដាច់​បន្តិច ព្រោះ​អ្នកជំនាន់ក្រោយ​មាន​ច្រើនណាស់ ហើយ​អ្នកចេះ​ភាសា​អង់គ្លេស និង​អ្នក​ស្រឡាញ់​បាល់ទាត់​កាន់តែ​ស​ប្បូរ​។ យើង​ដឹងថា ការរៀន​ជំនាញ​ខាង​ផែ្ន​ក​បាល់ទាត់ ​ត្រូវការ​ចំណាយពេល​ច្រើន តែ​យើង​មាន​ធនធាន​សម្រាប់​ត្រៀម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ សារ៉េត​។ 
 
​អតីត​ប្រធាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​រូបនេះ​បាន​បន្ថែមថា ការលុបបំបាត់​អំពើ​អវិជ្ជមាន ក៏​ជា​ផ្នែក​មួយ​ជួយ​ស្តារ​មុខមាត់ និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ដែល​កំពុង​បោះជំហាន​ទៅ​មុខជា​លំដាប់​ផងដែរ​។ ការធ្វើ​បែបនេះ ក៏​ជាការ​ព្រមាន​ដល់​មន្ត្រី​ផ្សេងៗ កុំ​ឲ្យ​ប្រព្រឹត្ត​កំហុសឆ្គង​បែបនេះ ​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។​
 
​លោក កែវ សារ៉េត បាន​បន្ថែមថា​៖«​យើង​ត្រូវតែ​ចិ​ត្ដ​ដាច់ ​ក្នុងការ​បោសសម្អាត​អំពើ​អវិជ្ជមាន​ទាំងអស់នេះ ដើម្បី​យើង​ស្តារ​មុខមាត់​ផង ហើយ​កុំ​ឲ្យ​ខូច​ នូវ​អ្វីដែល​ទិសដៅ​របស់​យើង​។ គណៈកម្មការ​ប្រតិបត្តិ ជាពិសេស​ឯកឧត្តម សៅ សុខា តែងតែ​លើក​នូវ​យុទ្ធសាស្ត្រ​ទាំង​១២​ចំណុច គឺមាន​ការអភិវឌ្ឍ​គ្រប់បែបយ៉ាង ក្នុងនោះ​ក៏មាន​ផែ្ន​ក​ដែល​អស់លោក​ទទួលខុស​ត្រូវ​ដែរ​»​។​
 
​តែ​យ៉ាងណា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ បានបង្ហាញ​ការសោកស្តាយ​ ចំពោះ​ការបាត់បង់​មន្ត្រី​មាន​សមត្ថភាព​ទាំង​៤​រូប ជាពិសេស​គុណសម្បត្តិ ដែល​ពួកគេ​បានធ្វើ​កន្លងមក ​ជាមួយ​សហព័ន្ធ​។ ការសម្រេចចិត្ត​ទាំង​បង្ខំ​របស់​សហព័ន្ធ ធ្វើឡើង​ក្រោយ​ទោសកំហុស​របស់​ពួកគេ ​មិនអាច​ទទួលបាន​ការលើក​លែង​។  
 
​លោក កែវ សារ៉េត បានបង្ហាញ​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​គាត់​ចេញទៅ មិនមែន​យើង​មិន​សោកស្តាយ​នូវ​គុណប្រយោជន៍ ដែល​គាត់​បានធ្វើ​កន្លងមក​នោះទេ តែដោយសារ​គាត់​បាន​ប្រព្រឹត្ត​កំហុស ដែល​យើង​ពិបាក​នឹង​លើកលែងទោស​ឲ្យ​បាន ហើយ​ក៏មាន​ទំពាំង​ស្នង​ឫ​ស្សី​ លើ​ផ្នែក​នីមួយៗ​ដែរ​»​។  
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​នៅ​ថ្ងៃទី​៦ ឧសភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ពិន័យ​មន្ត្រី​៤​រូប ​មិន​ឲ្យ​ពាក់ព័ន្ធ​វិស័យ​កីឡា​មួយជីវិត ពាក់ព័ន្ធ​ការ​​កិបកេង​ថវិកា​ជាង​៥​ម៉ឺន​ដុល្លារ ដែល​កម្មវិធី​ប្រកួត​បាល់ទាត់ Tiger Street ផ្តល់​ឲ្យ​សហព័ន្ធ​(​គិត​ចាប់ពី​ឆ្នាំ​២០១៥-២០១៩)​។ 
 
​មន្ត្រី​ទាំង​៤​រូបនោះ ​រួមមាន​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​, លោក ឆាំង ពិសិដ្ឋ អតីត​ប្រធានការិយាល័យ​រៀបចំ​ការប្រកួត​, លោក ទុយ វិច្ឆិកា អតីត​ប្រធានការិយាល័យ​អាជ្ញាកណ្តាល និង​លោក គល់ សុភា​រម្យ អតីត​ប្រធានការិយាល័យ​រដ្ឋបាល​៕ 
 

Tag:
 បាល់ទាត់​
  កែវ សារ៉េត​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com