ជាតិ
ចម្លាក់អណ្ដើកមួយទៀត ត្រូវបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
× នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្ដាលស្រះស្រង់បានរកឃើញចម្លាក់អណ្ដើកចំនួន១បន្ថែមទៀត ប៉ុន្តែវាមានទំហំតូចជាងមុនបន្តិច។ ក្រៅពីចម្លាក់អណ្ដើក ក្រុមការងារក៏បានរកឃើញ ត្រីសូល៍ចំនួន២ ផងដែរ មួយមានរូបពេញ និងមួយទៀតមានត្រឹមមួយបំណែកប៉ុណ្ណោះ។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅពេលរកឃើញចម្លាក់អណ្ដើកនោះ ក្រុមការងារក៏បានប្រទះឃើញគ្រាប់ខ្វាតពណ៌ស (គ្រីស្តាល់) បង្កប់ក្នុងដីនៅជិតក្បាលអណ្តើកនោះដែរ។ ក្រសួងក៏បានបញ្ជាក់ផងដែរថា គ្រាប់ខ្វាតពណ៌ស (គ្រីស្តាល់) ត្រូវបានមជ្ឈដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រ ឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតពណ៌ស (គ្រីស្តាល់) គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្ដៅកំណាយស្រាវជ្រាវនៃការជួសជុលនានា។
សូមបញ្ជាក់ថា ចម្លាក់ទាំងអស់ដែលបានរកឃើញអំឡុងពេលជួសជុលប្រាសាទកណ្ដាលស្រះស្រង់រួមមាន ចម្លាក់អណ្ដើក, ចម្លាក់នាគ, ខ្វាតពណ៌ស (គ្រីស្តាល់) ត្រីសូល៍ និងរចនាសម្ព័ន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com