ជាតិ
ក្រសួង​វប្បធម៌ នឹងមាន​វិធានការ​ចំពោះ​ការផ្សព្វផ្សាយ​ដែល​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​
10, May 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​វិធានការ​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់​ដែល​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណីជាតិ​។ បើតាម​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​នៃ​ក្រសួង​វប្បធម៌ អ្នកប្រើប្រាស់ គេហទំព័រ និង​បណ្ដាញ​សង្គម​មួយចំនួន​បានធ្វើការ​ផ្សព្វផ្សាយ​រូបភាព វីដេអូ សារ​ជា​អក្សរ ឬ​សំឡេង ដោយ​អ​សីល​ញាណ ឆ្ងាយ​ពី​ក្រមសីលធម៌​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី អត្តសញ្ញាណ និង​ក្រិ​ត្យា​នុ​ភាព​ជាតិ​។

  
 
​សេចក្ដីណែនាំ​របស់​ក្រសួង​វប្បធម៌​ចេញ​ថ្ងៃទី​៨ ខែឧសភា ក្នុងការ​ទប់ស្កាត់​ផលប៉ះពាល់ ដើម្បី​រក្សា​ភាពថ្លៃថ្នូរ​គុណ​តម្លៃ​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ ក្រុម​បឹ​ក្សា​ពិន័យ​និង​លើកសរសើរ ជម្រាប​ជូនទៅ​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ផ្សព្វផ្សាយ​គ្រប់​រូបភាព វីដេអូ សារ​ជា​អក្សរ ឬ​សំឡេង បែប​លក្ខណៈ​អាសអាភាស ស្រើបស្រាល អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ដែល​វា​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌​ជាតិ​។ 
 
​ក្នុងនោះ​ក្រុមប្រឹក្សា​ពិន័យ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុងករណី​បុគ្គល ឬ​ក្រុម​ណាមួយ​នៅតែ​ប្រព្រឹត្ត​សកម្មភាព​ដែល​បាន​ហាមឃាត់​ទៀត​នោះ ក្រុមប្រឹក្សា​ពិន័យ​និង​សហការ​ជាមួយ​បណ្ដា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ចាត់វិធានការ​ដោយ​អនុលោម​តាម​ក្រមសីលធម៌​អ្នកសិល្បៈ​។ 
 
​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ស្ដីពី​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្ដាញ​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នៅ​កម្ពុជា  និង​ដាក់​បណ្ដឹង​ទៅ​តុលាការ​ដោយ​អនុលោម​តាម​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្ដីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម​ផ​លូវ​ភេទ អាស្រ័យ​ទៅតាម​ស្ថាន​បទល្មើស​ដែល​អ្នកប្រើប្រាស់​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​ប្រព្រឹត្ត​៕
 

Tag:
 វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com