COVID-19៖ កូរ៉េខាងត្បូង បង្កើន​ការប្រុងប្រយ័ត្ន​ក្រោយរក​ឃើញ១៥ករណីថ្មីនៅក្លិបកម្សាន្ត
COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង បង្កើន​ការប្រុងប្រយ័ត្ន​ក្រោយរក​ឃើញ១៥ករណីថ្មីនៅក្លិបកម្សាន្ត
08, May 2020 , 4:37 pm        
រូបភាព
ប្រជាជនកូរ៉េខាងត្បូង ដើរកម្សាន្តនៅក្នុងទៅក្រុងសេអ៊ូល។ រូបភាព Bloomberg
ប្រជាជនកូរ៉េខាងត្បូង ដើរកម្សាន្តនៅក្នុងទៅក្រុងសេអ៊ូល។ រូបភាព Bloomberg
​កូរ៉េខាងត្បូង បាន​បង្កើន​ការប្រុងប្រយ័ត្ន​របស់ខ្លួន ខណៈ​ករណី​ឆ្លង COVID-19 ប្រចាំ​បាន​កើន​ឡើងដល់​ចំនួន​ពីរ​ខ្ទង់​ក្រោយ​ការបន្ធូរបន្ថយ​កា​ររ​រឹតត្បិត និង​ការអនុវត្ត​គម្លាត​សុវត្ថិភាព​។ អាជ្ញាធរ​សុខាភិបាល​ប្រទេស​នេះ នៅ​ថ្ងៃទី​៨ ខែឧសភា ក៏បាន​ប្រកាស​ពី​បណ្ដុំ​ករណី​ឆ្លង COVID-19 ថ្មី​ដែល​កើតមាន​ក្នុង​កន្លែង​ក្លិប​កម្សាន្ត​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ បណ្ដុំ​ករណី​ឆ្លង​ថ្មី​នេះ មាន​អ្នក​ឆ្លង​១៥​នាក់ ហើយ​អាជ្ញាធរ​រំពឹងថា ចំនួន​នេះ​អាច​កើនឡើង​ថែមទៀត​។​

 
​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​កូរ៉េ (KCDC) បានប្រកាស​នៅ​ថ្ងៃទី​៨ ខែឧសភា ពី​ករណី​ជំងឺ COVID-19 ចំនួន​១២​នាក់​ទៀត ដែល​ភាគច្រើន​ជា​ករណី​នាំចូល​។ តួលេខ​ឆ្លង​សរុប​នៅ​ប្រទេស​នេះ ឡើងដល់​១០៨២២​នាក់​។ អ្វីដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​នោះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ក៏​ប្រកាស​ពី​ករណី​ឆ្លង​ថ្មី​ចំនួន​១៣​នាក់​ទៀត ដែលជា​បណ្ដុំ​ឆ្លង​ថ្មី​។​
 
​ករណី​ឆ្លង​ទាំងអស់​នៅ​ថ្ងៃទី​៨ ខែឧសភា​នេះ ជាប់ទាក់ទង​នឹង​បុរស​ម្នាក់​ដែល​ត្រូវបាន​រកឃើញថា មាន​ផ្ទុក COVID-19 ។ ទីភ្នាក់ងារ​ព័ត​មាន Yonhap ផ្សាយ​ថា បុរស​វ័យ​២៩​ឆ្នាំ​ម្នាក់នេះ ចូលទៅ​កម្សាន្ត​ក្នុង​ក្លិប​ចំនួន​៣ ក្នុង​តំបន់​ពហុវប្បធម៌ Itaewon ដ៏​ល្បីឈ្មោះ​ប្រចាំ​រដ្ឋធានី​សេ​អ៊ូ​ល នៅមុន​ប៉ុន្មាន​ថ្ងៃ​ដែល​រដ្ឋាភិបាល​សម្រេចចិត្ត​បន្ធូរបន្ថយ​ការ​រឹតត្បិត​។ មកទល់ពេលនេះ មនុស្ស​១៥​នាក់​ហើយ​ដែល​រកឃើញថា មាន COVID-19 ក្រោយ​ទៅកាន់​ទីតាំង​កម្សាន្ត​នោះ​។​
 
​បើតាម​អាជ្ញាធរ​កូរ៉េខាងត្បូង មនុស្ស​យ៉ាងហោចណាស់​១៥០០​នាក់ បាន​ទៅ​កម្សាន្ត​ក្នុង​ក្លិប និង​បារ​ដែល​បុរស​ខាងលើ​មាន​វត្តមាន ខណៈ​បុរស​ដដែល​នេះ ក៏​មិនបាន​ពាក់​ម៉ាស់​ការពារ​ទៅទៀត​។ អនុរដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង Kim Gang-lip ព្រមាន​ថា ចំនួន​ករណី​ឆ្លង​ទាក់​ទំនង​បណ្ដុំ​ថ្មី​នេះ ទំនង​កើនឡើង​ថែមទៀត​។ លោក​បាន​ទទូច​ឲ្យ​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ទីតាំង​ទាំងនោះ ដាក់ខ្លួន​ឯង​នៅ​ដោយឡែក​តាម​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ទាក់ទង​ទៅកាន់​មន្ត្រី​សុខាភិបាល​។​
 
​លើសពីនោះ ប្រតិបត្តិ​ការតាមរក​អ្នក​ដែល​ទៅកាន់​ក្លិប​ខាងលើ ក៏​ធ្វើ​ឡើងជា​ប្រញាប់​ផងដែរ ដោយ​ប្រើប្រាស់​ការចាយវាយ​តាម​កាត​អេ​ឡិច​ត្រូ​និ​ច និង​កាមេរ៉ា​ដើម្បី​ចាប់​ទិសដៅ​ធ្វើដំណើរ​ផងដែរ​។ ការរកឃើញ​បណ្ដុំ​ករណី​ឆ្លង​ថ្មី ក៏​បង្ខំ​ឲ្យ​អាជ្ញាធរ​កូរ៉េខាងត្បូង ត្រូវ​បង្កើន​ការ​ប្រយ័ត្ន​មួយកម្រិត​វិញ​ក្រោយ​ការបន្ធូរបន្ថយ នៅពេលដែល​និ​ន្ន​ការឆ្លង​ថ្មី​ធ្លាក់ចុះ​។ 
 
​ជា​វិធានការ​ថ្មី រដ្ឋាភិបាល​កូរ៉េខាងត្បូង ក៏​ដាក់ចេញ​ការណែនាំ​ថ្មី​មួយ ដោយ​លើកទឹកចិត្ត​ឲ្យ​ទីតាំង​កម្សាន្ត​ទាំងអស់​នៅ​ទូទាំង​បន្ត​បិទទ្វារ​មួយខែ​ទៀត​។ ប៉ុន្តែ​វិធានការ​នេះ មិនមែនជា​ការដាក់កំហិត​ឡើយ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com