COVID-19
ជាតិ
កញ្ញា លឹម សុខ​ហ្គិ​ច កាត់បន្ថយ​ការ​អផ្សុក​តាមរយៈ​ការដាំ​បន្លែ​ធម្មជាតិ​នៅផ្ទះ​
10, May 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា លឹម សុខ​ហ្គិ​ច ជា​និស្សិត​ឆ្នាំ​ទី​១​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​។ ទោះ​មិនបាន​សិក្សា​ជំនាញ​កសិកម្ម ប៉ុន្តែ​សុខ​ហ្គិ​ច​ចូលចិត្ត​ការដាំដុះ​។ យុវតី​រូបនេះ​យល់ថា ការដាំ​បន្លែ​នៅផ្ទះ​គឺ​ដូចជា​ការហាត់​ប្រាណ ឬ​ជាការ​កម្សាន្ត​អាច​កាត់បន្ថយ​ការ​អផ្សុក និង​ថែមទាំង​បាន​បន្លែ​ធម្មជាតិ​សម្រាប់​បរិភោគ​ទៀតផង​។ ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ ផ្ទះ​របស់​កញ្ញា សុខ​ហ្គិ​ច មាន​ដាំ​បន្លែ​ និងដំណាំច្រើន​ប្រភេទ​មាន​ដូចជា ក្រូចឆ្មារ​, ម្ទេស​, ស្លឹក​ខ្ទឹម​, សណ្ដែក​កួរ​, ក្រសាំងទៀប​, ស្ពៃ​, ស្លឹក​តយ​, ជី​, ផ្លែទៀប និង​ស្រកានាគ​ជាដើម​។​



​សូម​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖

 

​យុវតី​វ័យ​២០​ឆ្នាំ លឹម សុខ​ហ្គិ​ច ដាំ​បន្លែ​នៅផ្ទះ ​ក៏​ព្រោះតែ​ចង់បាន​បន្លែ​បែប​ធម្មជាតិ​សម្រាប់​គ្រួសារ​បរិភោគ​​ ដោយមិនបាច់ទៅបន្លែពីផ្សារទាំងស្រុងនោះទេ។ ​មួយវិញទៀត​អាច​ចែករំលែក​ទៅដល់​អ្នក​ជិត​ខាង ដែល​រស់នៅ​ក្បែរ​ផ្ទះ​​​ផងដែរ​។ កញ្ញា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖​«​ខ្ញុំ​ដាំ​បន្លែ​នៅផ្ទះ​នេះ​គឺ​យូរហើយ​។ បន្លែ​ដែល​ដាំ​ទាំង​អស់ហ្នឹង ខ្ញុំ​ដាំ​ជា​២​កន្លែង មួយកន្លែង​ដាំ​យូរហើយ និង​មួយកន្លែង​ទៀត​ ទើបតែ​ដាំ​ពេល​ចាប់​មាន​ជំងឺ​កូ​វីដ​-១៩​នេះ​ទេ ដូចជា​ពពួក​ស្ពៃ​ជាដើម​»​។​
 
​យុវតី សុខហ្គិច ក៏លើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ អាចសាកល្បងដាំបន្លែបង្ការផ្សេងៗ នៅក្នុង​អំឡុងពេល​សម្រាកនៅផ្ទះ ទប់ស្កាត់​កូវីដ-១៩ នេះ ព្រោះ​វា​ក៏​មិនមែនជា​រឿង​ដែល​ពិបាក​នោះទេ ហើយ​ក៏ដូច​ការកម្សាន្ត​កែ​អផ្សុក និង​ទទួលបាន​បន្លែ​ធម្មជាតិ​ទៀតផង​៕
 

Tag:
 បន្លែ​ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com