កីឡាជាតិ
ជាតិ
កម្ពុជា​នឹង​បង្កើត​ទូរទស្សន៍​ឯកទេស​កីឡា ដើម្បី​ត្រៀម​ផ្សព្វផ្សាយ​កីឡា​ស៊ី​ហ្គេម​
07, May 2020 , 7:29 pm        
រូបភាព
ដោយ:
​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ កម្ពុជា នឹងមាន​ទូរទស្សន៍​ឯកទេស​កីឡា​មួយ ដើម្បី​ត្រៀម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ទូរទស្សន៍​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០ ក្រោមរូបភាព​ទូរទស្សន៍​អន​ឡាញ​។

 
«​ទូរទស្សន៍​កីឡា​កម្ពុជា ឬ Cambodia Sports TV»​ជា​ឈ្មោះ​ទូរទស្សន៍​ឯកទេស​កីឡា​ថ្មី ដែល​កម្ពុជា​គ្រោង​បង្កើត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ទូរទស្សន៍​នេះ បង្កើតឡើង​ក្រោម​ជំនួយ​បច្ចេកទេស​ពី​អ្នកជំនាញការ​របស់​សាធារណរដ្ឋ​កូរ៉េ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។  
 
​គោលបំណង​នៃ​ការបង្កើត​ទូរទស្សន៍​ថ្មី​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡា​ផ្សេងៗ​របស់​កម្ពុជា មុន​និង​ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ បើតាម​លោក វ៉ា​ត់ ចំរើន ទូរទស្សន៍​នេះ នឹង​ចាប់ដំណើរការ​បណ្តោះអាសន្ន​ក្រោមរូបភាព​ទូរទស្សន៍​អន​ឡាញ​នៅ​ចុងឆ្នាំ​២០២០​នេះ​។ 
 
«​យើង​ត្រូវការ​មាន​ទូរទស្សន៍​ឯកទេស​មួយ​ក្នុងដំណាក់កាល​នៃ​ការរៀបចំ​កីឡា​ស៊ី​ហ្គេម​។ ទូរទស្សន៍​ឯកទេស​នឹង គឺ​យើង​បណ្តុះបណ្តាល និង​រៀបចំ​នៅក្នុង​កម្រិត​ឯកទេស​នៃ​កីឡា​ពិតប្រាកដ មានន័យថា ទាំង​របៀប​ថត ទាំង​មុំ​នៃ​ការថត និង​ឧបករណ៍ ត្រូវមាន​លក្ខណៈពិសេស​សម្រាប់​កីឡា​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។   
 
​សម្រាប់​លោក វ៉ា​ត់ ចំរើន ទូរទស្សន៍​នេះ មិន​ត្រឹមតែ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន តែ​វា​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​សារព័ត៌មាន​ប្រកបដោយ​ជំនាញ​និង​វិជ្ជាជីវៈ​ទៀតផង​។ ដ្បិត​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ទូរទស្សន៍​នេះ​៥០​ភាគរយ​សុទ្ធសឹង​ជា​អ្នកជំនាញ​ផ្នែក​ព័ត៌មាន​មកពី​សាធារណ​រដ្ឋ​កូរ៉េ ខណៈ​៥០​ភាគរយ​ជា​បុគ្គលិក​កម្ពុជា​។  
 
«​យើង​នឹង​ខិតខំ​ធ្វើការ​ងារ​នេះ ដើម្បី​ជំរុញ​ឲ្យ​អ្វីៗ​ក្លាយជា​ជំនាញ អាជីព និង​វិជ្ជាជីវៈ​ក្នុង​ផ្នែក​នីមួយៗ ក៏ដូចជា​ឆ្លើយតប​នឹង​ស្តង់ដា​ស៊ី​ហ្គេម ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​ត្រូវមាន​ស្តង់ដា មិនមែន​ចេះតែធ្វើ​អត់​ជំនាញ វិជ្ជាជីវៈ និង​ស្តង់ដា​នោះទេ​។ ទូរទស្សន៍​នេះ នឹង​ក្លាយជា​ទូរទស្សន៍​ស្តង់ដា​អាស៊ាន​»​។ នេះ​ជាការ​អះអាង​របស់លោក វ៉ា​ត់ ចំរើន​។ 
 
​តែ​យ៉ាងណា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ មិនបាន​បញ្ជាក់​ពី​គម្រោង​ចំណាយ និង​ទីតាំង​របស់​ទូរទស្សន៍​ថ្មី​នេះ​នៅឡើយ​ទេ​។ ហើយ លោក ក៏​មិនបាន​បញ្ជាក់​លម្អិត​ពី​កាលបរិច្ឆេទ ក្នុងការ​បង្កើត​ទូរទស្សន៍​នេះ​ឲ្យ​លេចចេញ​ជា​រូបរាង​ផងដែរ​៕

Tag:
 ​ទូរទស្សន៍​កីឡា​កម្ពុជា​
  វ៉ា​ត់ ចំរើន​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com