អន្តរជាតិ
ស៊ី​លី​៖ រមណីយដ្ឋាន​ស្គី​ត្រូវបង្កើត​ព្រិល​សិ​ប្បិ​និមិត្ត​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​
10, May 2020 , 10:29 pm        
រូបភាព
​ស្ថានីយ​រមណីយដ្ឋាន​ក​ម្សា​ន្ត​ស្គី​ទឹកកក​នៃ​ទីក្រុង Santiago ប្រទេស​ស៊ី​លី ដែលជា​ប្រទេសមួយ​មាន​ទីតាំង​នៅតាម​បណ្តោយ​ទ្វីបអាមេរិក​ខាងត្បូង បាន​នឹង​កំពុង​ជួបប្រទះ​ជាមួយនឹង​បញ្ហា​កង្វះ​បរិមាណ​ព្រិល​ដែល​ធ្លាក់​ចុះមក​។ ដោយ​កាល​ពីមុនមក តំបន់​ទាំងនេះ​តែង​ទទួលបាន​បរិមាណ​ព្រិល​ធម្មតា​ជានិច្ច​។

 
 
​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ចុះផ្សាយ​ថា កាលពី​ប៉ុន្មាន​ទសវត្សរ៍​មុន តំបន់​ជួរ​ភ្នំ Andes នៃ​ទ្វីបអាមេរិក​ខាងត្បូង​ធ្លាប់​ទទួល​កម្រាស់​ព្រិល​រហូត​ដល់ទី​៤​ម៉ែត្រ​ឯណោះ ដោយពេល​ខ្លះ​មិនអាច​អនុញ្ញាត​ឲ្យ​ឡាន​ធ្វើដំណើរ​បាន​នៅតាម​ផ្លូវ​ផង​។ តែ​ឆ្នាំនេះ ព្រិល​បាន​ធ្លាក់​ចុះមក​តែ​៣​ដង​ប៉ុណ្ណោះ និង​មិន​លើសពី​៣០​សង់ទីម៉ែត្រ​នោះទេ នៅតាម​ជួរ​ភ្នំ Andes នៃ​ប្រទេស​ស៊ី​លី​។ 
 
​លោក Raul Cordero ដែលជា​សាស្ត្រាចារ្យ​ម្នាក់​នៅឯ​សកល​វិទ្យាល័យ​នៃ​ទីក្រុង Santiago និយាយថា តាំងពី​ពេលនោះ​មក កម្រិត​ព្រិល​បាន​ធ្លាក់ចុះ​ពី​៥​ភាគរយ ទៅ​១០​ភាគរយ​ជា​រៀងរាល់​១០​ឆ្នាំ​ម្តង នៅក្នុង​តំបន់​ជួរ​ភ្នំ Andes ទាំងមូល​។ ក្នុង​បរិមាណ​នេះ ព្រិល​ដែលមាន​នៅលើ​ភ្នំ Andes នឹងត្រូវ​បាត់បង់​កាន់តែខ្លាំង​។ 
 
​សារធាតុបំពុល​ដោយ​មនុស្ស មានដូចជា សារធាតុ​កាបូន និង ស៊ូ​ត (Soot) មាន​នាទី​ក្នុងការ​ព​ន្លើ​នស​កម្ម​ភាពរលាយ​នៃ​ទឹកកក​។ នេះ​គឺ​ដោយសារតែ​សារធាតុ​ខាងលើ​ស្រូប​កម្តៅ​ពី​ព្រះអាទិត្យ​បានល្អ ដែល​ធ្វើ​ឲ្យ​ទឹកកក​រលាយ​កាន់តែខ្លាំង​។ សារធាតុ​ទាំងអស់នោះ ធ្វើដំណើរ​ចេញពី​ទីក្រុង តាម​ចរន្ត​ខ្យល់ រហូតដល់​វា​ធ្វើដំណើរ​ទៅក្នុង​តំបន់ភ្នំ​។ 
 
​ដោយសារតែ​ម៉ាស៊ីន​ផលិត​ព្រិល​ទាំងនេះហើយ ទើប​ធ្វើ​ឲ្យ​រមណីយដ្ឋាន​នៅតាម​ជួរ​ភ្នំ​នេះ​មួយចំនួន​អាច​នៅ​បន្ត​ទទួលភ្ញៀវ​មកលេង​កម្សាន្ត​បាន ទោះបី​ព្រិល​ពី​ធម្មជាតិ​ធ្លាក់​មិនបាន​គ្រប់គ្រាន់​មែន​ក្តី​។ ម៉ាស៊ីន​ទាំងនោះ​ប្រើប្រាស់​សីតុណ្ហភាព​ទាប និង​សំណើម​បរិយាកាស​ខ្ពស់​ក្នុង​ការផលិត​គ្រាប់​ព្រិល​ចេញពី​ទឹក​។ 
 
​អ្នក​កីឡាករ​ស្គី​ម្នាក់​ជនជាតិ​កាណាដា Megan Farrell បាន​និយាយថា​៖«​បើ​គ្មាន​ព្រិល​គ្រប់គ្រាន់​នោះទេ តំបន់​ស្គី​ក៏​មិនសូវ​ជាមាន​ទូល​សម្រាប់​ជិះ​ស្គី​ដែរ​។ កីឡា​ស្គី​ទាមទារ​ឲ្យ​មាន​លក្ខណៈ​សណ្ឋាន​ដី​ផ្សេងៗ ដូច​ជាទី​ទូល និង​រយៈកម្ពស់​ផ្សេងៗ​»​។ ជនជាតិ​ឈី​លី​ម្នាក់ទៀត​ក៏បាន​និយាយ​ដែរ​ថា​៖«​អ្នក​អាច​ដឹង ព្រិល​ទាំងនោះ​មាន​លក្ខណៈ​រឹង​ជាង​ធម្មតា និង​សម្បូរ​ទៅដោយ​ដុំថ្ម នៅពេលដែល​ព្រិល​រលាយ​។ ព្រិល​ដែល​ផលិត​ចេញពី​ម៉ាស៊ីន​នេះ មិនមាន​លក្ខណៈពិសេស​ដូច​ព្រិល​ធម្មជាតិ​នោះទេ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com