មរណភាព​ព្រឹទ្ធាចារ្យ​រនាតឯក ព្រឿង ព្រួ​ន ជាការ​បាត់បង់​ធនធានមនុស្ស​ដ៏​កម្រ​នៅ​កម្ពុជា​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មរណភាព​ព្រឹទ្ធាចារ្យ​រនាតឯក ព្រឿង ព្រួ​ន ជាការ​បាត់បង់​ធនធានមនុស្ស​ដ៏​កម្រ​នៅ​កម្ពុជា​
07, May 2020 , 4:44 pm        
រូបភាព
រូប​ពី​ហ្វេស​ប៊ុក Dorivan Keo
រូប​ពី​ហ្វេស​ប៊ុក Dorivan Keo
​តន្ត្រីករ​រួម​អាជីព សុទ្ធតែ​បាន​អះអាង​ដូចៗ​គ្នា​ថា មរណភាព​របស់លោក​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​កម្រ សម្រាប់​ជំនាញ​តន្ត្រីបុរាណ​។ ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន ដែលជា​តន្ត្រីករ​រនាត​ឯក មាន​ទេពកោសល្យ​ដ៏​កម្រ​ប្រចាំ​ប្រទេស​កម្ពុជា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០២០​ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៧៣​ឆ្នាំ​។ សព​របស់លោក​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន នឹងត្រូវ​បូជា​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​នៅ​ថ្ងៃទី​៦ ខែឧសភា នៅ​វត្ត​ព្រហ្មចារី ហៅ​វត្ត​ព្រែក​ក្របៅ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​


 
​ជា​តន្ត្រីករ​ឧបករណ៍​ភ្លេងបុរាណ លោក​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​វិស័យ​ភ្លេងបុរាណ ដោយ​លោក​អាច​បម្រើ​ក្នុង​វង់ភ្លេង​ពិណពាទ្យ វង់ភ្លេង​មហោរី និង​ក្នុង​វង់ភ្លេង​របាំ​ព្រះរាជ​ទ្រព្យ​។ លោក​ព្រឹទ្ធាចារ្យ អាច​លេង​ឧបករណ៍​ភ្លេងបុរាណ​បាន​ច្រើន​ប្រភេទ​។ ដោយឡែក ឧបករណ៍​រនាតឯក លោក​ចេះ​ចាំ​យ៉ាង​ស្ទាត់ជំនាញ រហូត​ធ្វើឱ្យ​មិត្ត​រួម​អាជីព​ខ្លះ ប្រៀប​ទេពកោសល្យ​របស់លោក​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន ទៅ​និង​លោក ស៊ីន ស៊ី​សាមុត ថែម​ទៀតផង​។ 


 រូប​ពី​ហ្វេស​ប៊ុក Theara yun
​ព្រឹទ្ធបុរស​រង​ស្ដីទី មហាវិទ្យាល័យ​តូរ្យតន្ត្រី នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ លោក ហង្ស រិទ្ធី​រ៉ាវុធ ដែលជា​តន្ត្រីករ​ជំនាន់​ក្រោយ បាន​ហៅ​ការបាត់បង់​លោក ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន ថា​ជាការ​បាត់បង់​តន្ត្រី្ក​ករ ឯក ផ្នែក​រនាតឯក នៅ​កម្ពុជា​។ ធ្លាប់បាន​ស្រាវជ្រាវ​អំពី​សាច់​បទ​រនាត​ចំនួន​៦០​បទ ពី​លោក ព្រឿង ព្រួ​ន ដើម្បី​បញ្ចប់​ស្នាដៃ​ស្នាតក​ប​ត្រ​សិល្បៈ​កាលពី​ឆ្នាំ ១៩៨៤  លោក ហង្ស រិទ្ធី​រ៉ាវុធ ថា​ព្រឹទ្ធាចារ្យ​រូបនេះ ចែករំលែក​ចំណេះ​របស់ខ្លួន​ដោយ​មិន​លាក់បាំង​សូម្បីតែ​បន្តិច​។ 
 
​លោក ហង្ស រិទ្ធី​រ៉ាវុធ ពន្យល់​ដូច្នេះ​៖«​ទឹកដៃ​រនាតឯក​រប​ស់​គាត់​គឺ​ល្អ​ឯក ខ្ញុំ​ប្រៀបបាន​ថា គាត់​ដូច​លោក ស៊ីន ស៊ី​សាមុត គឺ​ទេពកោសល្យ​ល្អផ្ដាច់គេ មាន​តែមួយ​នៅក្នុង​ស្រុក​ខ្មែរ ក្នុង​ជំនាន់​គាត់​និង​ជំនាន់​ក្រោយនេះ​។ គាត់​ជា​គ្រូ​សល់​ពី​សម័យ​សង្គមរាស្ត្រនិយម​។ ខ្ញុំ​តែងតែ​សួរ​ពី​ផ្លូវ​ភ្លេង​រនាត​ពី​គាត់ ហើយ​គាត់​មិនដែល​លាក់​ទេ បើ​ឃើញ​ត្រង់ណា​ខុស​គាត់​ជួយ​កែតម្រូវ​។ គាត់​បង្រៀន​សិស្ស​តាមរបៀប​បុរាណ គឺ​មានន័យថា គាត់​លេងភ្លេង​ឱ្យ​សិស្ស​មើល បន្ទាប់មក​គាត់​ឱ្យ​សិស្ស​លេង​ឱ្យ​គាត់​ស្ដាប់​វិញ​។ គាត់​បាន​ស្រាវជ្រាវ​វង់ភ្លេង​ពិណពាទ្យ​១០០​បទ​ជាមួយ UNESCO ហើយ​ភ្លេង​រនាត​នៅក្នុង​ភ្លេងពិណពាទ្យ​ទាំង​១០០​នោះ ជា​ស្នាដៃ​គាត់​។ គ្រូភ្លេង​ជំនាន់​ក្រោយ ត្រូវតែ​បង្រៀន​សិស្ស​របស់ខ្លួន​ឱ្យអស់ កុំ​លាក់​ចំណេះ ព្រោះ​ពេល​ស្លាប់ទៅ វា​នឹង​បាត់បង់​»​។


លោក ហង្ស រិទ្ធីរ៉ាវុធ ព្រឹទ្ធបុរសរងស្ដីទី មហាវិទ្យាល័យតូរ្យតន្ត្រី នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ  រូប​ពី​ហ្វេសប៊ុក​ Hang Rithyravuth
 
​គឺជា​មិត្ត​រួម​អាជីព​លោក យុន ឃៀន អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការបាត់បង់​លោក ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​វិស័យ​ភ្លេងបុរាណ​។ ធ្លាប់​ធ្វើការ​ជាមួយគ្នា លោក យុន ឃៀន ថា ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន គឺជា​គ្រូភ្លេង​ដ៏​ល្បី​តាំងពី​ឆ្នាំ​១៩៧៩ លើ​ឯកទេស​រនាតឯក​។ និយាយ​ដោយ​មិន​ដំអក់ លោក យុន ឃៀន ថា​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន បាន​បន្សល់ទុក​មរតក​តូរ្យតន្ត្រី​ផ្នែក​សិល្បៈ​ភ្លេងបុរាណ ដល់​ក្មេងជំនាន់ក្រោយ​ជាច្រើន តាមរយៈ​ការផ្ទេរ​ឱ្យ​សិស្ស​ផ្ទាល់ និង​ការថត​ជា​ឯកសារ​។​
 
​លោក​បញ្ជាក់បន្ថែម​ដូច្នេះ​៖ ខ្ញុំ​និយាយ​មិន​ចេញ​តែម្ដង ខ្ញុំ​មានការ​សោកស្ដាយ​ណាស់ រក​អ្វី​មក​ប្រៀប​មិន​បានទេ​។ គាត់​ជា​តន្ត្រីករ​ភ្លេងបុរាណ ដូចជា​ភ្លេងពិណពាទ្យ ភ្លេង​មហោរី និង​ភ្លេង​បំរើ​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​។ ទឹកដៃ​លេងភ្លេង​របស់គាត់​ល្អ​ណាស់​តាំងពីក្មេង​។ គាត់​ជា​តន្ត្រីករ​ល្បី​ក្នុងចំណោម​អ្នកលេង​ភ្លេង​នៅក្នុង​វាំង​។ គាត់​បាន​ចូលទៅ​ហាត់រៀន​ភ្លេង​នៅក្នុង​វាំង តាំងពី​សម័យ​សង្គមរាស្ត្រនិយម​។ ខ្ញុំ​គិតថា តន្ត្រីករ​ជំនាន់​ក្រោយនេះ មិនមាន​អ្នកណា​ដល់​គាត់​ទេ​។ គាត់​ចាំ​ស្ទាត់​លើ​បច្ចេកទេស​ភ្លេង ដែល​លេង​ជាមួយ​របាំ​បុរាណ​។ គាត់​បាន​ថត​ឯកសារ​ភ្លេង​ច្រើនណាស់ ទុក​សម្រាប់​ក្មេងជំនាន់ក្រោយ​»​។


 លោក យុន ឃៀន អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូប​ពី​ហ្វេសប៊ុក Theara yun
 
​ចំណែក​លោក កែវ សុន​ន្ទ​កវី ដែលជា​តន្ត្រីករ និង​ជា​គ្រូភ្លេង​បុរាណ​ខ្មែរ​ដែរនោះ ក៏មាន​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន ដែលមាន​ទេពកោសល្យ និង​មាន​សមត្ថភាព​ខ្ពស់​នេះដែរ​។ លោក សុន​ន្ទ​កវី ថា​ព្រឹទ្ធាចារ្យ​ដែលមាន​ជន្មាយុ​៧៣​ឆ្នាំ រូបនេះ បាន​អភិរក្ស និង​ថែរក្សា ភ្លេងបុរាណ​ខ្មែរ រហូតដល់​ដង្ហើមចុងក្រោយ​។ លោក​ថា តន្ត្រីករ​ភ្លេងបុរាណ​ជំនាន់​ក្រោយ អាច​តបគុណ​បំណាច់រ​បស់​លោក​ព្រឹទ្ធាចារ្យ​បាន ដោយ​ខឹ​ត​ខំប្រឹងប្រែង ថែរក្សា​អភិរក្ស និង​អភិវឌ្ឍន៍​តន្ត្រីបុរាណ​ឱ្យនៅ​គង់​វង់​។ 
 
«​ក្មេងជំនាន់ក្រោយ គួរ​យក​គំរូ​តាម​លោក ព្រឹទ្ធាចារ្យ ត្រង់ចំណុច​ការអភិរក្ស​។ ទោះជា​យ៉ាងណា គេ​ក៏ត្រូវ​មានការ​អភិវឌ្ឍ​ន៍​បន្ថែម​ដែរ​។ ឧទាហរណ៍​ថា រនាត យើង​អភិរក្ស​ហើយ តែបើ​យើង​អភិវឌ្ឍន៍​បន្ថែមទៀត ដូចជា​ការធ្វើ​រនាត​ភ្លោះ  យើង​អាច​យកទៅ​លេង​ជាមួយ​ភ្លេងបរទេស​ថ្នាក់​អន្តរជាតិ​បាន​»​។ នេះ​ជាការ​ពន្យល់​បន្ថែម របស់លោក កេវ សុន​ន្ទ​កវី​។


លោក កែវ សុនន្ទកវី តន្ត្រី​ករ​ និង​ជា​គ្រូ​ភ្លេង​បុរាណ​ខ្មែរ (រូប​ស្ដាំ​) (រូប​ពី​ហ្វេស​ប៊ុក​ Sonankavei Keo)​
 
​ចំពោះ​អ្នកស្រី ភួ​ន ផល្លា វ័យ​៥០​ឆ្នាំ​វិញ បាន​ស្គាល់​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន តាមរយៈ​ស្វាមី កាល​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​។ ប្ដី​និង​កូនប្រុស​របស់​អ្នកស្រី ភួង ផល្លា សុទ្ធតែជា​សិស្ស​របស់​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន ដោយ​រៀន​ឯកទេស​រនាតឯក​។ មាន​ទំនាក់ទំនង​ជាមួយ​គ្នាប​ន្តិ​ចប​ន្ទួ​ច អ្នកស្រី ផល្លា ថា ព្រឹទ្ធាចារ្យ​រូបនេះ គឺជា​មនុស្ស​ល្អ និង​ស្លូតត្រង់​។​
 
​អ្នកស្រី ភួង ផល្លា បញ្ជាក់​បន្ថែមថា​៖«​ខ្ញុំ​រស់នៅក្នុង​ជំរំ​ជាមួយ​គាត់ ប​ន្តែ​នៅ​តំបន់​ខុសគ្នា ក្រោយពី​ខ្ញុំ​រៀបការ​ជាមួយ​ស្វាមី​របស់ខ្ញុំ​ហើយ ទើប​ខ្ញុំ​បាន​ទៅ​រស់នៅ​ជិត​គាត់ ព្រោះ​ប្ដី​របស់ខ្ញុំ​ជា​សិស្ស​របស់គាត់​។ គាត់​ខំ​បណ្ដុះបណ្ដាល​សិស្ស​ឱ្យ​យល់​ពី​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​។ ខ្ញុំ​មិនសូវ​បានដឹងថា​គាត់​ធ្វើការ​អ្វីខ្លះ​ទេ កាល​នៅ​ជំរំ ព្រោះ​ព្រឹក​ឡើង គាត់​ចេញទៅ​ធ្វើ​ការបាត់ ចំណែក​ខ្ញុំ​នៅផ្ទះ​»​។


អ្នកស្រី ភួន ផល្លា (រូប​ផ្ដល់​ឱ្យ​)
 
​បើតាម​ជីវប្រវត្តិ​ដែល​សរសេរ​ដោយ​លោក​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន ផ្ទាល់ដៃ លោក​កើត​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​១៩៥២ នៅ​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ប៉ុន្តែ​បើតាម​កូនប្រុស​បង្កើត​របស់លោក​ព្រឹទ្ធាចារ្យ គឺ​លោក ព្រឿង មូលី​ន បាន​អះអាងថា ឪពុក​របស់ខ្លួន​មាន​ជន្មាយុ​៧៣ ជា​អាយុ​ពិត​។ ចំណែក​អាយុ​ក្នុង​ឯកសារ​ផ្លូវការ​មួយចំនួន​នោះ ត្រូវបាន​កែ​។​
 
​លោក​ព្រឹទ្ធាចារ្យ​មាន​ឪពុក​ឈ្មោះ ប៊ិន ព្រឿង ជា​គ្រូភ្លេង​ពិណពាទ្យ​។ ម្ដាយ​ឈ្មោះ អ៊ឹម មួន ជា​មេផ្ទះ​។ នៅពេល​យុវ​បុរស ព្រឿង ព្រួ​ន មាន​អាយុ​២២​ឆ្នាំ លោក​ត្រូវបាន​ឪពុក​បង្ហាត់បង្រៀន​ឱ្យ​ចេះ​លេង​ឧបករណ៍​រនាតឯក​។ លោក​ត្រូវ​ឆ្លៀតពេល​ហាត់រៀន​រនាត នៅពេល​យប់​មួយ​ភ្លែតៗ ដោយ​ត្រូវ​ប្រើ​រយៈពេល​ជាង​មួយឆ្នាំ ទើប​អាច​ចូលរួម​ប្រគំ​ភ្លេង​ក្នុង​ពិធីបុណ្យ​បំបួស​នាគ បុណ្យ​កឋិនទាន និង​បុណ្យ​ផ្សេងៗ​ជាច្រើន​ទៀត​។ 
 
​ក្នុង​ឆ្នាំ​១៩៦៥ លោក​បាន​ចូលរៀន​នៅ​ព្រះបរមរាជវាំង ក្នុងនាម​ជា​កូនសិស្ស​ភ្លេងពិណពាទ្យ​ព្រះរាជ​ទ្រព្យ​។ ខណៈពេល​នោះ​លោក​បាន​ជួប​គ្រូ​ល្បីៗ​ជាច្រើន ដែល​លេងភ្លេង​នៅក្នុង​ព្រះបរមរាជវាំង ដូចជា លោក​ឧកញ៉ា​មហា​ធិបតី មាស ឌី លោកគ្រូ ព្រះ​សណ្ដាប់ សំ កេ​ត  លោកគ្រូ ហ្លួង សំនៀង​ទិព្វ ប្រម ធៀង លោកគ្រូ ឃុន​ស្រណោះ ថៃ ផាត់​។ លោកគ្រូ  ឃុន​សំនៀង​សូរសៀង​ភិរម្យ ឡុង ខៃ លោកគ្រូ ឃុន កល្ល​វេ​គ សេង ស៊ុំ ជាដើម​។ 
 
​ក្នុងពេលនោះ​លោក​ឧកញ៉ា មហា​ធិបតី មាស ឌី បាន​តម្រូវឱ្យ​លោក ព្រឿង ព្រួ​ន ហាត់​ឧបករណ៍​រនាតឯក ដោយ​លោកគ្រូ ឃុន ស្រណោះ ថៃ ផាត់ ជា​អ្នក​បង្ហាត់​ផ្ទាល់​។ 
​ការជួប​ជាមួយ​លោកគ្រូ​ដែលមាន​វិធីសាស្ត្រ​ខ្ពស់ រួមផ្សំ​នឹង​ទេពកោសល្យ​របស់លោក ព្រឿង ព្រួ​ន ដែលមាន​ស្រាប់​ផង មិនយូរប៉ុន្មាន​លោក​ក៏​អាច​លេង​ឧបករណ៍​រនាតឯក បាន​យ៉ាង​ស្ទាត់ជំនាញ​។  មានពេលខ្លះ​លោក​ឆ្លៀតពេល​ទៅ​ហាត់រៀន​ឧបករណ៍​គងធំ ពី​លោកគ្រូ ឃុន​សំនៀង​សូរសៀង​ភិរម្យ ឡុង ខៃ និង​ឧបករណ៍​រនាតធុង​ពី​លោកគ្រូ ឃុន​កល្ល​វេ​គ សេង ស៊ុំ ខ្លះៗ ប៉ុន្តែ​មិនអាច​សំដែង​បានល្អ ដូច​ឧបករណ៍​រនាត​ឯ​កឡើ​យ នៅពេលនោះ​។ 
 
​ក្នុង​ឆ្នាំ​១៩៦៨ លោក​បាន​ចូល​បំរើការ​ក្នុង​រាជការ នៅក្នុង​ព្រះបរមរាជវាំង មាន​ឋានៈ​ជា​ភ្នាក់ងារ​ភ្លេងពិណពាទ្យ​ព្រះរាជ​ទ្រព្យ កាន់​ឧបករណ៍​រនាតឯក បន្ទាប់មក គងធំ គងតូច រនាតធុង សំភោ ស្គរ​។​ល​។​
 
​ស្នាដៃ​សំខាន់​ក្រោយ​បែក​សម័យ​សង្គ្រាម​ខ្មែរក្រហម លោក​ព្រឹទ្ធាចារ្យ ព្រឿង ព្រួ​ន បាន​ប្រមូល​តន្ត្រីករ និង​សិល្បករ​ដែល​នៅ​សេសសល់​ពី​ការ​ប្រល័យពូជសាសន៍​ប៉ុលពត ដោយ​បង្កើតបានជា​ក្រុម​សិល្បៈ​មួយ​វង់ ប្រចាំ​ស្រុក​មុខកំពូល ខេត្តកណ្ដាល នៅ​ឆ្នាំ​១៩៧៩​។​
 
​ចំណែក​ស្នាដៃ​សំដែង​សិល្បៈ​នៅ​ប្រទេស​វិញ​រួមមាន នៅ​ឆ្នាំ​១៩៧០ លោក​បាន​ចូលរួម​មហោស្រព​សិល្បៈ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ទីក្រុង (SURABAYA) មាន​សិល្បករ​ចំនួន​៤០​រូប​ចូលរួម​។ ឆ្នាំ​១៩៧២ ចេញទៅ​សំដែង​សិល្បៈ​នៅ​សហរដ្ឋអាមេរិក​ទីក្រុង (NEW YORK, CHICAGO DEDROIT, LOS ANGELES, CALIFORNIA, SANFRANCISCO, BERKLEY, BOSTON, ROCHESTER, CORNEL,PHILADIPHIA,WASHINGTON និង​ទីក្រុង MONTREAL ប្រទេស CANADA ដោយមាន​សិល្បករ​៤៥​រូប​ចូលរួម​។ 
 
​ឆ្នាំ​១៩៧៣ លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​តន្ត្រី​អាស៊ី នៅ​ប្រទេស​ហ្វីលីពីន​ទីក្រុង MANILA និង​ប្រទេស​ជប៉ុន​នៅ​ទីក្រុង OSAKA ក្នុង​ពិធីបុណ្យ​ពិ​ពណ៌​អន្តរជាតិ ដោយមាន​សិល្បករ​ខ្មែរ​១៥​រូប​។ ឆ្នាំ​១៩៨៣ ចូលរួម​មហោស្រព​សិល្បៈ​នៅក្នុង​ប្រទេស​ឡាវ ទីក្រុង VIENGTAINE THATLUANG  មាន​សិល្បករ​ចំនួន​៣០​រូប​។
 
​ឆ្នាំ​១៩៩១ ចេញទៅ​សម្ដែង​សិល្បៈ​នៅ​សហរដ្ឋអាមេរិក ទីក្រុង LONG BICH, POVANA, SANDIEGO, BOSTON, LOWELL, WASHINGTON, និង VIGINIA ជាដើម ដែលមាន​សិល្បករ​ចំនួន​៥៥​រូប​។ ចុងឆ្នាំ​១៩៩៤ ចូលរួម​មហោស្រព​សិល្បៈ​នៅ​ប្រទេស​ថៃ ទីក្រុង CHIENG MAI មាន​សិល្បករ​ចំនួន​១៥​រូប​។ ឆ្នាំ​១៩៩៥ ចូលរួម​មហោស្រព​សិល្បៈ​នៅ​ប្រទេស​ថៃទី​ក្រុង BANGKOK និង​ទីក្រុង CHIENGMAI មាន​សិល្បករ​ចំនួន​៣៥​រូប​។ ឆ្នាំ​១៩៩៦ ចេញទៅ​សម្ដែង​សិល្បៈ​នៅ​ប្រទេស​ជប៉ុន ទីក្រុង TOKYO, KUMAMOTOC MINIMATA មាន​សិល្បករ​ចំនួន​៣៨​រូប​។ ឆ្នាំ​ដដែល​នេះ​លោក​ក៏បាន​ចូលរួម​សិក្ខាសាលា​តន្ត្រី ASIAN នៅ​ប្រទេស​ថៃទី​ក្រុង MAHASARA KHAM, KON KEN ឧបត្ថម្ភ​ដោយ​អង្គការ ROCKE FELLER FOUNDATION មាន​តន្ត្រីករ​៥​រូប​។ ឆ្នាំ​១៩៩៧ ចេញទៅ​សម្ដែង​សិល្បៈ​នៅ​ប្រទេស​បារាំង ទីក្រុង PARIS, MONTPELIER, MOULHOUSE មាន​សិល្បករ​៤០​រូប​។ ទៅ​សម្ដែង​នៅ​ប្រទេស​អ៊ីតាលី ទីក្រុង ROME មាន​សិល្បករ​៤០​រូប និង​ទៅ​សម្ដែង​នៅ​ប្រទេស​ដា​ណឺ​ម៉ាក មាន​សិល្បករ​៣៦​រូប​៕
 

Tag:
 ព្រឿង ព្រួ​ន​
  តន្ត្រីករ​
  សិល្បៈ​
  ភ្លេង​
  ធនធានមនុស្ស​
  អាជីព​
 
© រក្សាសិទ្ធិដោយ thmeythmey.com