ជាតិ
កសិករ​វ័យក្មេង នី ប៊ុន​ថា​៖«​មាន់​ខ្មៅ ស្រួល​ចិញ្ចឹម និង​លក់បាន​ថ្លៃ​»
08, May 2020 , 11:29 am        
រូបភាព
​ភ្នំពេញ​៖ ការចិញ្ចឹម​មាន់​ខ្មៅ មាន​ភាពងាយស្រួល ដូច​ចិញ្ចឹម​មាន់​ស្រែ​ដែរ ទាំង​ការថែទាំ ការ​ឲ្យ​ចំណី និង​ការរៀបចំ​ទ្រុង​របស់​វា​។ នេះ​បើតាម​លោក នី ប៊ុន​ថា ដែល​បាន​ជោគជ័យ​នឹង​របរ​ចិញ្ចឹម​មាន់​ខ្មៅ​នេះ ដោយបាន​បន្តថា មាន់​ខ្មៅ​ងាយ​ចិញ្ចឹម និង​លក់បាន​ថ្លៃ​ជាង​មាន់​ស្រែ ដល់​ទៅ​៣​ដង​ឯណោះ​។


​សូម​អញ្ជើញ​ស្ដាប់​ការចែករំលែក​របស់លោក នី ប៊ុន​ថា កសិករ​ចិញ្ចឹម​មាន់​ខ្មៅ នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង ដូចតទៅ​៖ 



 
​ក្រោយ​ទទួលបាន​ជោគជ័យ​នឹង​ការចិញ្ចឹម​មាន់​ខ្មៅ លោក នី ប៊ុន​ថា ដែលជា​កសិករ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង បាន​ជំរុញ​ឲ្យ​កសិករ​ដទៃ ងាក​មក​ចិញ្ចឹម​មាន់​ខ្មៅ ដើម្បី​បង្កើន​ប្រាក់ចំណូល​។ បើតាម​កសិករ​វ័យ​២៦​ឆ្នាំ នី ប៊ុន​ថា មាន់​ខ្មៅ​មានតម្លៃ​ថ្លៃ​ជាង​មាន់​ស្រែ ដល់​ទៅ​៣​ដង​ឯណោះ​។ លោក នី ប៊ុន​ថា ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​៖«​តម្លៃ​មាន់​ខ្មៅ និង​មាន់​ស្រែ គឺ​ខុសគ្នា​គុណ​នឹង​៣​។ មាន់​ខ្មៅ អាច​លក់បាន​តម្លៃ​ពី ៦-៨​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​»​។ 
 
​ការថែទាំ ការដាក់​ចំណី​សម្រាប់​មាន់​ខ្មៅ មិនមាន​ភាពខុសគ្នា​ពី​ការចិញ្ចឹម​មាន់​ស្រែ​នោះទេ​។ មិនតែប៉ុណ្ណោះ លោក នី ប៊ុន​ថា អះអាងថា មាន់​ខ្មៅ​លូតលាស់​លឿន​ជាង​មាន់​ស្រែ ហើយ ជា​សត្វ​ស៊ាំ​នឹង​អាកាសធាតុ​ផងដែរ​។ បើតាម​កសិករ នី ប៊ុន​ថា មាន់​ខ្មៅ​នេះ អាច​លក់បាន​គឺ​អាយុ​ពី​២​ទៅ​៣​ខែ មាន​ទម្ងន់​ពី​១​គីឡូ​២​ខាំ ទៅ​១​គីឡូ​៥​ខាំ ដែល​គេ​ទិញ​សម្រាប់ធ្វើ​ពូជ​បន្ត ឬ​យកទៅ​បរិភោគ និង​ចិញ្ចឹម​លម្អ​ជាដើម​។ 
 
​កសិករ​រូបនេះ បន្តថា នៅពេល​កូន​មាន់​ខ្មៅ​មាន​អាយុ ២១​ថ្ងៃ គឺអាច​លក់​ក្នុងតម្លៃ ៣​ដុល្លារ​ក្នុង​មួយ​ក្បាល ខណៈ​កូន​មាន់​ស្រែ​មានតម្លៃ​ត្រឹម ៥-៦​ពាន់​រៀល​ប៉ុណ្ណោះ​។ រសជាតិ​ឆ្ងាញ់ និង​ជួយ​ដល់​សុខភាព ទើប​ធ្វើ​ឲ្យ​មាន់​ខ្មៅ មានតម្លៃ​ថ្លៃ​។ នេះ​បើតាម​លោក នី ប៊ុន​ថា​៕
 
រូបភាពពី​លោក នី ប៊ុនថា៖







Tag:
 កសិកម្ម​
  មាន់​ខ្មៅ​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com