COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
តម្លៃ​ផ្ទេរ​កីឡាករ​នៅ​អឺរ៉ុប​អាច​ធ្លាក់ចុះ​ពី​៧​ទៅ​១០​ពាន់​លាន​ដុល្លារ ដោយសារ COVID-19
08, May 2020 , 9:59 pm        
រូបភាព
​តម្លៃ​ផ្ទេរ​កីឡាករ​ក្នុង​លី​គ​កីឡាបាល់ទាត់​កំពូល​ទាំង​១០​នៅ​អឺរ៉ុប​អាច​ធ្លាក់ចុះ​រហូតដល់ ១០ ពាន់​លាន​អឺរ៉ូ (១០,៨ ពាន់​លាន​ដុល្លារ​អាមេរិក​) ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ដែល​បង្កដោយ​វិបត្តិ​ជំងឺ COVID-19​។ នេះ​បើតាម​ការសិក្សា​របស់​ក្រុមហ៊ុន​គណនេយ្យ KPMG ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៦ ខែឧសភា​។​


 
​ការចំណាយ​លើ​ការផ្ទេរ​កីឡាករ​ត្រូវបាន​គេ​រំពឹងថា នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយសារ​ក្លិប​នៅ​ទូទាំង​ទ្វីបអឺរ៉ុប​កំពុង​ប្រឈម​នឹង​ការខាតបង់​ដ៏​ធំ​មិន​ធ្លាប់មាន​ដែល​បណ្តាលមកពី​ការបិទ​កីឡាបាល់ទាត់​។​
 
​ក្លិប​កំពូលៗ នៅ​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​អេ​ស្ប៉ា​ញ​នៅតែ​ប្តេជ្ញាចិត្ត​ត្រឡប់​ទៅកាន់​ការប្រកួត​ឡើងវិញ​ដើម្បី​បញ្ចប់​រដូវ​កាល ២០១៩-២០ រៀងខ្លួន ដូច្នេះ​ពួកគេ​នឹង​អាចបំពេញ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ទូរទស្សន៍ និង​អាច​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្លិប​បាន​មួយចំនួន​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រុមហ៊ុន KPMG ប៉ាន់​ស្មានថា លី​គ​កំពូល​ទាំង​៥​របស់​អឺរ៉ុប​រួមទាំង​បារាំង​ដែល​បាន​រំសាយ​លី​គ​របស់ខ្លួន​ដោយសារ COVID-19 អាច​នឹង​ខាត​ប្រាក់ ៤ ពាន់​លាន​អឺរ៉ូ (៤,៣៣ លាន​ដុល្លារ​អាមេរិក​) ប្រសិនបើ​លី​គ​មិនអាច​បញ្ចប់​រដូវ​កាល​បាន​ទេនោះ​។​
 
​ក្រៅពី​លី​គ​កំពូល​ទាំង​៥​ខាងលើ ការសិក្សា​របស់ KPMG ក៏បាន​មើលទៅ​លើ​លី​គ​កំពូល បែលហ្ស៊ិក ហូ​ឡង់ ព័រទុយហ្កាល់ តួ​ក​គី និង​លី​គ​ទី​ពីរ​អង់គ្លេស​ផងដែរ ដោយ​លី​គ​ទាំងនេះ​ក៏​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អឺរ៉ុប​។​
 
​ជាមួយនឹង​ការចំណាយ​លើ​ការ​ទិញដូរ​តិចតួច នោះ​ចំនួន​ទឹកប្រាក់​សម្រាប់​ចំណាយ​ជុំវិញ​ការទិញ​ដូរ​កីឡាករ​អាច​នឹង​ធ្លាក់ចុះ​ដល់​ចំនួន ១០,៨ ពាន់​លាន​ដុល្លារ​អាមេរិក ប្រសិនបើ​គ្មាន​ការចាប់ផ្តើម​ការប្រកួត​ឡើងវិញ​នៅ​រដូវ​កាល​នេះ​ទេនោះ​។ ហើយ​ទោះ​លី​គ​អាច​បន្ត ក៏​ពួកគេ​នៅតែ​ធ្លាក់​តម្លៃ​ដល់​ជាង​៧​ពាន់​លាន​ដុល្លារ​ដដែល ដ្បិត​ត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​។​
 
KPMG បានបង្ហាញ​របាយការណ៍​អំពី​ការសិក្សា​ចុងក្រោយ​របស់ខ្លួន ដោយ​ផ្អែកលើ​ចំនួន​កីឡាករ​បាល់ទាត់ ៤១៨៣​នាក់​ដែល​ប្រកប​អាជីព​ក្នុង​លី​គ​បាល់ទាត់​ទាំង​១០​នៅ​អឺរ៉ុប​។ ហើយ​ការធ្លាក់ចុះ​តម្លៃ​លើ​ការផ្ទេរ​កីឡាករ​ចំនួន​១០​ពាន់​លា​ដុល្លារ​នេះ​គឺ​ស្មើនឹង ២៦,៥​ភាគរយ គិត​ចាប់ពី​ខែកុម្ភៈ​មក​៕

Tag:
 COVID-19
  ផ្ទេរ​កីឡាករ​
  KPMG
© រក្សាសិទ្ធិដោយ thmeythmey.com