COVID-19
កីឡាជាតិ
ជាតិ
កូ​វីដ​-១៩ ធ្វើ​ឲ្យ​ទិវា​រត់ប្រណាំង​ដែល​ទាក់ទាញ​មនុស្ស​រាប់​មុឺន​នាក់​នៅ​ចុងឆ្នាំ ស្ថិតក្នុង​ភាពស្រពេចស្រពិល​
08, May 2020 , 9:59 am        
រូបភាព
ដោយ:
​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​(​កូ​វីដ​-១៩) បានធ្វើ​ឲ្យ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា​ត្រូវបាន​ផ្អាក​ដំណើរការ​។ វា ក៏បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន ដែល​អាច​ទាក់ទាញ​អ្នករត់​រាប់ម៉ឺន​នាក់​នៅ​សៀមរាប​នា​ចុងឆ្នាំ​នេះ ស្ថិតក្នុង​ភាពស្រពេចស្រពិល​ផងដែរ​។​

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា ដំណើរកា​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្តសៀមរាប​ចុងឆ្នាំ​នេះ កំពុងស្ថិត​ក្នុង​ភាពស្រពេចស្រពិល ក្រោយ​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ មកទល់ពេលនេះ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ ពុំទាន់​សម្រេច ថា​តើ​ត្រូវ​ផ្អាក ឬ​រៀបចំ​នៅឡើយ​ទេ​។ 
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​លទ្ធផល​សម្រេច​យ៉ាងណា​នឹង​ដឹង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ «​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​នៅ​ខេត្តសៀមរាប យើង​ទុក​មើល​សភាព​ការ​សិន នៅក្នុង​ខែមិថុនា ឬ​ខែកក្កដា យើង​នឹង​ប្រកាស​ពី​ការផ្អាក ឬ​បន្តដំណើរ​រៀបចំ​នៃ​ព្រឹត្តិការណ៍​នេះ​»​។​
 
​ក្នុងករណី​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រំសាយ​ចោល កម្ពុជា​នឹង​បាត់បង់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​រាប់ម៉ឺន​នាក់ ព្រោះ​ព្រឹត្តិការណ៍​ដែល​គ្រោង​រៀបចំ​ក្នុងអំឡុង​ខែធ្នូ​ចុងឆ្នាំ​២០២០​នេះ ជា​សមិទ្ធផល​កីឡា​ទេសចរណ៍ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៩ ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​អត្ត​ព​លិ​ក​១០,៥០០​នាក់​មកពី​៧៨​ប្រទេស​ចូលរួម​។ 


 
​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ គឺធ្វើឡើង​ដើម្បី​ប្រមូល​ថវិកា​សប្បុរសធម៌​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​នានា និង​ជួយ​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ថែរក្សា ការពារ​បរិស្ថាន​បៃតង​ក្នុង​បរិវេណ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​ជាដើម​។ ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​។ 
 
​កម្ពុជា​បានសម្រេច​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​លំដាប់​អន្តរជាតិ​ធំៗ​ចំនួន​ពីរ​ផងដែរ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ ព្រឹត្តិការណ៍​ទាំងពីរ​នោះ​រួមមាន​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ភ្នំពេញ ដែល​គ្រោង​ធ្វើឡើង​នា​អំឡុង​ខែមិថុនា និង​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ​នៅ​ខេត្តសៀមរាប​នា​អំឡុង​ខែសីហា​ឆ្នាំ​២០២០​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៧ ឧសភា ឆ្នាំ​២០២០ កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​ពីរ​នាក់ ដែល​បន្ត​សម្រាក​ព្យាបាល ខណៈ​អ្នកជំងឺ​១២០​នាក់​បាន​ព្យាបាល​ជាសះស្បើយ ក្នុងចំណោម​អ្នកជំងឺ​សរុប​ចំនួន​១២២​នាក់​៕  





Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​
  រត់ប្រណាំង​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com