COVID-19
ជាតិ
កូវីដ-១៩៖ គ្រូនៅឃុំពាមជីលាំងនៃស្រុកត្បូងឃ្មុំ ដើរបង្រៀនសិស្សតាមផ្ទះ
× តាមរយៈកម្មវិធីសិក្សាពីចំងាយរបស់ក្រសួងអប់រំ លោកគ្រូ សេន វណ្ណា មិនមែននៅផ្ទះ ហើយបង្រៀនសិស្សតាមរយៈទូរសព្ទ និងប្រព័ន្ធអ៊ីនធឺណិតដូចនៅតាមទីប្រជុំជននោះឡើយ។ លោកគ្រូ សេន វណ្ណា អាយុ៦៤ឆ្នាំ ដែលជាគ្រូបង្រៀនត្រូវជិះម៉ូតូពីផ្ទះរបស់ខ្លួននៅឃុំបឹងព្រួល ទៅភូមិឈើទាលនៃឃុំពាមជីលាំងនៃស្រុកត្បូងឃ្មុំ ក្នុងចំងាយផ្លូវ៨គីឡូម៉ែត្រដើម្បីបង្រៀនសិស្សនៅតាមផ្ទះ។
-
លោក សេន វណ្ណា គឺជាគ្រូបង្រៀនថ្នាក់ទី៤ នៃបឋមសិក្សា ហ៊ុន សែន ឈើទាលនៃឃុំពាមជីលាំងក្នុងស្រុកត្បូងឃ្មុំ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយពីមន្ត្រីមន្ទីរអប់រំនៃខេត្តត្បូងឃ្មុំ លោកគ្រូ វណ្ណា និងគ្រូបង្រៀនដទៃទៀត ត្រូវទៅបង្រៀនសិស្សរបស់ពួកគាត់នៅតាមផ្ទះអ្នកភូមិ។
«ដំបូងយើងរកមើលផ្ទះអ្នកភូមិណាដែលមានក្រោមផ្ទះទូលាយ មានគ្រែធំ។ បន្ទាប់មក យើងប្រាប់ឱ្យសិស្សជុំគ្នា៤ ឬ៥នាក់នៅក្រោមផ្ទះនោះ។ យើងបង្រៀនពួកគេមួយក្រុម កន្លះម៉ោង ហើយខ្ញុំទៅផ្ទះមួយទៀត ដែលមានសិស្ស៤ ឬ៥នាក់នៅចាំនៅទីនោះ។»។ នេះជាការរៀបរាប់របស់លោកគ្រូ សេន វណ្ណា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ពីផ្ទះរបស់លោកគ្រូនៅក្នុងភូមិបឹងព្រួលលើ។
ដោយសារតែសិស្សជុំគ្នានៅតាមផ្ទះផ្សេងៗគ្នា ពួកគេត្រូវចាប់ផ្តើមរៀននៅម៉ោងផ្សេងៗគ្នា។ ដូច្នេះលោកគ្រូ វណ្ណា ត្រូវចេញពីក្រុមមួយ បន្តដំណើរទៅបង្រៀនសិស្សមួយក្រុមទៀតនៅផ្ទះអ្នកភូមិមួយទៀត។ ប៉ុន្តែ មិនមែនសិស្សទាំង៤០នាក់ក្នុងបន្ទុករបស់លោកគ្រូវណ្ណា បានរៀនទាំងអស់គ្នាឡើយ។ លោកគ្រូ សេន វណ្ណា ពន្យល់បន្តយ៉ាងដូច្នេះ៖«មានតែសិស្សតូចៗទេ ដែលនៅផ្ទះ ដែលបានរៀន។ សិស្សខ្ញុំខ្លះទៀត ធំៗអាយុច្រើន ពួកគេទៅធ្វើជួយធ្វើចម្ការឪពុកម្តាយរបស់ពួកគេ។ ពួកគេមិនបានរៀនទេ»។
បើតាមការបញ្ជាក់របស់លោកគ្រូ ការបង្រៀនបែបនេះធ្វើឱ្យលោកគ្រូហត់ជាធម្មតា ពីព្រោះលោកគ្រូត្រូវធ្វើដំណើរទៅតាមផ្ទះ ច្រើនកន្លែង ហើយត្រូវបង្រៀនមេរៀនដដែលដល់សិស្សដែលមានមានច្រើនក្រុម។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកគ្រូអះអាងថា វាមិនបានធ្វើឱ្យគ្រូធុញទ្រាន់នោះឡើយ ដ្បិតការងារនេះ បើតាមលោកគ្រូ គឺជាកាតព្វកិច្ចជាគ្រូបង្រៀន។ លោកគ្រូបន្តថា លោកគ្រូហត់បន្តិចមែន ក៏ប៉ុន្តែលោកគ្រូច្បាស់ក្នុងចិត្តថា សិស្សរបស់លោកគ្រូមិនប្រើប្រាស់ទូរសព្ទជាលេសដើម្បីលេងហ្គេមឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com