COVID-19
ជាតិ
COVID-19៖ អ្នកជំងឺពីរនាក់ដែលមិនទាន់សះស្បើយ បន្តព្យាបាលនៅភ្នំពេញ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចបញ្ជូនអ្នកជំងឺ២នាក់ចុងក្រោយ មកព្យាបាលនៅភ្នំពេញ។ រូបថត ThmeyThmey
× ភ្នំពេញ៖ នេះជាថ្ងៃទី២៨ ហើយ ដែលកម្ពុជានៅតែមិនរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ -១៩ ហើយអ្នកជំងឺនៅសល់តែ ២នាក់ប៉ុណ្ណោះក្នុងចំណោម១២២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដោយបញ្ជាក់ថា លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង សម្រេចបញ្ជូនអ្នកជំងឺដែលមិនទាន់ជាសះស្បើយពីរនាក់ មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាំងពីថ្ងៃទី៨ ខែឧសភា មក។
អ្នកជំងឺពីរនាក់ដែលមិនទាន់សះស្បើយ មានស្ត្រីម្នាក់ពីខេត្តបន្ទាយមានជ័យ និងបុរសចំណាស់ម្នាក់នៅខេត្តកំពង់ឆ្នាំង។ លោកស្រី ឱ វណ្ណឌីន បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទកន្លងមកថា ស្ត្រីពីបន្ទាយមានជ័យមានបញ្ហាសុខភាពផ្លូវចិត្ត រីឯបុរសពីខេត្តកំពង់ឆ្នាំង មានជំងឺប្រចាំកាយ។
ទោះបីកម្ពុជាបន្តគ្មានករណីឆ្លងថ្មី ក៏កម្ពុជាកំពុងតែស្ថិតនៅក្នុងភាពប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ដូច្នេះ ក្នុងសន្និសីទកាសែត កាលពីថ្ងៃ ចន្ទកន្លងទៅ ។ លោក ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តនិងបង្កើនការយកចិត្តទុកដាក់ ឲ្យខ្ពស់ និង អនុវត្តវិធានអនាម័យនានា និងការរក្សាគម្លាតសុវត្ថិភាពតាមការណែនាំដើម្បីកុំឱ្យមានការចម្លរាតត្បាតក្នុងសហគមន៍ ។
កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ -១៩ ចំនួន ១២២ នាក់ ក្នុងនោះមាន១២០នាក់ ជាសះស្បើយ ។ អ្នកសះស្បើយទាំងនោះ ជនជាតិខ្មែរ ៤៩ នាក់ , បារាំង ៤០ នាក់ , ម៉ាឡេស៊ី ១៣ នាក់ , អង់គ្លេស ៥ នាក់ , ចិន ៣ នាក់ , អាមេរិក ២ នាក់ , វៀតណាម ៣ នាក់ , ឥណ្ឌូណេស៊ី ២ នាក់ , កាណាដា ២ នាក់ និង បែលហ្សិក ១ នាក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com