ជាតិ
សង្គមជាតិ
នគរបាល​ជាន់ខ្ពស់​៖ ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ធ្វើ​ឲ្យ​ពលរដ្ឋ កែប្រែ​ឥរិយាបថ
11, May 2020 , 8:59 pm        
រូបភាព
នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការនគរបាលជាតិ
នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការនគរបាលជាតិ
នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ផ្នែក​ចរាចរណ៍ បានលើកឡើង​ពី​លទ្ធផល​វិជ្ជមាន​មួយចំនួន ដែល​ទទួល​ពី​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្តីពី​ផាកពិន័យ​បទល្មើស​ចរាចរណ៍​។ លោក បង្ហាញ​លទ្ធផល​វិជ្ជមាន​សំខាន់​២​យ៉ាង គឺ ទី​១ ប្រជាពលរដ្ឋ កែប្រែ​ឥរិយាបថ​ក្នុងការ​បើកបរ និង ទី​២ គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​ច្រើន​។   

 
​លោក ហ៊ឹម យ៉ាន នគរបាល​ជាន់ខ្ពស់​ម្នាក់ ដែល​ដឹកនាំ​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្តីពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍  វាយតម្លៃថា អ្នកបើកបរ​ភាគច្រើន បាន​ពាក់មួក​សុវត្ថិភាព ពាក់​ខ្សែក្រវាត់​ការពារ និង គោរព​សញ្ញា​ចរាចរណ៍​។ លោក និយាយទៀតថា ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ រូតរះ​នាំគ្នា​យក​យានយន្ត ទៅ​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស ធ្វើ​បណ្ណ​បើកបរ និង​បំពេញ​លិខិតស្នាម​ផ្សេងៗ​ដែល​ច្បាប់​តម្រូវ​។ លោក បន្ថែមថា លើសពីនេះ ប្រជាពលរដ្ឋ ព្យាយាម​ចង់ដឹង​-​ចង់​យល់​ពី​ច្បាប់​និង​បញ្ហា​ចរាចរណ៍ ដោយ​ហៅ​ទូរស័ព្ទ​ទៅ​សួរ​តាមរយៈ​លេខ ១១៧ (Hotline) និង សួរ​តាម​បណ្តាញ​សង្គម​នានា​របស់​សមត្ថ​កិច្ច​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​រឹតបន្តឹង​ចរាចរណ៍ លោក ហ៊ឹម យ៉ាន ថ្លែង​ដូច្នេះ​ថា​៖«...​អស់លោក បានឃើញ​ស្រាប់ ការធ្វើដំណើរ បាន​កែប្រែ​ឥរិយាបថ [​របស់​ប្រជាពលរដ្ឋ​]​។ ឥរិយាបថ​នេះ ជា​ឥរិយាបថ​មួយ​ថ្មី ខុសពី​ពេលមុន​»​។ លោក បន្តថា​៖«​យើង​សង្ឃឹមថា ឥទ្ធិពល​នៃ​ការ​រឹតបន្តឹង​នេះ នឹង​ទទួលបាន​នូវ​ភាព​វិជ្ជមាន តទៅ​អនាគត​យូរអង្វែង​ទៅទៀត ធ្វើ​ឲ្យ​ស្ថានភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ​»​។​
 
​បើ​ធៀប​នឹង​រយៈពេល​១​សប្តាហ៍​ដើមខែ​ឧសភា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​១​សប្តាហ៍​ដើមខែ​ឧសភា ឆ្នាំ​២០២០ បាន​ថយចុះ​ដល់​ទៅ​៥៤,៧៣​ភាគរយ ពោលគឺ  ថយ​ពី​៩៥​លើក មក​នៅសល់​ត្រឹម​៤៣​លើក ដោយ​ក្នុងនោះ អ្នកស្លាប់ ថយចុះ​ពី​៤០​នាក់ មក​នៅ​២៤​នាក់ ហើយ​អ្នករបួស ថយចុះ​ពី​១១៥​នាក់ មក​នៅ​៥៦​នាក់​។ នេះ​បើតាម​របាយការណ៍ ដែល​លោក ហ៊ឹម យ៉ាន បាន​អាន​ក្នុង​សន្និសីទ​សារព័ត៌មាន​។ 
 
​លោក ប្រាប់​អ្នកកាសែត​ថា ក្នុង​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​យ៉ាងគំហុក ដោយមាន​អ្នកស្លាប់​ដល់​ទៅ​២២០​នាក់ ហើយ​អ្នករបួស មាន​ដល់​ទៅ​ជាង​១,៣​ពាន់​នាក់​។ លោក ចាត់ទុក គ្រោះថ្នាក់​ចរាចរណ៍ ថា មាន​គ្រោះថ្នាក់ លើសពី​គ្រោះថ្នាក់​សង្គម​នានា​។ លោក អះអាងថា ដោយសារតែ​មើលឃើញ​មហន្តរាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះហើយ ទើបបានជា​រដ្ឋាភិបាល កែប្រែ​អនុក្រឹត្យ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ចាប់ពី​ឆ្នាំ​២០២០​នេះ​ទៅ​។​
 
​របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា រយៈពេល​មួយ​សប្តាហ៍​នៃ​ការអនុវត្ត​អនុ​ក្រឹ​ត​ថ្មី នគរបាល​ចរាចរណ៍ បាន​ឃាត់​យានយន្ត​ប្រមាណ​១,៤​ម៉ឺន​គ្រឿង ដោយ​ក្នុងនោះ ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត មាន​ជាង​១​ម៉ឺន​គ្រឿង ហើយ​រថយន្ត មាន​ជាង​៣​ពាន់​គ្រឿង​។ អនុក្រឹត្យ​ថ្មី​នេះ បាន​បង្កើន​ប្រាក់​ផាកពិន័យ​ពី​៣​ដល់​៥​ដង បើ​ធៀប​នឹង​ការផាកពិន័យ​កាលពីមុន​។ រដ្ឋាភិបាល ចាប់ផ្តើម​អនុវត្ត​អនុក្រឹត្យ​ថ្មី​នេះ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០៕  

Tag:
 ចរាចរណ៍​
  ហ៊ឹម យ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com