ជាតិ
​ទិវា​មាតា​! កូន​ស្រឡាញ់​ម៉ែ នឹក​ម៉ែ គោរព​ម៉ែ​!
10, May 2020 , 4:19 pm        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី​១០ ខែ ឧសភា​នេះ យុវជន​ខ្មែរ​បានបង្ហាញ​មនោ​សញ្ចា​ត​នា ជាមួយនឹង​ការដឹងគុណ និង​ក្ដី​ស្រឡាញ់​ចំពោះ​ម្តាយ​នៅ​ថ្ងៃ​ទិវា​មាតា ។  ទិវា​មាតា (Mother’s Day) មិនមែនជា​ប្រពៃណី​របស់​ខ្មែរ​ឡើយ ប៉ុន្តែ​យុវជន​ខ្មែរ បាន​ប្រារព្ធ​ទិវា​នេះ កាន់តែ​ផុសផុល​ដោយបាន​បង្ហាញ​តាមរយៈ​ការ​បង្ហោះ​រូបភាព​ម្ដាយ ភ្ជាប់​ជាមួយ​សំណេរ​ដឹងគុណ និង​ក្ដី​ស្រលាញ់​ចំពោះ​ម្ដាយ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​។​

 
 
​ទិវា​មាតា​ត្រូវបាន​ផ្តួចផ្តើម​រៀបចំ​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩០៨ នៅ​សហរដ្ឋអាមេរិក ដោយ​លោកស្រី Anna Jarvis ដើម្បី​ឧទ្ទិស​ដល់​ពលិកម្ម​គ្រប់​បែបយ៉ាង​របស់​ស្ត្រី​ដែលជា​ម្តាយ​គ្រប់រូប ដោយ​ទិវា​នេះ វិ​វត្ត​មកពី​ទិវា Mothering Sunday របស់​អង់គ្លេស​នា​សតវត្សរ៍​ទី​១៥ ។​
 
​នៅ​ឆ្នាំ​១៩១៤ ចក្រភព​អង់គ្លេស​បានធ្វើ​ឲ្យ​ទិវា​នេះ​មាន​លក្ខណៈ​ផុសផុល រីឯ​អាល្លឺម៉ង់​ចាប់ផ្តើម​ប្រារព្ធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩២៣ ហើយ​ប្រទេស​បែលហ្ស៊ិក ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អ៊ីតាលី តួ​ក​គី និង​អូស្ត្រាលី បាននាំគ្នា​ប្រារព្ធ​ជា​បន្តបន្ទាប់​។​
 
​ពុំមាន​ការកំណត់​ថ្ងៃ​ជាក់លាក់​ឡើយ​ក្នុងការ​ប្រារព្ធ​ទិវា​នេះ ដោយ​ប្រទេស​ខ្លះ​យក​ចំ​ថ្ងៃ​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ប្រទេស​ខ្លះ​មាន​ពេលវេលា និង​ឈ្មោះ​ហៅ​ទិវា​នេះ ប្លែកៗ​ពីគ្នា រីឯ​ប្រទេស​កម្ពុជា​បាន​និយម​តាម​ប្រទេស​មួយចំនួន​ដែល​ប្រារព្ធ​ទិវា​នេះ នៅ​ចំ​ថ្ងៃអាទិត្យ សប្តាហ៍​ទី​២​នៃ​ខែឧសភា​។​
  
​សារ​យុវជន​មួយចំនួន​នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​៖


 
​កញ្ញា ជួប ច័ន្ទ​ផូ​ផា​ណែ​ត បាន​បង្ហោះ​រូប​ជាមួយ​ម្ដាយ​និង​បងស្រី​ជាច្រើន​សន្លឹក និង​បានសរសេរថា​« ម្ដាយ​ជាទី​ស្រលាញ់​របស់​កូនៗ រីករាយ​ទិវា​គុណ​ម្ដាយ កូន​ស្រលាញ់​ម៉ែ កូន​ជូនពរ​ឱ្យ​ម៉ែ​មាន​សុខ​ភាពល្អ​»​។ ជាមួយគ្នានេះ កញ្ញា ញឹក ស្រី​ល័​ក្ខ ក៏បាន​បង្ហោះ​រូបថត​របស់​ម្ដាយ​ជាច្រើន​សន្លឹក ហើយ​សរសេរថា​៖ «​សូម​អរគុណ​ម៉ាក់​គ្រប់យ៉ាង  កាល​ខ្ញុំ​ឡើង​សួរ​សំណួរ​សម្ដេច អ្នក​ដែល​ភ័យ​ជាង​ខ្ញុំ គឺ​គាត់​នេះហើយ​»​។​
 
​ងាក​ទៅ កញ្ញា ម៉ៅ ស្រី​ម៉ី វិញ នាង បាន​បង្ហោះ​រូប​ជាមួយ​ម្ដាយ​នៅ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ និង​រូប​ក្រុមគ្រួសារ ហើយ​បាន​រៀបរាប​ដូច្នេះ​ថា​៖« ខ្ញុំ​អត់​សរសេរ​អី​ទេ​ចុក​ដៃ​ណាស់ សរសេរ​មិច​ក៏​រៀបរាប់​គុណ​ម៉ែ​មិន​អស់​ដែរ​។ បើ​កូន​ឈ្លើយ កូន​ខុស សូម​ម៉ែ​អភ័យ​ផង សម្ដី​កូន​មិន​ពិ​រោះ​ដាក់​ម៉ែ តែ​ហាម​អ្នកផ្សេង​បៀតបៀន​លោក​។ ឆ្លៀត​ក្នុង​ទិវា​នេះ​សូម​ជូនពរ​លោក​ទាំងពី​រ​ឱ្យមាន​សុខភាព​ល្អ អាយុ​វែង​»​។​ 
 
​យុវជន កន សុខ​ហេង បាន​បង្ហោះ​រូប​ជាមួយ​ម្ដាយ ហើយ​លើកឡើងថា​« រីករាយ​ទិវា​មាតា​អន្តរជាតិ ជូនពរ​ឱ្យ​អ្នក​ម្ដាយ​មាន​សុខ​ភាពល្អ និង​សម្រេច​គ្រប់​ភារកិច្ច​ពិសេស​មាន​លុយ​ច្រើនៗ​»​។ សុខ ហេង ក៏បាន​Tag ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​ម្ដាយ​ខ្លួន​នៅលើ​រូប​ផងដែរ​៕
 
 

Tag:
 ទិវា​មាតា​
© រក្សាសិទ្ធិដោយ thmeythmey.com