COVID-19
កីឡាជាតិ
ជាតិ
ក្លិប​ហាត់ប្រាណ ទីលាន​បាល់ទាត់​ឯកជន ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់​លើ​ការបើក​សេវាកម្ម​ឡើងវិញ​
08, May 2020 , 8:29 pm        
រូបភាព
ដោយ:
​ទោះបី​ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ភាព​ធូរស្បើយ​ក៏ដោយ តែ​ក្រសួង​អប់រំ យុវជន និង​កីឡា​ពុំទាន់​អនុញ្ញាត​ឲ្យ​មានការ​ហាត់ប្រាណ​តាម​ទីលាន​សាធារណៈ និង​ឯកជន​លក្ខណៈ​ជួបជុំ​នៅឡើយ​ទេ​។ ក្លិប​ហាត់ប្រាណ និង​ទីលាន​បាល់ទាត់​ឯកជន​ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង​ពាក់ព័ន្ធ​រឿង​កូ​វីដ​-១៩ បើ​បើក​ដំណើរ​មុន​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​។​

 
​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​បញ្ជាក់ថា ក្រសួង​អប់រំ​យុវជន​និង​កីឡា​ពុំទាន់​អនុញ្ញាត​ឲ្យ​ក្លិប​ហាត់ប្រាណ និង​ទីលាន​បាល់ទាត់​ឯកជន​បើក​ដំណើរការ​នៅឡើយ​ទេ​។ លោក​សង្កត់ធ្ងន់ថា បើ​មាន​ក្លិប​ហាត់ប្រាណ ឬ​ទីលាន​បាល់ទាត់​ឯក​បើក​ដំណើរ​មុន​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង បើ​មាន​ករណី​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
«​អ្នកណា​ដែល​បើក​ផ្ទុយ​ពី​គោលការណ៍​បច្ចេកទេសរ​បស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង​។ ក្រសួង​មិន​អនុញ្ញាត​ទេ តែបើ​រាជរដ្ឋាភិបាល​ផ្សព្វផ្សាយ​មក​ថា វា​(​កូ​វីដ​-១៩)​មាន​ភាព​ធូរស្រាល​អាចធ្វើ​សកម្មភាព​វិញ​បាន ក្រសួង​នឹង​ចេញ​សេចក្តីជូនដំណឹង​មួយ​ទៀតថា អាច​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ុក សិទ្ធិ​ជាតិ​។ 
 
​ថ្នាក់ដឹកនាំ​កីឡា​រូបនេះ​អះអាងថា ក្រសួង​អប់រំ​ពុំមាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ចុះទៅ​ហាមឃាត់​ការបើក​ដំណើរការ​ក្លិប​ហាត់ប្រាណ និង​ទីលាន​បាល់ទាត់​ឯកជន​ដល់​កន្លែង​នោះទេ​។ 
 
«​ធម្មតា​ក្រសួង​អប់រំ​យុវជន និង​កីឡា​មានអី​ទៅ​ហាមឃាត់​គាត់ យើង​មានតែ​សេចក្តីណែនាំ​...​ការហាមឃាត់ ឬ​ការ​អី​នឹង មាននៅ​ក្នុង​ខ្លឹម​សារលិខិត ហើយ​យើង​គ្មាន​កម្លាំង​ឯណា​ទៅ​ហាមឃាត់ ទាល់តែ​សមត្ថកិច្ច​។ យើង​បាន​ផ្ញើលិខិត​ទៅកាន់​អាជ្ញាធរ ដែលមាន​សមត្ថកិច្ច ដើម្បី​ធ្វើ​កិច្ចការងារ​នឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុក សិទ្ធិ​ជាតិ​។​
 
​គួររំលឹកថា ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពីដើម​ខែមេសា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​សម្រេច​ឲ្យ​ផ្អាក​អាជីវកម្ម​ក្លិប​ហាត់ប្រាណ ទីលាន​បាល់ទាត់ និង​ការហាត់​ប្រាណ​នៅតាម​ទីលាន​សាធារណៈ និង​ឯកជន​នានា ដែលមាន​លក្ខណៈ​ជួបជុំ ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕     

Tag:
 ​អ៊ុក សិទ្ធិ​ជាតិ​
  ក្រសួង​អប់រំ យុវជន និង​កីឡា​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com