ជាតិ
ទូត​អាល្លឺម៉ង់ ចាត់ទុក​ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​លោក កឹម សុខា ជា​រឿង​វិជ្ជមាន​
11, May 2020 , 2:43 pm        
រូបភាព
លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ជួបសួរសុខទុក្ខលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី១១ ឧសភា
លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ជួបសួរសុខទុក្ខលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី១១ ឧសភា
​ភ្នំពេញ​៖ ជំនួប​រវាង​សម្ដេច ហ៊ុន សែន និង​លោក កឹម សុខា នៅក្នុង​ពិធី​បុណ្យសព​របស់​ម្ដាយក្មេក​សម្ដេច កាលពី​ថ្ងៃទី​៥ ឧសភា​កន្លងមក អាចជា​សញ្ញា​វិជ្ជមាន​មួយ នៅក្នុង​ក្រសែភ្នែក​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​។​


 
​លោក Christian Berger គាំទ្រ​ចំពោះ​ជំនួប​រវាង​អ្នកនយោបាយ​ទាំងពីរ​នេះ​។ លោក មុត ចន្ថា មនុស្ស​ស្និទ​លោក កឹម សុខា បាន​ស្រង់​សម្ដី​លោក Christian Berger ដែល​បាន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅ​គេហដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​១១ ឧសភា​ថា ៖«​លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ការជួប​នេះ​ដោយ​ចាត់ទុកថា​ជា​រឿង​វិជ្ជមាន​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក មុត ចន្ថា មនុស្ស​ស្និទ​លោក កឹម សុខា ដើម្បី​សុំ​ព័ត៌មាន​លម្អិត​ជុំវិញ​កិច្ចពិភាក្សា​ក្នុងជំនួប​នេះឡើយ​។​
 
​ប៉ុន្តែ​លោក មុត ចន្ថា បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​កថា ក្រៅពី​ពិភាក្សា​រឿង​ជំនួប​នយោបាយ​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ​នេះ លោក​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ក៏បាន​និយាយ​គ្នា​អំពី​សុខទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងស្ថានភាព​កូ​វីដ​-១៩ និង​អំពី​ស្ថានភាព​អនាគត​ទៀតផង​។​
 
​បន្ទាប់ពី​ជួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​នេះ លោក កឹម សុខា ដែល​កំពុង​រង​បទ​ចោទ​«​គប់គិត​ជាមួយ​បរទេស​» ហើយ​ស្ថិតនៅក្នុង​ដំណើរការ​ជំនុំជម្រះ​ក្នុង​តុលាការ​នេះ ក៏មាន​គម្រោង​ជួប​បណ្ដា​អង្គទូត​នានា បន្ថែមទៀត​ដែរ​។​
 
«​ក្នុង​សប្តាហ៍​នេះ ខ្ញុំ​នឹង​ទទួល​ជួប​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​-​ឯកអគ្គរាជទូត នៃ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​សំខាន់ៗ​មួយចំនួន ដែលមាន​ស្ថានទូត​នៅ​ភ្នំពេញ ដោយផ្ទាល់​នៅ​គេហដ្ឋាន​របស់ខ្ញុំ​ជា​បន្តបន្ទាប់​។ ដោយឡែក​ឯកអគ្គរដ្ឋទូត​-​ឯកអគ្គរាជទូត នៃ​ប្រទេស​ជា​មិត្ត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​ចំនួន​ទៀត ដែល​មិនមាន​ទីតាំង​ស្ថានទូត​នៅក្នុង​ទឹកដី​កម្ពុជា ស្របពេល​មានជំងឺកូ​វីដ​-១៩ មិនអាច​មកជួប​ខ្ញុំ​ផ្ទាល់​បាន ក៏បាន​ផ្ញើ​សារ និង​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​មក​សួរសុខទុក្ខ​ខ្ញុំ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com