ជាតិ
មួយ​សប្តាហ៍​នៃ​ការ​រឹតបន្តឹង​ចរាចរណ៍​៖ យានយន្ត​ល្មើស​ជិត​១៤០០០​គ្រឿង រីឯ​គ្រោះថ្នាក់​ថយចុះ​
10, May 2020 , 11:03 am        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) កាលពី​ថ្ងៃទី​៨ ខែឧសភា បានចេញ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នា​រយៈពេល​១​សប្តាហ៍​ដំបូង​។ លទ្ធផល​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៧ ខែឧសភា បាន​បង្ហាញថា យានយន្ត​ល្មើស​ជិត​១៤០០០​គ្រឿង ត្រូវបាន​ពិន័យ រីឯ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​១​សប្តាហ៍​មុន​ការអនុវត្ត​។

 
​ក្នុង​រយៈពេល​១​សប្ដាហ៍​នៃ​ការ​រឹតបន្តឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យឃើញ​បទល្មើស និង​ពិន័យ យានយន្ត​ល្មើស​ចំនួន ១៣,៩៦៨ ករណី ក្នុងនោះ​មាន​ទោច​ចក្រ​យន្ត និង​ត្រីចក្រយានយន្ត ចំនួន ១០,៨១៥ ករណី ស្មើនឹង​៧៧​ភាគរយ និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៣,១៥៣​ករណី ស្មើនឹង ២៣​ភាគរយ​។​
 
​ជាមួយគ្នានេះ គ្រោះថ្នាក់​ចរាចរណ៍​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែឧសភា បាន​កើតឡើង​ចំនួន ៤៣​លើក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២៤​នាក់ និង​របួស​៥៦​នាក់ ។ តួលេខ​នេះ បើ​ធៀប​នឹង​សប្ដាហ៍​ទី​៤ នៃ​ខែមេសា ពោលគឺ​មុន​មួយ​សប្ដាហ៍​នៃ​ការ​រឹតបន្ដឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយមាន​ការថយចុះ​៥២ លើក​។​



សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ស​.​ច​.​គ បាន​សាទរ​ចំពោះ​ការថយចុះ​យ៉ាង​ល្អប្រសើរ នៃ​លទ្ធផល​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​១​សប្ដាហ៍ បន្ទាប់ពី​បាន​អនុវត្ត​ច្បាប់​រឹតបន្តឹង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នេះ​។ ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ និង​មន្ត្រី​សមត្ថកិច្ច បន្តសកម្មភាព​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​កាន់តែ​តិច​។ 
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​អរគុណ​ចំពោះ​ការចូលរួម​អនុវត្ត​ច្បាប់ ហើយ​ទទួលយក​នូវ​មតិ​រិះគន់​ក្នុង​ស្ថាបនា និង​សំណូមពរ​នានា ដើម្បី​ពិនិត្យ​ឆ្លុះបញ្ចាំង និង​ការកែលម្អ​ទាន់ពេលវេលា​នូវ​កង្វះខាត​ទាំងឡាយ​។ «​វិធានការ​នេះ​ជា​ជម្រើស​ល្អ​បំផុត​ក្នុងចំណោម​វិធានការ​អាទិភាព​ផ្សេងទៀត​»​។ នេះ​ជាការ​លើកឡើង​របស់ គ​.​ស​.​ច​.​គ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com