ម្ចាស់​ខ្សែក្រវាត់ Xiong Jing Nan ចង់​ផ្ដួល Tiffany Teo ឲ្យ​សន្លប់​ម្ដងទៀត​!
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ខ្សែក្រវាត់ Xiong Jing Nan ចង់​ផ្ដួល Tiffany Teo ឲ្យ​សន្លប់​ម្ដងទៀត​!
11, May 2020 , 8:59 am        
រូបភាព
​អត្ថបទ ស៊ី​ធី 
 
Xiong Jing Nan  ឬ គេ​ស្គាល់​ថា “The Panda”  ចង់​ជួប​ដៃគូ​ប្រជែង​ខ្សែក្រវាត់ ONE Women’s Strawweight World Title ជាថ្មី​ម្ដងទៀត​ដើម្បី​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​។ “The Panda” សង្ឃឹមថា​រូបគេ​នៅតែ​បង្កើតបាន​ការប្រកួត​ដ៏​ទាក់ទាញ​។




វីរនារី​របស់​ចិន​ដែល​បច្ចុប្បន្ន​បាន​ផ្លាស់ប្ដូរ​ទៅ​ហ្វឹកហាត់​នៅ សិង្ហ​បុរី​ឯ​ក្លិប Evolve  ហើយ​ត្រូវដាក់​គោលដៅ​ការពារ​ខ្សែក្រវាត់​ម្ដងទៀត​ទល់នឹង Tiffany “No Chill” Teo បន្ទាប់ពី​ការពារ​ខ្សែក្រវាត់ World Title បានសម្រេច​ពេល​ផ្ដួល Ayaka “Zombie” Miura  ឲ្យ​សន្លប់​នៅក្នុង​កម្មវិធី ONE: KING OF THE JUNGLE កាល​ខែ កុម្ភៈ កន្លងទៅ​។ ការជួបគ្នា​ជាថ្មី​ជា​លើក​ទី​២​ត្រូវបាន​លើក​ពេល​ដោយសារតែ​មេរោគ​រាតត្បាត COVID-19 ខណៈដែល​រដ្ឋាភិបាល​សិង្ហ​បុរី​បន្ត​រឹតត្បិត និង​បិទ​ប្រទេស​អំឡុងពេល​ដ៏​លំបាក​នេះ​។ យ៉ាងណាក្ដី Xiong នៅតែ​គិត​វិជ្ជមាន​ចំពោះ​ការប្រកួត​។ 
 
​ម្ចាស់​ខ្សែក្រវាត់​ខាងលើ​ពន្យល់ថា ៖«​ខ្ញុំ​មើលឃើញថា មាន​ក្រុម​គ្រូបង្វឹក និង កីឡាករ​កីឡាការិនី​ខ្លាំងៗ​នៅ​ក្លិប​។ ខ្ញុំ​ចង់​មក​ទីនេះ ព្រោះ​ខ្ញុំ​ចង់​ហក់​ទៅ​ចំណុច​កាន់តែ​ខ្ពស់​។ ខ្ញុំ​បានមក​សិង្ហ​បុរី​ជា​ច្រើនដង​ដើម្បី​មើល​ស្ថានភាព​។ ហើយ​ខែ ធ្នូ កន្លងទៅ ខ្ញុំ​ក៏​សម្រេច​មក​ចូលរួម​ក្លិប Evolve តែម្ដង​ព្រោះ​ខ្ញុំ​ចង់​អភិវឌ្ឍ​សមត្ថភាព​»​។ 
 
​កីឡាការិនី​វ័យ​៣២​ឆ្នាំ រៀបរាប់​ទៀតថា ៖«​ខ្ញុំ​ស្រលាញ់​សិង្ហ​បុរី​តាំងពីដើម​មក​។ ខ្ញុំ​ស្រលាញ់​អាកាសធាតុ និង ទីក្រុង​។ ខ្ញុំ​ពេញ​ចិត្តនឹង​ការហ្វឹកហាត់​ជាមួយ​ដៃគូ​របស់ខ្ញុំ​។ ខ្ញុំ​ស្រលាញ់​ក្លិប​ថ្មី​របស់ខ្ញុំ និង ស្រលាញ់​ការនិយាយ​លេងសើច ខណៈ​កំពុង​ហ្វឹកហាត់​»​។ 
 
​ពេលនេះ​ក្លិប Evolve ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​ដោយសារតែ​ការបិទ​ប្រទេស​។ “The Panda” នៅតែ​ទន្ទឹងរង់ចាំ​ការដក​បម្រាម ដើម្បី​ឲ្យ​រូបគេ​ឆាប់​បាន​ហ្វឹកហាត់ និង ត្រៀម​ប្រកួត​ជាថ្មី​។
កីឡាការិនី​ចិន​គូសបញ្ជាក់​ទៀតថា ៖«COVID-19 បានផ្ដល់​ផលប៉ះពាល់​ដល់​ការហ្វឹកហាត់​របស់ខ្ញុំ​ច្រើនណាស់​។ ឥឡូវនេះ​ខ្ញុំ​អាច​ហ្វឹកហាត់​តិចតួច ឬ ការហាត់​ប្រាណ​ខ្លះ​ប៉ុណ្ណោះ​។ ខ្ញុំ​ហាត់​តែម្នាក់ឯង​អត់​មាន​គ្រូ និង អត់​មាន​សម្ភារ​ហ្វឹកហាត់​សោះ​។ ពេលនេះ​ខ្ញុំ​គួរតែ​ផ្ដោតលើ​ការប្រកួត​ក្នុង​ជំហរ​ដេក​បានល្អ​។ ទោះយ៉ាងណា ពេល ក្លិប​ចាប់ផ្ដើម​បើក ខ្ញុំ​នៅតែ​ខ្លាំង​ជាង​មុន​»​។​
 
Xiong បាន​ផ្ដួល Teo ឲ្យ​សន្លប់​នៅ​ទឹក​ទី​៤ ដើម្បី​គ្រង​ខ្សែក្រវាត់ ONE Women’s Strawweight World Championship កាល​ខែមករា ឆ្នាំ ២០១៨​។ យ៉ាងណាក្ដី ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ Strawweight រូបនេះ​ចង់​ផ្ដួល​គូសត្រូវ​ចាស់​ឲ្យ​សន្លប់​ម្ដងទៀត​ពេល​ជួបគ្នា​ជាថ្មី​។  ក្នុងការ​ប្រកួត​ចុងក្រោយ គូប្រជែង​បាន​យកឈ្នះ Miura, កីឡាការិនី​មកពី Team Highlight Reel បាន​យកឈ្នះ Michelle Nicolini ដែលជា​កីឡាការិនី​ជើងឯក Brazilian Jiu-Jitsu World Champion ៨​សម័យ នៅក្នុង​កម្មវិធី ONE: HEART OF THE LION​។ 
 
​ជ័យជម្នះ​ជា​បន្តបន្ទាប់​បានធ្វើ​ឲ្យ​កីឡាការិនី​វ័យ ៣០ ឆ្នាំ​ប្រកួតប្រជែង​ខ្ពស់​ដើម្បី​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ទម្ងន់ strawweight ជាពិសេស​ជា​គូប្រជែង​ស្វិតស្វាញ​របស់ Xiong ។ វីរនារី​មកពី​ចិន បាន​សារភាពថា ៖«Teo រីកចម្រើន​ណាស់​។ ខ្ញុំ​សប្បាយចិត្ត​ចំពោះ​រូបគេ ហើយ​ទន្ទឹងរង់ចាំ​ជួបគ្នា​ជាថ្មី​។ គេ​មាន​កម្លាំង​ស្មារតី​ខ្លាំង និង អភិវឌ្ឍ​ខ្លួន​បាន​លឿន​។  គេ​កាន់​តែមាន​ទំនុកចិត្ត ហើយ ក្បាច់​របស់គេ​ក៏​ល្អ​គួរកត់សម្គាល់​ដែរ​»​។ 
 
“The Panda” ជឿជាក់​យ៉ាង​មុតមាំ​ថា ការប្រឈមមុខ​ដាក់គ្នា​ជាថ្មី​កាន់តែ​ល្អមើល​មិន​ខាន​។ ប៉ុន្តែ អ្វីដែល Xiong ចង់​ផ្ដល់​ឲ្យ​អ្នកគាំទ្រ​នោះ​គឺ ផ្ដួល Teo ឲ្យ​សន្លប់​នៅលើ​សង្វៀន​ឲ្យ​ខាងតែបាន​។  Xiong បាន​សង្កត់ធ្ងន់ថា ៖«​វា​ជាការ​ប្រកួត​ដ៏​មានតម្លៃ ។ តាំងពី​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE World Title ទល់នឹង Teo កាលពី​ពីរ​ឆ្នាំមុន យើង​ទាំងពីរ​រីកចម្រើន​ខ្លាំងណាស់ និង​ផ្លាស់ប្ដូរ​ដូចគ្នា​។ ខ្ញុំ​មិនអាច​ប្រាប់​អ្នក​ឲ្យ​គ្រប់សព្វ​អំពី​ការប្រកួត​គុន​ចម្រុះ​នោះទេ​។  ប៉ុន្តែ​អ្នកនឹង​ឃើញ​ការផ្លាស់ប្ដូរ​ពេល​យើង​ជួបគ្នា​ម្ដងទៀត​។  មានរឿង​អី​ក៏ដោយ ខ្ញុំ​ចង់​វ៉ៃ​គេ​ឲ្យ​សន្លប់​តដៃ​លែងរួច​តែម្ដង​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម