ជាតិ
២៥ខេត្ត/រាជធានី
«​កោះ​សាមសិប​» ប្រែ​ពី​តំបន់​នេសាទ​ខុសច្បាប់ មកជា​សហគមន៍​ទេសចរណ៍​ថ្មី​នៃ​ដង​ទន្លេមេគង្គ​
09, May 2020 , 10:29 am        
រូបភាព
​ក្រចេះ​៖ «​កោះ​សាមសិប​» ជា​តំបន់​អេកូ​ទេសចរណ៍​ថ្មី​មួយ​លាតសន្ធឹង​តាម​ដង​ទន្លេមេគង្គ នៃ​ខេត្តក្រចេះ​។ កោះ​នេះ ស្ថិតក្នុង​កម្រង​កោះ​មួយ​ក្នុងចំណោម​កោះ​ទាំងអស់​ជាង​៣០ ដែល​ស្ថិតនៅ​ក្នុងភូមិ​ចំនួន​៣ នៃ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។ កោះ​សាមសិប បានប្រែក្លាយ​ពី​តំបន់​នេសាទ​ខុសច្បាប់ មកជា​តំបន់​អភិរក្ស​ប្រភេទ​ត្រី និង​សត្វ​ស្លាប​ជិត​ផុត​ពូជ​ក្នុង​ទន្លេ​ង​មេគង្គ ហើយ​ក្លាយជា​សហគមន៍​ទេ​កូ​ទេសចរណ៍​ថ្មី​មួយ ដែល​ផ្តល់​ចំណូល​ដល់​ប្រជា​សហគមន៍​នៅក្នុង​តំបន់​នោះ​។


​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​វីដេអូ​ខាងក្រោម​៖
 
 
«​នៅ​តំបន់​នេះ (​កោះ​ខ្សាច់​ខ្ពស់​) ជា​តំបន់​ក្ដៅគគុក​ពាក់ព័ន្ធ​នឹង​ការនេសាទ​ខុសច្បាប់​។ ជាក់ស្ដែង ខ្ញុំ​ធ្លាប់​មក​ទីនេះ​ពីមុនមក ខ្ញុំ​ក៏​ធ្លាប់​ជួប​ទូក​នេសាទ​ខុសច្បាប់​ចេញ​ឆក់​ទាំង​ទូក​តែម្ដង​។ ការនេសាទ​ខុសច្បាប់ នាំ​ឲ្យ​ប៉ះពាល់​ខ្លាំង​មែនទែន លើ​ធនធានធម្មជាតិ​»​។ នេះ​ជាការ​រៀបរាប់​ពី​ទិដ្ឋភាព​ជាក់​ស្តែក ដែល​លោក ណុប វណ្ណា​រិ​ទ្ធិ មន្ត្រី​សម្របសម្រួល​របស់​អង្គការ NTFP EP កម្ពុជា បានឃើញ​ផ្ទាល់​ភ្នែក ប្រាប់ ThmeyThmey25 ។​
 
​បង្កើតឡើង​នៅ​ឆ្នាំ​២០១៨ ដោយមាន​ការគាំទ្រ​ដោយ​អង្គការ NTFP-EP Cambodia និង​អង្គការ WWF «​កោះ​សាមសិប​» ជា​តំបន់​ប្រជុំ​ទៅដោយ​កោះ​តូចធំ​ជាច្រើន ដែល​គ្របដណ្ដប់​ដោយ​ព្រៃឈើ​តូចធំ និង​ជា​បណ្ដុំ​សរសៃទឹក និង​ជីវចម្រុះ​នៃ​ដង​ទន្លេមេគង្គ​។ នៅ​ខែឧសភា​នៃ​ឆ្នាំ​ដដែល មន្ទីរ​ទេសចរណ៍​, កសិកម្ម​, បរិស្ថាន​, អាជ្ញាធរ​ឃុំ និង​ស្រុក​សំបូរ ខេត្តក្រចេះ បានសម្រេច​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ដឹក​នាំ​កោះ​សាមសិប​នេះ​។​


 ទិដ្ឋភាពកោះសាមសិប ដែលជាសហគមន៍អេកូរទេសចរណ៍ថ្មីនៃដងទន្លេមេគង្គ កាលពីថ្ងៃទី១១ ខែគុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ NTEP FP Cambodia
​គោលបំណង​ពីរ​សំខាន់​ដែល​សម្រេច​បង្កើត​សហគមន៍ និង​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​កោះ​នេះ ត្រូវបាន​លោក ណុប វណ្ណា​រិ​ទ្ធិ បាន​ឲ្យ​ដឹង​ដូច្នេះ​៖«​ទី​១ បង្កើន​ជីវភាព​របស់​ពលរដ្ឋ​រស់នៅ​តំបន់​ហ្នឹង ដោយ​បង្វែ​ពី​ការកាប់​ព្រៃឈើ និង​នេសាទ ដើម្បី​មកជា​ការផ្ដល់​សេវាកម្ម​វិញ​។ ទី​២ គឺ​ការអភិរក្ស​ជាការ​ងារ​ស្នូល​នៃ​តំបន់​នេះ​។ ភ្ញៀវ​ទេសចរណ៍ ដែល​មកលេង​កម្សាន្ត​នៅ​កោះ​សាមសិប នឹង​ទទួលបាន​ការណែនាំ​អំពី​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​នៃ​ដង​ទន្លេមេគង្គ​»​។​
 
​សកម្មភាព​សហគមន៍​កោះ​សាប​សិប ដំណើរការ​កាន់តែ​រីកចម្រើន​ពីមួយ​ជំហាន​ទៅមួយ​ជំហាន តែ​សកម្មភាព​ទេ​សាទ​ខុសច្បាប់​ដោយ​ជន​ខិល​ខួច​មួយចំនួន​នៅតែ​កើតមាន​។ មន្ត្រី​សម្របសម្រួល​របស់​អង្គការ NTFP EP កម្ពុជា លោក ណុប វណ្ណា​រិ​ទ្ធិ ដែល​កំពុង​បន្តការងារ​គាំទ្រ​សហគមន៍​កោះ​នេះ បញ្ជាក់ថា បច្ចុប្បន្ន​មន្ត្រី​អភិរក្ស និង​ក្រុមការងារ​ប្រចាំ​កោះ​សាមសិប នៅតែ​ព្រួយបារម្ភ​បាត់បង់​ជលផល​, ជីវចម្រុះ និង​សត្វ​ស្លាប​នៃ​តំបន់​នេះ ដោយសារតែ​ក្រុមការងារ​អភិរក្ស​ធ្លាប់​ជួបប្រទះ​ទូក​នេសាទ​ខុសច្បាប់​។ 
 
​ដើម្បី​ធ្វើដំណើរ​មកដល់​សហគម​ន៍​អេកូរ​ទេសចរណ៍​«​កោះ​សាមសិប​» ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ត្រូវ​ជិះទូក​សហគមន៍ រយៈពេល​ជាង​១​ម៉ោង តាម​ដង​ទន្លេមេគង្គ​។ នៅ​ទីនោះ​អ្នកទេសចរ អាច​ជិះទូក​មើល​សម្រស់​ព្រៃ​លិច​ទឹក មើល​ថ្ងៃ​លិច និង​ថ្ងៃ​រះ​, ថតរូប​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ​, គយគន់​ព្រៃ​លិច​ទឹក​,​និង​បោះតង់​សម្រាក​នៅលើ​ឆ្នេរ​ខ្សាច់​សក្បុស​។ ប៉ុន្តែ គេ​អាច​ទៅ​ទស្សនា​កោះ​នេះ​បានតែ​រដូវ​ទឹក​ស្រក​ប៉ុណ្ណោះ ព្រោះ​ជា​ពេល​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​បាន​រំលេច​ខ្លួន​ឡើង ហើយ​អាច​មើលឃើញ​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​មេ​ពូជ​កម្រ​ជាច្រើន​ប្រភេទ និង​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វ​ស្លាប​ប្រមាណ​២១៨​ប្រភេទ រួមមាន​សត្វ​ស្លាប​ដែល​កម្រ​ជិត​ផុត​ពូជ​ផងដែរ​៕

Tag:
 ថ្មីៗ​២៥
  កោះ​៣០
  កោះ​សាមសិប​
  អេកូរ​ទេសចរណ៍​
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com