ជាតិ
ក្រសួង​សង​ថវិកា​អ្នកជំងឺ​វិញ ក្រោយ​ពេទ្យ​មួយ​នៅ​បែក​ចាន​ទារ​ថ្លៃ​ព្យាបាល​ច្រើន​ហួសហេតុ​
09, May 2020 , 2:42 pm        
រូបភាព
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​យក​ថវិកា​១​លាន​៨​សែន​រៀល ទៅ​សង​អ្នកជំងឺ​ពីរ​នាក់​ដែល​រងគ្រោះថ្នាក់​ចរាចរ​ណ៍​វិញ បន្ទាប់ពី​ពួកគាត់ ត្រូវបាន​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ទារ​ថ្លៃ​ព្យាបាល​លើស​ប្រក្រតី​។ កាលពី​ថ្ងៃទី​៨ ខែឧសភា ម្សិលមិញ​នេះ លោកស្រី ឱ វណ្ឌ​ឌី​ន ក៏បាន​ចេញ​លិខិត​ព្រមាន​ដល់​ប្រធាន និង​ម្ចាស់ទុន​របស់​មន្ទីរពេទ្យ​នោះ​ផងដែរ​។​

 
​ក្រោយ​ការចែករំលែក​តៗ​គ្នា​ក្នុង​បណ្តាញ​សង្គម ក្រសួងសុខាភិបាល បាន​ស្រាវជ្រាវ​ឃើញ​ភាព មិន​ប្រក្រតី​របស់​មន្ទីរ​សម្រាក​ព្យាបាល សុធា​រិ​ទ្ធ​បែក​ចាន លើ​ករណី​យក​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៦ ខែឧសភា ហើយ​ក្រោយមក​បាន​ទារ​ថ្លៃ​សេវា​ព្យាបាល​ច្រើន​លើសលុប ដោយ​មិនមាន​តារាង​ច្បាស់លាស់ ឬ​ការជូនដំណឹង​ជាមុន​ដល់​ជនរងគ្រោះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​ស័ព្ទ លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ក្រោយពី ចេញ​លិខិត​ព្រមាន​ទៅខាង​មន្ទីរពេទ្យ​រួចហើយ ក្រសួងសុខាភិបាល​បាន​សម្រេចយក​ទឹកប្រាក់​ថ្លៃ​ព្យាបាល​ចំនួន ១,៨០០,០០០​រៀល សង​ទៅ​ភាគី​ជនរងគ្រោះ​វិញ​។​
​លោកស្រី ឱ វណ្ណ​ឌិន បានបញ្ជាក់​ដូច្នេះ​ថា​៖ «​គ្លី​នី​ក​ឯកជន ត្រូវដាក់​តារាង​តម្លៃ​ព្យាបាល​ឱ្យបាន​ច្បាស់លាស់ សម្រាប់​អតិថិជន ហើយ​អតិថិជន​ត្រូវ​ដឹង​ពី​តម្លៃ​ព្យាបាល​មុន កុំឱ្យ​ព្យាបាល​រួច មាន​បញ្ហា​ថ្លៃ​ពេក ឬ​មានការ​ទាមទារ​តម្លៃលើស​»​។  
 
​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ ជា​ប្តី​ប្រពន្ធ​ដែល​រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយ​ពួកគាត់​ស្នាក់នៅ​ផ្ទះជួល​រួមជាមួយ​ប្អូនប្រុស​នៅ​សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១​។​
 
​ក្រៅពី​លិខិត​ព្រមាន​កាលពី​ថ្ងៃទី​៨ ខែឧសភា លោកស្រី ឱ វណ្ណឌី​ន ជំនួសមុខ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានសម្រេច​ផាកពិន័យ​វេជ្ជបណ្ឌិត គូរ គឹម​ហៀក ប្រធាន និង​វេជ្ជបណ្ឌិត ស្រស់ សុ​ភ័​ក្ត្រា ម្ចាស់ទុន​មន្ទីរពេទ្យ​មន្ទីរ​សម្រាក​ព្យាបាល សុធា​រិ​ទ្ធ​បែក​ចាន តាមច្បាប់​ផងដែរ​។​
 
 
​ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ ដល់​ម្ចាស់​គ្លីនិក​ឯកជន​ទាំងអស់ ត្រូវមាន​ការចាត់ចែង​ខ្ពស់ អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ គ្លីនិក​ទាំងអស់​ត្រូវមាន​ច្បាស់​អនុញ្ញាត​ត្រឹមត្រូវ​ជៀសវាង បង្ក​នូវ​សកម្មភាព​អសកម្ម​ផ្សេងៗ ដែល​ជះឥទ្ធិពល​ដល់​សេវា​សុខាភិបាល​៕

Tag:
 សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com