ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Keanu Subba ចង់​ជួប​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE World Champion
10, May 2020 , 9:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 

Keanu Subba កំពុងតែ​អន្ទះអន្ទែង​ចង់​ជួប​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE World Champion​។ ក្នុង​រយៈពេល ១១ ខែ​មកនេះ​កីឡាករ​សញ្ជាតិ​ម៉ាឡេស៊ី​ស្ថិតនៅ​ក្រៅ​សង្វៀន​ដោយសារតែ​របួស​បាក់ឆ្អឹង​ស្នង​ជើង ពេល​ប៉ះ Ryogo Takahashi កាល​ខែឧសភា​ឆ្នាំ ២០១៩​។ ឥឡូវនេះ​កីឡាករ​វ័យ ២៥ ឆ្នាំ​ជិត​ជាសះស្បើយ​វិញ និង​សម្លឹង​មក​ឡើង​សង្វៀន​ជាថ្មី​ដោយ​ចង់​ជួប​ជើង​ខ្លាំង​ក្នុង​ទម្ងន់ featherweight ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE World Champion ។​

 
Keanu បាន​ថ្លែង​បែបនេះ ៖«​ខ្ញុំ​ត្រូវតែ​ត្រលប់​មកវិញ​ព្រោះ​ជិត​មួយឆ្នាំ​ហើយ​ដែល​ខកខាន​ឡើង​សង្វៀន​។ Honorio Banario គឺជា​កីឡាករ​ល្អឥតខ្ចោះ​ដែល​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​។ បន្ទាប់ពី​ការជួប​គេ ខ្ញុំ​មាន​កីឡាករ​ច្រើន​ទៀត​ដែល​ត្រូវ​ប្រឈម​។ ប៉ុន្តែ Honorio គឺជា​អតីត​ម្ចាស់​ខ្សែក្រវាត់ World Champion ដែលជា​រ៉ា​ដា​កំពូល​សម្រាប់​ខ្ញុំ​»​។ 
 
 
​គួរ​ដឹងថា Banario ចូល​ប្រកួត​នៅ ONE តាំងពី​ខែកុម្ភៈ ឆ្នាំ ២០១២ ហើយ​កីឡាករ​សញ្ជាតិ​ហ្វីលីពីន​រូបនេះ​បាន​យកឈ្នះ​មិត្ត​រួម​ជាតិ  Eric “The Natural” Kelly ដើម្បី​គ្រង​ក្រវាត់ ONE Featherweight World Title ជា​លើកដំបូង​ត្រឹមតែ​រយៈពេល​១ ឆ្នាំ​ប៉ុណ្ណោះ​។ នៅ​ឆ្នាំ​២០១៦ កីឡាករ​មកពី​ក្លិប Team Lakay រូបនេះ​បាន​រំកិល​ឡើងទៅ​ប្រកួត​ទម្ងន់ lightweight ហើយ​គេ​យកឈ្នះ​កីឡាករ​ខ្លាំងៗ​ដូច​ជាង  Eddie “The Magician” Ng និង Adrian “The Hunter” Pang ជាដើម​។ បែបណា​ក្ដី កាល​ខែកុម្ភៈ​កន្លងទៅ “The Rock” ដែល​គេ​ដឹងថា​មាន​ជំនាញ​វូ​ស៊ូ បាន​រំកិល​ធ្លាក់​មក​ប្រកួត​ទម្ងន់ featherweight វិញ និង​យកឈ្នះ​អ្នកលេង​គុន​ចម្រុះ​របស់​ថៃ Shannon “OneShin” Wiratchai ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​។ ជ័យជម្នះ​ទាំងនេះ​ធ្វើ​ឲ្យ Banario  កាន់តែ​លេចធ្លោ​ដូច្នេះហើយ​ទើប Subba ស្រេកឃ្លាន​នឹង​ប្រជែង​ជាមួយ​ជើង​ខ្លាំង​ម្នាក់នេះ​។ 
 
«Honorio ជា​កីឡាករ​កំពូល​ម្នាក់​។ បទពិសោធន៍​របស់គេ​ល្អ​។ កន្លងទៅ គេ​ប្រកួត​ជា Shinya Aoki, Lowen Tynanes, និង Ev Ting ទៀតផង​។ គេ​ក៏បាន​យកឈ្នះ​សូម្បី​ប្រកួត​នឹង​វីរបុរស​សិង្ហ​បុរី  Amir Khan កាល​ខែកញ្ញា ឆ្នាំ ២០១៨​។ ដំបូង​ខ្ញុំ​គិតថា ចង់​ប៉ះ Bruno Pucci ប៉ុន្តែ ពេល​ស្រាវជ្រាវ​មើល ខ្ញុំ​ជង់​ជួប [Honorio] វិញ​។ មាន​អ្នកថ្មីៗ​មួយចំនួន ប៉ុន្តែ​ខ្ញុំ​ចង់យក​ឈ្នះ Honorio សិន ព្រោះ​គេ​ជា​ជើង​ខ្លាំង​មួយរូប​»​។ កីឡាករ​មកពី​ម៉ាឡេស៊ី​រៀបរាប់​បែបនេះ​។​
 
​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ Subba បាន​ប្ដូរ​ពី Bali MMA នៅ​ឥណ្ឌូណេស៊ី និង ក្លិប Monarchy MMA មកកាន់​ទឹកដី​កំណើត​ឯ កូ​ឡា​ឡាំ​ពួរ​។ រូបគេ​ហ្វឹកហាត់​កាន់តែ​ល្អ​និង​ជោគជ័យ​នៅ​សង្វៀន ONE Championship ជា​បន្តបន្ទាប់​។ 
 
​តាំងពី​បង្ហាញខ្លួន​នៅ​ខែតុលា ឆ្នាំ ២០១៥ គេ​យកឈ្នះ​៦​នាក់​ត្រឹម​ទឹក​ទី​១ ប៉ុណ្ណោះ​រួមបញ្ចូល​ទាំង​កីឡា​ករមី​យ៉ាន់​ម៉ា  Phoe “Bushido” Thaw, កីឡាករ​ចិន “White Dragon” Xie Chao, និង កីឡាករ​ប៉ា​គី​ស្ថាន Ahmed “Wolverine” Mujtaba និង Waqar “Psycho” Umar ជាដើម​។ 
 
​ជ័យជម្នះ​ទាំងនេះ​ដែល​ធ្វើ​ឲ្យ​គេ​ជឿជាក់​យកឈ្នះ Banario​។ កីឡាករ​មកពី​កូ​ឡា​ឡាំ​ពួរ ត្រូវបាន​គេ​ស្គាល់​ថា​មាន​ជំនាញ​វូ​ស៊ូ និង​បញ្ចប់​ឲ្យ​គូប្រកួត​ចុះចាញ់​ងាយៗ​ជាជាង​ផ្ដួល​គូប្រកួត​ឲ្យ​ចុះចាញ់​។ គេ​ជឿថា បើ​ជួប Banario នោះ​ការប្រកួត​ច្បាស់​ជា​ល្អមើល​មិន​ខាន​។ 
 
​កីឡាករ​វ័យ ២៥ ឆ្នាំ​ពន្យល់ថា​៖« Banario មាន​កម្លាំង​ខ្លាំង និង ប្រយុទ្ធ​ល្អ ដែល​គំរាមកំហែង​ខ្លាំង​។ ប៉ុន្តែ ខ្ញុំ​អាច​ដោះស្រាយបាន ទោះ​វាយ​ក្នុង​ជំហរ​ដេក​។ មានរឿង​ច្រើន​ត្រូវធ្វើ​។ ខ្ញុំ​ត្រូវធ្វើ​ការងារ​ធ្ងន់​មុនពេល​ប្រកួត​»​។ 
 
​មុន​ត្រលប់​មកវិញ Subba ត្រូវតែ​ច្បាស់​ខ្លួនឯង​ថា​មិនមាន​បញ្ហា និង​ជា​មួយរយ​ភាគរយ​។ ព្រោះថា​រូបគេ​ដាក់​គោលដៅ​ទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Featherweight World Title នៅ​ថ្ងៃមុខ​។ ជើង​ខ្លាំង​ម៉ាឡេស៊ី​សង្កត់ធ្ងន់​ទៀតថា ៖«​ខ្ញុំ​អត់​បាន​ប្រកួត​ជិត ១ ឆ្នាំ​។ តែ​ពីរ​ឬ បី​ខែ​ទៀត​អាច​ឡាំ​បាន​ហើយ​។ ឬ​អាច​ចូលចាប់ ឬ ប្រកួត​ចំបាប់​ក៏បាន​។ ខ្ញុំ​ត្រូវធ្វើ​ឲ្យ​វា​ត្រលប់មក​ដូច​មុន​។ ខ្ញុំ​ចង់​ប្រកួត​ឲ្យ​បាន​ម្ដង​មុន​ចូលឆ្នាំ​២០២១​។ ជ័យជម្នះ គឺ សំខាន់ ណាស់​។ ហើយ​គោលដៅ​យក​ខ្សែក្រវាត់ World Champion​នៅ ២ ឆ្នាំ​បន្ទាប់​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com