ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​? ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាចមកពី​មូលហេតុ​ទាំងនេះ​
08, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ការទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​អាច​បណ្ដាលឱ្យ​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ទោះជា​យ៉ាងណា​ក្រៅពី​ការទទួល​ទាន​មិនបាន​គ្រប់គ្រាន់ ការ​រាក បែកញើស​ច្រើន ក៏​នៅមាន​មូលហេតុ​មួយចំនួនទៀត​អាច​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ផងដែរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ស្មាន​មិន​ដល់​មួយចំនួន​ដែល​អាច​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ៖
 
១. ការ​ទទួលទាន​កាហ្វេ​
 
​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ​បង្កើន​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​ធ្វើអោយ​អ្នក​នោម​ញឹក​ជាង​មុន ហើយ​បាត់បង់​ជាតិ​ទឹក​ច្រើន​ចេញពី​រាងកាយ​។​ការ​ទទួលទាន​កាហ្វេ​ត្រឹម​មួយ​ពែង​នឹងមិន​ធ្វើអោយ​អ្នក​ខ្សោះ​ជាតិ​ទឹក​ឡើយ ប៉ុន្តែ​ពី ៣ ទៅ ៤ ពែង​ក្នុង​មួយថ្ងៃ​អាច​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​គួរឱ្យ​បារម្ភ​។​
 
២. ការទទួល​ទាន​គ្រឿង​ស្រវឹង​
 
​ក៏​មិន​ខុសពី​កាហ្វេ​ដែរ គ្រឿង​ស្រវឹង​ក៏មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​ដូចគ្នា​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​នឹងធ្វើ​អោយ​អ្នក​ខ្សោះ​ជាតិ​ទឹក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ទទួលទាន​ត្រឹម​កម្រិត​មធ្យម គឺ ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី និង ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​។​
 
៣. ការទទួល​ទាន​អាហារ​កែច្នៃ​
 
​មិន​ត្រឹមតែ​មិនល្អ​ចំពោះ​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើអោយ​អ្នក​ខ្សោះ​ជាតិ​ទឹក​ផងដែរ​។ នោះ​ក៏​ព្រោះតែ​រាងកាយ​បង្កើន​ការផលិត​ទឹកនោម​ធ្វើអោយ​អ្នក​នោម​ញឹក​ជាង​មុន​ដើម្បី​កម្ចាត់​ជាតិពុល​នៃ​អាហារ​កែច្នៃ​ចេញពី​រាងកាយ​។​ជាពិសេស​នោះ គឺ​អាហារ​កែច្នៃ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​និង​ស្ករ​ដែល​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​គួរ​ឲ្យ​កត់សម្គាល់​។​
 
៤. ការទទួល​ទាន​អាហារ​ផ្អែម​ច្រើន​
 
​ក្រៅពី​ធ្វើឱ្យ​កើន​ទម្ងន់​ហើយ​នោះ អាហារ​ផ្អែមៗ​ក៏​បណ្ដាលឱ្យ​បាត់បង់​ជាតិ​ទឹក​ក្នុង​រាងកាយ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ដើម្បី​កម្ចាត់​ជាតិ​ស្ករ​ដែល​លើសពី​ក្នុង​លំហូរ​ឈាម​រាងកាយ​នឹង​រំញោច​ឱ្យ​តម្រងនោម​ផលិត​ទឹកនោម​កាន់តែ​ច្រើនជាង​មុន​។ ហើយ​អ្នក​កាន់តែ​នោម​ញឹក​ប៉ុណ្ណា ជាតិ​ទឹក​ក៏​បាត់បង់​ច្រើន​តាម​នោះ​។​
 
៥. ការទទួល​ទាន​អាហារ​ហឹរ​
 
​អាហារ​ហឹរ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​មិន​ត្រឹមតែ​ដុតបំផ្លាញ​កាឡូរី​បន្ថែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រើប្រាស់​ទឹក​ច្រើន​ផងដែរ​។​

៦. ជីវិត​ពោរពេញ​ដោយ​ភាព​ស្ត្រេ​ស​
 
​ជីវិត​ពោរពេញ​ដោយ​ភាព​ស្ត្រេ​សនឹង​បណ្ដាលឱ្យ​លំហូរ​ឈាម​ជោគ​ជន់​ទៅដោយ​គ្រប់​ប្រភេទ​នៃ​អ័រម៉ូន​ស្ត្រេ​ស​។ អ័រម៉ូន​ស្ត្រេ​ស​មួយចំនួន​ត្រូវបាន​ផលិតឡើង​ដោយ​ក្រពេញ​ដែល​ទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​សារធាតុ​រាវ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​អាច​នឹង​ជួបប្រទះ​អាកា​រៈ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ប្រសិនបើ​ស្ត្រេ​ស​ពេក​។​
 
៧. ការ​មក​រដូវ​

​ការ​មក​រដូវ​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្ដាលឱ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ផងដែរ​។ ទី ១ នោះ គឺ​វា​បណ្ដាលឱ្យ​អតុល្យភាព​នៃ​អ័រម៉ូន​ដែល​បង្កបញ្ហា​អតុល្យភាព​នៃ​សារធាតុ​រាវ​។ ទី ២ នោះ គឺ​ដោយសារ​ឈាមរដូវ​ដែល​អ្នក​បាត់បង់​កំឡុងពេល​មក​រដូវ​។ ហើយ​សមាសធាតុ​មួយ​នៃ​ឈាម​គឺ​ទឹក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com