COVID-19
អន្តរជាតិ
រដ្ឋាភិបាលអាមេរិក ពិចារណាចេញជំនួយបន្ថែម ក្រោយការបាត់បង់ការងារមានសភាពអាក្រក់ខ្លាំងដោយសារCOVID-19 លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក។រូបភាពAFP
× សេតវិមានអាមេរិក បានចាប់ផ្តើមពិភាក្សាក្រៅផ្លូវការជាមួយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ដើម្បីកំណត់ជំនួយបន្ថែម ក្នុងការចេញច្បាប់ជាថ្មីម្តងទៀតដើម្បីផ្តល់ជំនួយទប់ទល់ផលប៉ះពាល់ដោយសារ COVID-19។ ការគិតគូរបែបនេះ ធ្វើឡើងខណៈមានការរំពឹងថា នឹងមានការបាត់បង់ការងារបន្ថែមទៀត នៅប៉ុន្មានខែខាងមុន។
មន្ត្រីក្នុងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងឲ្យដឹងថា លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារ និងលោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមាន បានជួបពិភាក្សាជាមួយសមាជិកសភា ទៅលើបញ្ហាជាច្រើន ដែលក្នុងនោះក៏រួមមានផងដែរការជំនួយចាំបាច់សម្រាប់រដ្ឋដែលទទួលរងការខូចខាតវិស័យហិរញ្ញវត្ថុយ៉ាងដំណំ ដោយសារជំងឺឆ្លងCOVID-19។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ចំណែកឯ ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមានម្នាក់ទៀតគឺលោក Kevin Hasset និយាយថាច្បាប់ស្តីពីជំនួយសង្គ្រោះលើកក្រោយ អាចនឹងបញ្ចូលជំនួយស្បៀងដល់អ្នកដែលរងគ្រោះអត់ឃ្លាន អំឡុងពេលបាត់បងការងារដែលប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់មនុស្សជាច្រើន។ លោកក៏បន្ថែមផងដែរថា ជំនួយថ្មីនេះក៏អាចរួមបញ្ចូលការទទួលបានអ៊ីនធឺណិតសម្រាប់អ្នកដែលខ្វះខាតផងដែរ។
ខណៈពេលដែល គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាតំណាង កំពុងរៀបចំបង្ហាញច្បាប់ជំនួយសង្គ្រោះនៅសប្តាហ៍ក្រោយ រដ្ឋការលោកប្រធានាធិបតីត្រាំឯនេះវិញ បង្ហាញសញ្ញាថាគេមិនគួរប្រញាប់ប្រញាល់អនុម័តច្បាប់ថ្មីឡើយ។ ដោយលោក Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារ និយាយថាគេគួរណាស់តែរងចាំប៉ុន្មានសប្តាហ៍ទៀត។
លោករដ្ឋមន្ត្រីបន្ថែមថា យើងចង់ច្បាស់លាស់ មុននឹងចាយលុយរបស់អ្នកបង់ពន្ធទ្រីលានដុល្លារ ហើយយើងនឹងចាយដោយប្រុងប្រយ័ត្ន។ លោកអះអាងទៀតថា ច្បាស់ណាស់ថាយើងនឹងមិនធ្វើរឿងដូចជាជួយរដ្ឋ ដែលមានការគ្រប់គ្រងអន់ឡើយ។
តាំងតែពីដើម ខែមីនាមក សភាអាមេរិកបានអនុម័តថវិកា៣ពាន់លានដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតCOVID-19 ដែលផ្តល់ប្រាក់ដល់ក្រុមហ៊ុន និងបុគ្គល ដើម្បីសម្រាលផលប៉ះពាល់សេដ្ឋកិច្ច។ ទោះជាយ៉ាងណាក្តី អត្រាអ្នកអត់ការងារធ្វើកើនដល់១៤,៧ភាគរយ ដែលជាតួរលេខដែលពុំធ្លាប់មានតាំងតែពីមានវិបត្តិសេដ្ឋកិច្ចទសវត្សរ៍ឆ្នាំ១៩៣០មក។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍CBS លោកHasset ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមាន និយាយថាចំនួនអ្នកអត់ការងារធ្វើអាចកើនឡើងដល់ខ្ទង់២០ភាគរយ ក្នុងខែឧសភាឫមិថុនា។ចំណែកឯ លោក Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារនិយាយថា អត្រាអ្នកគ្មានការងារធ្វើអាចនឹងកើនដល់២៥ភាគរយ ដោយរាប់បញ្ចូលអ្នកបាត់បង់ការងារ អ្នកមិនស្វែងរកការងារ និងអ្នកគ្មានការងារសមរម្យ៕
Tag:
សហរដ្ឋអាមេរិក
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com