កីឡាជាតិ
ជាតិ
ការផ្អាក​លី​គ មិន​ប៉ះពាល់​កិច្ចសន្យា​រវាង​ក្លិប និង​កីឡាករ​ទេ តែ​ប៉ះពាល់​ហិរញ្ញវត្ថុ​របស់​ក្លិប​
09, May 2020 , 10:59 pm        
រូបភាព
ដោយ:
​ការផ្អាក​ដំណើរ​ប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដោយសារ​ការ​រាតត្បាត នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (​កូ​វីដ​-១៩) មិន​ប៉ះពាល់​ដល់​កិច្ចសន្យា​រវាង​កីឡាករ និង​ក្លិប​នោះទេ​។ ប៉ុន្តែ​ការផ្អាក​ដែល​អូសបន្លាយ​យូរ​នេះ អាច​នាំឱ្យ​ក្លិប​ជួប​បញ្ហា​ហិរញ្ញវត្ថុ​។ គិត​មកទល់ពេលនេះ លី​គ​កំពូល​បាន​ផ្អាក​ដំណើរការ​ជាង​១​ខែ​ហើយ​។​

 
​ក្លិប​ធំៗ​មួយចំនួន​រួមមាន បឹងកេត វិសាខា ក្រសួងការពារជាតិ ណាហ្គា​វើ​ល អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា ការផ្អាក​ពានរង្វាន់​លី​គ​កំពូល មិន​ប៉ះពាល់​ដល់​កិច្ចសន្យា​រវាង​កីឡាករ និង​ក្លិប​នោះទេ​។ ដ្បិត​ទាំង​កីឡាករ​បរទេស និង​កម្ពុជា​ភាគច្រើន សុទ្ធតែ​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្លិប​ពេញ​មួយ​រដូវ​កាល ឬ​ច្រើនជាង​នេះ​។ 
 
​ក្នុងន័យនេះ ប្រសិនបើ​ការផ្អាក​លី​គ​កំពូល​បន្ត​អូសបន្លាយ​ពេលវេលា នោះ​កិច្ចសន្យា​របស់​កីឡាករ ក៏​អូសបន្លាយ​តាម​នឹង​ដែរ ហើយ​ក្លិប ក៏​គ្មាន​សិទ្ធិ​បញ្ចប់​កិច្ចសន្យា​ពួកគេ ពាក់កណ្តាល​ទី​ដែរ​។ ក្លិប​អាច​ធ្វើដូច្នេះបាន  លុះត្រា​គណៈកម្មការ​រៀប​ចំការ​ប្រកួត សម្រេច​លុប​លី​គ​កំពូល​។ 
 
​តែ​យ៉ាងណាក៏ដោយ ក្លិប​ទាំង​៥​ខាងលើ សុទ្ធតែ​បានបង្ហាញ​ក្តីកង្វល់ ចំពោះ​ការអូសបន្លាយ​ពេលវេលា​នៃ​ការផ្អាក​ការប្រកួត​លី​គនេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​ការចំណាយ​របស់​ក្លិប កាន់តែ​ច្រើនជាង​មុន​។ ក្នុងន័យនេះ ប្រសិនបើ​លី​គ​កំពូល​ផ្អាក​កាន់តែ​យូរ គម្រោង​បញ្ចប់​រដូវ​កាល ក៏​អូសបន្លាយ ដែល​ធ្វើ​ឲ្យ​ការចំណាយ​លើ​ប្រាក់​ឈ្នួល​កីឡាករ មាន​រយៈពេល​ច្រើន​ខែ​ជាង​មុន​។  
 
​ទាំង​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​ក្លិប​វិសាខា​, លោក ខូវ ឆាយ អគ្គលេខាធិការ​ក្លិប​ក្រសួងការពារជាតិ និង​លោក បែ មករា សុទ្ធតែ​បានលើកឡើង​ស្រដៀង​គ្នា​ថា បើ​ការផ្អាក​អូសបន្លាយ​យូរ ក្លិប​អាច​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​ដៃគូ​សហការ​កាត់បន្ថយ ឬ​ដក​ការឧបត្ថម្ភ​។​
 
«​ជាទូទៅ យើង​ធ្វើ​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស គឺ​យើង​ធ្វើ​មួយ​រដូវ​កាល ហើយ​កីឡាករ​ខ្មែរ​មួយចំនួន ក៏​បែប​នេះដែរ​។ ប៉ុន្តែ​ដល់ពេល​ផ្អាក​(​លី​គ​) វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​ថវិកា​សម្រាប់​ដំណើរការ​ក្លិប ព្រោះ​ថវិកា​មួយចំនួន យើង​បាន​ពី​ដៃគូ​ឧបត្ថម្ភ​។ តែដោយសារ​យើង​គ្មាន​សកម្មភាព Sponsor មួយចំនួន​បាន​ដកចេញ ដែល​ធ្វើ​ប៉ះពាល់​ដល់​វិបត្តិ​ប្រាក់ចំណូល​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ខូវ ឆាយ ដែល​អះអាងថា បើសិន​លី​គ​កំពូល​ឆ្នាំនេះ ត្រូវបាន​លុបចោល ក្រសួងការពារជាតិ នឹង​បញ្ចប់​កិច្ចសន្យា​កីឡាករ​មួយចំនួន​ពាក់កណ្តាល​ទី ដើម្បី​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​។ 
 
​សម្រាប់​លោក ហុក សុចិ​ត្រា យល់ឃើញថា ដោយសារ​ការផ្អាក​លី​គ​កំពូល​នេះ កើត​ឡើងជា​ចៃដន្យ ដូច្នេះ​ក្លិប​វិសាខា ត្រូវ​សម្រប​ខ្លួន​ទៅតាម​ស្ថានការណ៍ នៃ​ការអូសបន្លាយ​ពេលវេលា​។ ក្នុងន័យនេះ លោក ចង់​បញ្ជាក់ថា ក្លិប​ត្រូវតែ​បន្ត​ផ្តល់ប្រាក់​ឈ្នួល​ដល់​កីឡាករ ទោះបី​ការផ្អាក​ពន្យា​ពេល​ដល់​ណាក៏ដោយ ដ្បិត​ក្លិប​ធ្វើ​កិច្ចសន្យា​ជាមួយ​កីឡាករ​ភាគច្រើន មួយ​រដូវ​កាល​។ កត្តា​នេះហើយ ដែលជា​បញ្ហា​ប្រឈម​សម្រាប់​ក្លិប​នីមួយៗ ព្រោះ​ក្លិប​ពុំមាន​សិទ្ធិ​បញ្ចប់​កិច្ចសន្យា កីឡាករ​ពាក់កណ្តាល​ទីនោះ​ទេ​។   
 
«​តាំងពី​ដើមទី​មក​យើង មិនបាន​ដឹងថា មាន​បញ្ហា​កូ​វីដ​-១៩​នោះទេ​។ នេះ​ជា​បញ្ហា​ចោទ​។ អ៊ីចឹង​ទាំងអស់​ហ្នឹង យើង​ត្រូវមាន​លក្ខខណ្ឌ​មួយ ក្នុង​កុងត្រា​របស់​កីឡាករ ពាក់ព័ន្ធ​នឹង​រដូវ​កាល​។ ឧទាហរណ៍​យើង​កុងត្រា​ជាមួយ​កីឡាករ ពី​ខែ​១ ដល់​ខែ​១២ តែ​ចៃដន្យ លេង​ទៅ​ពន្យារពេល​រហូតដល់​ខែ​១ ទៅ​ខែ​២ ដូច្នេះ​យើង​ត្រូវតែ​បន្ត​ផ្តល់​ប្រាក់ខែ​ឲ្យ​គាត់​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហុក សុចិ​ត្រា​។    
 
​ពាក់ព័ន្ធ​នឹង​ការលើក​ពេល​សម្រាក​លី​គ​កំពូល អ្នកចាត់ការ​ទូទៅ​រូបនេះ ធ្លាប់​ស្នើ​ទៅកាន់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ឲ្យ​កំណត់​កម្មវិធី​ប្រកួត​ឲ្យ​បានច្បាស់លាស់​ម្តង​រួចមកហើយ​។ ការស្នើ​របស់ លោក គឺ​ដើម្បី​ឲ្យ​ក្លិប​រៀបចំ​ផែនការ​ចំណាយ ឲ្យ​បានច្បាស់លាស់ ដើម្បី​កាត់បន្ថយ​វិបត្តិ​ហិរញ្ញវត្ថុ​។ 
 
«​យើង​ធ្លាប់​ស្នើ​ទៅ CNCC ពីមុនមក​ថា ពាក់ព័ន្ធ​ការលើក​ពេល​លី​គ គឺ CNCC ត្រូវ​រៀបចំ​កាលវិភាគ​ប្រកួត​ឲ្យ​បានច្បាស់លាស់​។ ដូច​យើង​ដឹង​ហើយ​ថា នៅ​កម្ពុជា​យើង​មាន​បញ្ហា​ហិរញ្ញវត្ថុ​ច្រើន​។ ឧទាហរណ៍​កម្មវិធី​លី​គ គេ​កំណត់​រយៈពេល​៦​ខែ ដូច្នេះ​យើង​ធ្វើ​កិច្ចសន្យា​ជាមួយ​កីឡាករ​តែ​៦​ខែ​ទេ​។ ប៉ុន្តែ​ពេល​ប្រកួត​ជាក់ស្តែង CNCC គាត់​បាន​លើក​ពេល ដោយសារ​ជាប់​ប្រកួត​ជម្រើសជាតិ ឬ​ជាប់​អី​ផ្សេងៗ ដូច្នេះ​ការពន្យា​ថ​ពេល​១ ទៅ​២​ខែ អាចធ្វើ​ឲ្យ​ក្លិប​ជួប​បញ្ហា​ថវិកា​»​។ 
 
​ជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​និយាយថា ប៉ូលិស​កំពុង​ពិចារណា ពាក់ព័ន្ធ​នឹង​កិច្ចសន្យា និង​ការកាត់បន្ថយ​ប្រាក់ខែ​របស់​កីឡាករ ដ្បិត​មិនដឹងថា​ការផ្អាក​លី​គ​កំពូល ត្រូវ​អូសបន្លាយ​ដល់​ពេលណា​។ «​កាលណា​យើង​អត់​មានការ​ប្រកួត អ្នក​ឧ​ប​ត្ត​ម្ភ​ក៏​ពិបាក ថ្នាក់ដឹកនាំ​ក្លិប​ក៏​ពិបាក​។ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​កីឡាករ យល់​ពី​ស្ថានភាព​លំបាក​មួយ​នេះ​។ ប៉ុន្តែ​បើ​រឿង​កាត់​ប្រាក់ខែ​កីឡាករ​ប៉ុន្មាន​ភាគរយ ថ្នាក់ដឹកនាំ​ជា​អ្នកសម្រេច ហើយ​គាត់​កំពុង​ពិចារណា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុវណ្ណារ៉ា​។ 
 
​ទោះបី​បច្ចុប្បន្ន គ្មាន​ការប្រកួត ហើយ​កីឡាករ​តាម​ក្លិប​នីមួយៗ បាន​រំសាយ​ការប្រមូលផ្តុំ ទៅ​ហ្វឹកហាត់​តាម​ផ្ទះ​ក៏ដោយ តែ​ពួកគេ​ទទួលបាន​ប្រាក់​ឈ្នួល​ដូច​ធម្មតា​។ តែមាន​កីឡាករ​ខ្លះ ត្រូវបាន​ក្លិប​កាត់​ប្រាក់ខែ ចន្លោះ​ពី​៣០ ទៅ​៥០​ភាគរយ​។ ការ​កាត់​ប្រាក់ខែ​នេះ គឺ​ដើម្បី​រួមចំណែក​ជួយ​ទ្រទ្រង់​ប្រតិបត្តិការ​របស់​ក្លិប ក្នុងអំឡុងពេល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដ្បិត​ម្ចាស់​ក្លិប​ភាគច្រើន សុទ្ធតែជា​អ្នកជំនួញ​។ 
 
​មកទល់ពេលនេះ មាន​ក្លិប​ចំនួន​ពីរ គឺ​បឹងកេត និង​ក្រសួងការពារជាតិ ដែល​បានបង្ហាញ​ព័ត៌មាន​ជា​សាធារណៈ ពី​ការ​កាត់​ប្រាក់ខែ​មន្ត្រី បុគ្គលិក គ្រូបង្វឹក និង​កីឡាករ​។ ក្នុងនោះ បឹងកេត បាន​កាត់​ប្រាក់ខែ​ចន្លោះ​ពី​៣០ ទៅ​៥០​ភាគរយ តាម​ទំហំ​ប្រាក់ខែ​ដែល​ពួកគេ​ទទួលបាន ខណៈ​ក្រសួងការពារជាតិ កាត់​៥០​ភាគរយ​។ ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល កំពុង​ពិចារណា រឿង​កាត់​ប្រាក់ខែ​នេះដែរ​៕ 
 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com