ជាតិ
សុខភាព
ស្ត្រី និង​បុរស​គួរ​ធ្វើ​អនាម័យ​ប្រដាប់ភេទ​បែបណា​ទើប​ត្រឹមត្រូវ​?
10, May 2020 , 12:29 pm        
រូបភាព
​ភ្នំពេញ​៖ ការធ្វើ​អនាម័យ​លើ​ប្រដាប់ភេទ ជា​រឿង​សំខាន់​សម្រាប់​បុរស​និង​ស្ត្រី ជាពិសេស សម្រាប់​អ្នក​ដែលមាន​ដៃគូ​រួមភេទ ព្រោះថា​ការធ្វើ​អនាម័យ​ត្រឹមត្រូវ ធ្វើឱ្យ​ប្រដាប់ភេទ​មាន​សុខ​ភាពល្អ និង​អាច​បង្ការ​ជំងឺ​ផ្សេងៗ​ផងដែរ​។ តើ​បុរស​និង​ស្ត្រី​ត្រូវធ្វើ​អនាម័យ​ប្រដាប់ភេទ​ដូចម្តេច ទើប​ត្រឹមត្រូវ​និង​មាន​សុវត្ថិភាព​ខ្ពស់​?



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​វីដេអូ​ខ្លី ដូចតទៅ​៖ 
 

បើតាម​លោកស្រី​វេជ្ជបណ្ឌិត ឯក ម៉េង​លី ឯកទេស​សម្ភព​និង​រោគ​ស្ត្រី ភាគច្រើន​បុរស​និង​ស្ត្រី​មិនសូវ​យកចិត្តទុកដាក់​ធ្វើ​អនាម័យ​ប្រដាប់ភេទ​ទេ ហើយ​ការធ្វើ​អនាម័យ​មិនបាន​ល្អ អាច​ងាយ​ឆ្លង​មេរោគ​ពី​ដៃគូ​ម្ខាង​ទៀត និង​អាច​បង្កឱ្យមាន​ជំងឺរលាកស្បូន និង​រលាក​ផ្លូវ​ទឹកនោម​ជាដើម​។ 
 
​លោកស្រី​វេជ្ជបណ្ឌិត​បាន​ពន្យល់​ពី​ការសំអាត​ប្រដាប់ភេទ​ដល់​អ្នកមាន​ដៃគូ​រួមភេទ​ដូច្នេះ​ថា​៖«​មុនពេល​និង​ក្រោយពេល​រួមភេទ ស្ត្រី​ត្រូវ​លាង​ប្រដាប់ភេទ​ខាងក្រៅ​ជាមួយ​ទឹក​អនាម័យ​ឱ្យបាន​ស្អាត ហើយ​នោម​ចេញ​ធ្វើបែបនេះ​ទើប​គាត់​មិនសូវ​ឆ្លង​ជំងឺ​។ ជៀសវាង​ការរួម​ភេទ​នៅពេល​មក​រដូវ ពេល​មាន​រលាក​មាត់ស្បូន និង​មាន​ធ្លាក់ស​ខុស​ប្រក្រតី ព្រោះ​ងាយ​នឹង​ឆ្លង​ជំងឺ​ពី​ភាគី​ម្ខាង​ទៀត​»​។ 
 
«​ចំពោះ​បុរស​មុន និង​ក្រោយ​រួមភេទ ត្រូវ​លាង​សំអាត​ប្រដាប់ភេទ​ជាមួយ​ទឹកស្អាត​ឬ​ទឹក​អនាម័យ ដោយ​សំអាត​ឱ្យបាន​ស្អាត ព្រោះ​ប្រដាប់​ភេទបុរស​ផ្នែក​ចុង​មាន​គល់​គន្លាក់ ហើយ​នោម​ចេញ​ដើម្បី​កុំ​ឱ្យមាន​បញ្ហា​រលាក​ផ្លូវ​ទឹកនោម​។ បើ​មិន​សម្អាត​ឱ្យ​ត្រឹមត្រូវ មេរោគ​នឹង​ដក់​ក្នុង​ហ្នឹង ម្យ៉ាងទៀត​នៅពេលដែល​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម គាត់​នឹង​ចម្លងជំងឺ​មួយចំនួន​ឱ្យ​ដៃគូ ហើយ​ខ្លួន​គាត់​ក៏​អាច​កើត​រលាក​(​ប្រដាប់ភេទ​)​ដែរ​»​។​
 
​អ្នកស្រី​វេជ្ជបណ្ឌិត ឯក ម៉េង​លី ឯកទេស​សម្ភព​និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​អ​ឃី​ត​កោះ​ពេជ្រ បាន​បន្ថែមថា ស្ត្រី និង​បុរស​មិនគួរ​ប្រើ​ទឹក​អនាម័យ​ដែលមាន​ប្រភេទ​អាស៊ីត​និង​បាស​ខ្លាំងពេក​ទេ ដោយ​ត្រូវ​ប្រើ​ទឹក​អនាម័យ​ដែលមាន​កម្រិត PH ៣.៨ ទៅ ៤.៥ ៕
 

Tag:
 សុខភាព​
  អនាម័យ​
© រក្សាសិទ្ធិដោយ thmeythmey.com