COVID-19
ជាតិ
COVID-19៖ កម្ពុជា​គ្មាន​ករណី​ថ្មី​២៧​ថ្ងៃ​ហើយ ខណៈ​ពិភពលោក​ឡើងដល់​ជាង​៤​លាន​ករណី​
09, May 2020 , 10:03 am        
រូបភាព
មន្ត្រីសុខាភិបាលខេត្តសៀមរាប ត្រួតពិនិត្យសុខភាពពលករដែល​ទើបមកពីថៃកន្លងមក។ រូបថត អ៊ីសា រ៉ហានី
មន្ត្រីសុខាភិបាលខេត្តសៀមរាប ត្រួតពិនិត្យសុខភាពពលករដែល​ទើបមកពីថៃកន្លងមក។ រូបថត អ៊ីសា រ៉ហានី
ភ្នំពេញ​៖ កម្ពុជា​នៅតែ​មិន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ -១៩ ហើយ​អ្នកជំងឺ​នៅសល់តែ​២​នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​១២២​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស​ក្រសួងសុខាភិបាល នា​ថ្ងៃទី​៩ ខែឧសភា​។ ទោះ​កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី​២៧​ថ្ងៃ​ក៏ដោយ ប៉ុន្តែ​ហានិភ័យ​នៅតែ​ខ្ពស់ ព្រោះ​តួលេខ​អ្នក​ឆ្លង​ទូទាំង​ពិភពលោក ឡើងដល់​ជាង​៤​លាន​នាក់ ក្នុងនោះ​ស្លាប់​ជាង​២៧ ០០០​នាក់ និង​សះស្បើយ​ជិត​១.៤​លាន​នាក់​។​



​ទោះបី​កម្ពុជា​បន្ត​គ្មាន​ករណី​ឆ្លង​ថ្មី ក៏​កម្ពុជា​កំពុងតែ​ស្ថិតនៅក្នុង​ភាព​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បញ្ជាក់​ដូច្នេះ ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ ចន្ទ​កន្លងទៅ ។ លោក ក៏បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​និង​បង្កើន​ការយកចិត្តទុកដាក់ ឲ្យ​ខ្ពស់ និង អនុវត្ត​វិធាន​អនាម័យ​នានា និង​ការរក្សា​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ​ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត​ក្នុង​សហគមន៍ ។

​សូមជម្រាបថា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ -១៩ ចំនួន ១២២ នាក់ ក្នុងនោះ​មាន​១២០​នាក់ ជាសះស្បើយ ។ អ្នក​សះស្បើយ​ទាំងនោះ ជនជាតិខ្មែរ ៤៩ នាក់ , បារាំង ៤០ នាក់ , ម៉ាឡេស៊ី ១៣ នាក់ ,  អង់គ្លេស ៥ នាក់ , ចិន ៣ នាក់ ,  អាមេរិកាំង ២ នាក់ , វៀតណាម ៣ នាក់ , ឥណ្ឌូណេស៊ី ២ នាក់ , កាណាដា ២ នាក់ និង បែ​ល​ហ្សិ​ក​១​នាក់​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៩ ខែឧសភា COVID-19 ដែល​រាលដាល​ដល់​ទៅ​ជាង​២១០​ប្រទេស​/​ដែនដី មាន​ករណី​ឆ្លង​ជាង​៤​លាន ក្នុងនោះ​ស្លាប់​ជាង​២៧ ០០០​នាក់ និង​សះស្បើយ​ជិត​១.៤​លាន​នាក់​។ សហរដ្ឋអាមេរិក បន្ត​នាំមុខ​ដាច់​គេ​ដែលមាន​ជាង​១.៣​លាន​ករណី​។ នៅ​អាស៊ីអាគ្នេយ៍ សិង្ហ​បុរី បន្ត​កើន​ឡើងដល់​ជាង​២​ម៉ឺន​ករណី ខណៈ​ឥណ្ឌូណេស៊ី មាន​អ្នកស្លាប់​ដល់​ទៅ​៩៤៣​នាក់​ឯណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com