ជាតិ
ក្រសួងបរិស្ថាន គ្រោង​សង់​ស្នាក់ការ​មួយចំនួន​នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​
09, May 2020 , 9:59 pm        
រូបភាព
រូបភាពពី​ក្រសួងបរិស្ថាន
រូបភាពពី​ក្រសួងបរិស្ថាន
​ភ្នំពេញ​៖ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​តំបន់ ក្រសួងបរិស្ថាន មាន​គម្រោង​សង់​ស្នាក់ការ​សំខាន់ៗ​មួយចំនួន នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​»​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។



​កាលពី​ថ្ងៃទី ៧ ឧសភា​កន្លងទៅ លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ចុះ​ពិនិត្យ​ទីតាំង​ជុំវិញ​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ និង​ព្រះវិហារ ដើម្បី​ស្វែងរក​ទីតាំង​សមស្រប​ដើម្បី​សង់​ស្នាក់ការ​រួមមួយ ក្នុង​ការបង្កើន​ប្រសិទ្ធភាព ការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅក្នុង​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​»​។  
 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ អះអាងថា ស្នាក់ការ​នេះ នឹង​ប្រើប្រាស់​ជា​កន្លែង​ប្រមូលផ្ដុំ​នូវ​ធនធាន​បច្ចេកទេស ការអនុវត្ត​ច្បាប់ ការគ្រប់គ្រង​កម្លាំង​ការពារ​ល្បាត ប្រចាំការ​។ លោក សៅ សុភាព បន្តថា ស្នាក់ការ​នេះ ក៏មាន​សារៈសំខាន់​ក្នុងការ​អន្តរាគមន៍​លើ​បទល្មើស​ធនធានធម្មជាតិ ដែល​អាច​កើតឡើង​នៅក្នុង​តំបន់ការពារធម្មជាតិ និង​ផ្តល់​លទ្ធភាព​ឲ្យ​មានការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន និង​ដៃគូ​សហការ​ផ្សេងទៀត​។​
 
​សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ គឺ​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្តស្ទឹងត្រែង ដែលមាន​ផ្ទៃដី​សរុប​៤៣១ ៦៨៣​ហិកតា​។ ជាមួយគ្នានេះ តំបន់ការពារធម្មជាតិ​ចំនួន​១៩​កន្លែង​នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​ការពារ និង​អភិរក្ស កាលពី​ឆ្នាំ​២០១៩៕ 
 

Tag:
 បរិស្ថាន​
  ព្រៃ​ឡង់​
  ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com